ដោយ៖ វង្ស សុម៉ាលីន
ថ្ងៃសៅរ៍ ទី9 ខែវិច្ឆិកា ឆ្នាំ2013
http://vodhotnews.com
ជាយូរមកហើយ ដែលកីឡាករជើងខ្លាំងកែវ រំចង់ មកពីក្លឹបកងពលតូចអន្តរាគមន៍លេខ៨ ភ្នំទ្រព្យ មិនដែលចាញ់កីឡាករជើងខ្លាំងក្នុងស្រុកទាល់តែសោះ នៅលើសង្វៀនទូរទស្សន៍បាយ័ន។ អញ្ចឹងហើយ ទើបលទ្ធផលចាញ់កីឡាករវង្ស ណយ មកពីក្លឹបកងពលតូចលេខ៣១ ទីបញ្ជាការដ្ឋានកងទ័ពជើងទឹករបស់កីឡាកររូបនេះ កាលពីថ្ងៃសុក្រទី៨ វិច្ឆិកា នៅក្នុងស្ថាប័នទូរទស្សន៍ដដែល បានធ្វើឲ្យមហាជនភ្ញាក់ផ្អើលហួសប្រមាណ។
ការប្រកួតរវាងជើងខ្លាំងទាំងពីរនេះ ត្រូវគេចាប់អារម្មណ៍ថា មានសន្ទុះគាំទ្រ លប់ជាងការប្រកួតរវាងគូខ្មែរ និងបរទេសទៅទៀត ចាប់តាំងពីដើមទឹករហូតដល់ទីបញ្ចប់។ ក្រុមអ្នកទស្សនាស្រែកកញ្ជ្រៀវយ៉ាងកងរំពងតែម្ដង បន្ទាប់ពីឃើញវង្ស ណយ មានឱកាសវាយកែង បំបុកត្រូវកីឡាករកែវ រំចង់ ដែលអ្នកណាក៏ចាត់ទុកថា ជាស្ដេចត្រាញ់ក្នុងប្រភេទទម្ងន់៦៩ និង៧០គីឡូក្រាម នៅក្នុងប្រទេសកម្ពុជា។ ក្នុងអំឡុងទឹកដំបូង កែវ រំចង់ បង្គោលក្រហម ត្រូវគេមើលឃើញថា មានប្រៀបខ្លះៗ ប៉ុន្តែឈានដល់ទឹកទី៣ កីឡាករវង្ស ណយ បែរជាសង្គ្រប់លប់ទាំងកែង និងជង្គង់ទៅវិញ ធ្វើឲ្យអ្នកណាក៏ហើបគូទពីកៅអី ជាមួយលទ្ធផលនេះ។ កាលមិនទាន់ឡើងគីឡូ មកប្រកួតក្នុងប្រភេទទម្ងន់នេះ វង្ស ណយ ធ្វើឲ្យខ្លួនគេបាត់បង់ប្រជាប្រិយភាពច្រើនណាស់ ជាមួយនឹងលទ្ធផលចាញ់ជាប់រហូតជាមួយនឹងដៃគូ។ ការសម្រេចចិត្តដំឡើងទម្ងន់របស់គេ មានមនុស្សច្រើនណាស់អន្ទះសារចាំមើលពីលទ្ធផល ថាត្រូវប្រែប្រួល ឬត្រូវចាញ់ច្រើនជាងឈ្នះម្ដងទៀត។ អញ្ចឹងហើយ ទើបម្នាក់ៗប្រហោងពោះគ្រប់គ្នា បន្ទាប់ពីដឹងថា វង្ស ណយ ក្លាហានហ៊ានប្រកួតជាមួយកីឡាករកែវ រំចង់ ដែលមិនធ្លាប់ចាញ់សោះ ក្នុងប៉ុន្មានឆ្នាំចុងក្រោយ។
ជ័យជម្នះរបស់វង្ស ណយ បានធ្វើឲ្យកក្រើកពេញរេញអ្នកប្រដាល់តែម្ដង ដែលវាមិនត្រឹមតែជាប្រវត្តិសាស្ត្រដែលកែវ រំចង់ បាក់មុខជាលើកដំបូងប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជារឿងរសើបមួយ ចំពោះ កីឡាករជើងខ្លាំងផ្សេងទៀត ដែលធ្លាប់ចាញ់កែវ រំចង់ កន្លងមកផងដែរ។ កែវ រំចង់ បានស្ដែងចេញប្រតិកម្មភ្លាមៗ ចំពោះការកាត់សេចក្ដីដែលខ្លួនមិនដែលប្រទះ បន្ទាប់ពីឈរជើងក្នុងនាមជាកីឡាករកុងត្រាប្រចាំនៅក្នុងទូរទស្សន៍បាយ័ន ទើបគេឡើងប្រកាសសុំប្រកួតសងសឹកភ្លាមៗ ក្រោយពេលប្រកាសឲ្យចាញ់ ។ យោងតាមការប្រកួតកន្លងមក បើត្រឹមមិនធ្វើឲ្យគេសន្លប់បែបនេះ យ៉ាងច្រើន កែវ រំចង់ បានត្រឹមគេឲ្យស្មើពិន្ទុប៉ុណ្ណោះ នៅលើសង្វៀនទូរទស្សន៍បាយ័ន ទើបប្រវត្តិសាស្ត្រថ្មី ដែលកីឡាករវង្ស ណយ បានឈ្នះ កំពុងធ្វើឲ្យគេក្លាយជាមនុស្សដំបូង ដែល កែវ រំចង់ ស្គាល់ចាញ់ជាលើកដំបូង ក្នុងការប្រកួតគ្រប់លើកនៅលើសង្វៀនបាយ័ន។ ការកំណត់នេះ បង្ហាញពេញលេញនូវយុត្តិធម៌ ដើម្បីបញ្ចៀសការរិះគន់នានា ដែលធ្លាប់កើតមាននៅគ្រប់ការប្រដាល់របស់ កែវ រំចង់ ជាមួយកីឡាករក្នុងស្រុក និងក្រៅស្រុកកន្លងមក។ កីឡាករវង្ស ណយ សើចផង លោតកញ្ជ្រោលផង ខណៈដែលលទ្ធផលនេះ ក្រៅពីការចង់បានរបស់គេផ្ទាល់ ក៏ជាលទ្ធផលស្របតាមការចង់បានរបស់មហាជនទូទាំងប្រទេស។ ម្នាក់ៗនិយាយថា ប៉ុស្តិ៍បាយ័ន ទំនងជាឈប់លម្អៀងលើ កែវ រំចង់ ទៀតហើយ ទើបសម្រេចប្រគល់លទ្ធផលឈ្នះ ពិន្ទុ ឲ្យកីឡាករវង្ស ណយ មិនដូចកាលពីជ័យ កុសល ប្រកួតមុនៗ ដែលទោះវាយដោយមានប្រៀបជាងប៉ុណ្ណា ក៏បានត្រឹមស្មើពិន្ទុ។
នៅលើសង្វៀននោះដែរ កីឡាករឈិន ក្វាន់ង៉ុយ មកពីក្លឹបបម្កុដរាជសីហ៍ ដែលប្រកួតដណ្ដើមខ្សែក្រវាត់របស់ក្រុមហ៊ុនសេងហុងហេង ជាមួយកីឡាករកែវ វិរៈ មកពីក្លឹបគុជសារកីឡា បានក្លាយជាអ្នកផ្ដួលកីឡាករកែវ វិរៈដូចការគ្រោងទុក ហើយទទួលបានប្រាក់លាន៦,៥លានរៀល និងខ្សែក្រវ៉ាត់ជើងឯកមួយ។ ក្នុងនោះកីឡាករថៃ ប៊ុនហាន មកពីក្លិបបូរីនាគរាជ ក៏ទទួលបានចំណាត់ថ្នាក់លេខ៣ បន្ទាប់ពីវាយឈ្នះកីឡាករនូវ ស៊ីថា មកពីក្លិបតាឡីដំរីមានឫទ្ធិផងដែរ៕
សរសេរមកកាន់ លោក វង្ស សុម៉ាលីន តាមរយៈvongsomalin@yahoo.com
They were good fighters , both were good, I’m proud of them,
But vong nuy fight little bite better ,
They were good fighters, both we’re good, I’m proud of them,
But Vong Nuy, fight little bite better,
———
However, Vong Nuy made me disappointed last week fought with Thai (lost) ,
It was silly lost, for last round #5 , so stupid n dumb made by Vong Nuy
http://www.camnews.org/2013/11/11/%e2%80%8b%e1%9e%96%e1%9e%9b%e1%9e%9a%e1%9e%8a%e1%9f%92%e1%9e%8b%e2%80%8b%e1%9e%93%e1%9f%85%e2%80%8b%e1%9e%83%e1%9e%bb%e1%9f%86%e2%80%8b%e1%9e%96%e1%9f%92%e1%9e%9a%e1%9f%82%e1%9e%80%e2%80%8b%e1%9e%8f/