ដោយ៖ ថុល ស្រីលក្ខណ៍ និងញឹម សុខន
ថ្ងៃព្រហស្បតិ៍ ទី14 ខែវិច្ឆិកា ឆ្នាំ2013
http://vodhotnews.com
ក្រសួងការងារ និង គណៈកម្មការដោះស្រាយវិវាទគ្រប់មុខសញ្ញា ប្រកាសឲ្យដឹងថា ជំនួបស្វែងរកដំណោះស្រាយវិវាទការងារនៃរោងចក្រSL កាលពីថ្ងៃពុធ បានឯកភាពគ្នាលើ ៦ចំណុច ហើយចំណុចដែលសេសសល់នឹងបន្តពិភាក្សានៅថ្ងៃក្រោយ។
សេចក្តីប្រកាសព័ត៌របស់ក្រសួងការងារចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ ឲ្យដឹងថា កាលពីថ្ងៃទី១៣ ខែវិច្ឆិកា តំណាងរោងចក្រ តំណាងសហជីព ក្រសួងការងារ និងម្ចាស់បញ្ជាទិញ បានព្រមព្រាងគ្នាចំនួន៦ចំណុច រួមមាន ករណីដកលោក មាស សុខា ចេញពីរោងចក្រ ដោយក្រសួងការងារនឹងបន្តជំរុញឲ្យពិភាក្សាធ្វើលិខិតជាលាយល័ក្ខអក្សរលាលែងនៅពេលក្រោយ ,រក្សាទុកកម្លាំងសមត្ថកិច្ចនៅក្នុងរោងចក្រដដែល រហូតដល់មានការដោះស្រាយចប់សព្វគ្រប់ ក្រុមហ៊ុនសន្យាធ្វើការ៣វេនឡើងវិញ, ការដកពាក្យបណ្តឹងពីតុលាការ ក្រសួងការងារស្នើសុំឲ្យភាគីផ្អាកការប្តឹងផ្តល់គ្នា និងភាគីថៅកែរោងចក្រសុខចិត្តបើកប្រាក់ឈ្នួល៥០ភាគរយចំនួន៣ខែអំឡុងពេលធ្វើកូដកម្ម។ ប៉ុន្តែថៅកែ បានច្រានចោលការទាមទារឲ្យទទួលយកតំណាងកម្មករចំនួន១៩នាក់ចូលធ្វើការវិញ។
សេចក្តីថ្លែងប្រកាសព័ត៌មានបន្តថា ចំណុចដែលនៅសល់នឹងលើកយកទៅពិភាក្សារកដំណោះស្រាយនៅពេលក្រោយ។ ការបើកកិច្ចពិភាក្សាបន្ទាន់នេះធ្វើឡើងបន្ទាប់ពីបាតុកម្មដោយហិង្សាមួយបានផ្ទុះឡើងនៅស្ពានស្ទឹងមានជ័យ ដោយកម្លាំងសមត្ថកិច្ចបានផ្ទុះអាវុធ ធ្វើឲ្យស្ត្រីអ្នកលក់បាយម្នាក់ស្លាប់ ៨នាក់របួស និងជាង៣០នាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីក្រុមកម្មករព្យាយាមស្វែងរកអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនជាលើកទី២។
អនុប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា លោក គង់ អាទិត្យ បានឲ្យដឹងនៅរសៀលថ្ងៃនេះថា ភាគីកម្មករ និងសហជីព មិនទាន់ទទួលយកការសម្រេចនេះទេ ដោយសារចំណុចសំខាន់ដែលកម្មករទាមទារឲ្យទទួលយកតំណាងរបស់ពួកគេចំនួន១៩នាក់ឲ្យចូលធ្វើការត្រូវបានថៅកែទាត់ចោល។ កម្មករគំរាមថា បើការដោះស្រាយនៅពេលនេះមិនអាចទម្លាយភាពទ័លច្រកបានទេ បាតុកម្មថ្មីទៀតនឹងអាចផ្ទុះឡើងដោយមានមនុស្សជាង១ម៉ឺននាក់ចូលរួម៕
សរសេរមកកាន់កញ្ញា ថុល ស្រីលក្ខណ៍ តាមរយៈsreyleak@vodhotnews.com