អ្នកភូមិ​ឡ​​ពាង​​ចំនួន​​៥២​​គ្រួសារ​​គ្រោង​ឡើង​មក​រាជធានី​ភ្នំពេញ​ ​ទាមទារ​ឲ្យ​ដោះលែង​តំណាង​ពួកគាត់​​

ដោយ៖​ ថុល ស្រីលក្ខណ៍​
ថ្ងៃអាទិត្យ ទី17 ខែវិច្ឆិកា ឆ្នាំ2013
http://vodhotnews.com

​អ្នកភូមិ​ឡ​ពាង​៥២​គ្រួសារ នៅ​ឃុំ​តា​ជេស ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង គ្រោង​នាំគ្នា​មក​តវ៉ា​នៅ​ក្រសួង​យុតិ្ត​ធម៌ និង​សាលាឧទ្ធរណ៍ ជា​ថ្មី​​ទៀត​​នៅ​ថ្ងៃ​​ពុធ​​សប្តាហ៍​​នេះ ទាមទារ​​ឲ្យ​ដោះលែង​​តំណាង​​របស់​​ពួកគេ ដែល​តុលា​ការឃុំខ្លួន​រយៈ​ពេល​៦​ឆ្នាំ​ឲ្យមាន​សេរីភាព​ឡើងវិញ​។​

ការគ្រោង​ឡើងមក​តវ៉ា​របស់​​ប្រជាជន​នៅពេលនេះ ធ្វើឡើង​បន្ទាប់​ពី តំណាង​​របស់​​គាត់ លោក ស សុង ត្រូវបាន​តុលាការ​ផ្តន្ទាទោស​ដាក់​ពន្ធនាគា​រ​ចំនួន​​៦​ឆ្នាំ តាំងពី​ឆ្នាំ​២០០៧ ហើយ​​ត្រូវ​ដោះលែង​វិញ​នៅ​ថ្ងៃ​ទី​២២​​ខែ​វិច្ឆិកា​ខាង​មុខ​នេះ តែ​មន្ត្រី​ពន្ធនាគារ​​ប្រាប់ថា តំណាង​រូបនោះ​ត្រូវ​បន្ត​ឃុំខ្លួន​រយៈ​ពេល​​១៨​​ខែ​​បន្ថែម​ទៀត​។​

ប្រពន្ធ​លោក ស សុង អ្នក​ស្រី ឈិត ខន វ័យ ៥៥​​ឆ្នាំ ប្រាប់​VOD នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ​ថា ប្តី​របស់​គាត់​បាន​​អនុវត្ត​ទោស​គ្រប់​៦​ឆ្នាំ តាម​ការសម្រេច​របស់​សាលា​ឧទ្ធរណ៍​រួចហើយ មិន​​គួរ​​បន្ត​​ឃុំខ្លួន​​គាត់​ ​១៨​ខែ​ទៀត​នោះទេ​។

អ្នកស្រី អ៊ុំ សុ​ភី អះអាង​ជា​តំណាង​អ្នក​ភូមិ​ឡ​ពាង បានឲ្យ​VOD ដឹង​នៅ​ថ្ងៃនេះ​ដែរ​​ថា អ្នកភូមិ​ឡ​ពាង​ទាំងអស់ គ្រោង​នាំគ្នា​ទៅ​តវ៉ា​នៅ​មុខ​ក្រសួង​យុតិ្ត​ធម៌ និង​​សាលាឧទ្ធរណ៍ ឲ្យ​ដោះលែង លោក ស សុង ឲ្យមាន​​សេរីភាព​​ឡើងវិញ នៅ​ថ្ងៃ​ពុធ ទី​​២០ ខែ​វិច្ឆិកា​​ ខាង​មុខ​នេះ​។ អ្នកស្រី​ថា តំណាង​របស់​​ពួក គាត់​​មិន​​បាន​ប្រព្រឹត្ត ដូច​ការ ចោទ កាន់​នោះទេ គឺ​គ្រាន់តែ​ចេញ​មុខ​ការពារ​ដីធ្លី​​នៅក្នុង​ភូមិ​តែ​ប៉ុណ្ណោះ តែ​តុលាការ​​បែ​រជា​​ផ្តន្ទា​ទោស​ដោយ​អ​យុតិ្ត​ធម៌​ទៅ​​វិញ​។

​នៅ​ថ្ងៃនេះ​VOD មិនអាច​សុំ​ការអធិប្បាយ​ពី​មន្ត្រី​សាលា​ឧទ្ធរណ៍ និង លោក សំ ប្រជាមានិត អគ្គ​នាយក​រង​រដ្ឋបាល​នៃ​ក្រសួង​យុតិ្ត​ធម៌ បាន​នៅឡើយ​ទេ​។​

តំណាង​អ្នក​ភូមិ​ឡ​ពាង លោក ស សុង ត្រូវបាន​តុលាកា​ខេត្ត​កំពង់ឆ្នាំង​ ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​រយៈពេល​ជាង​១១​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ៥​លាន​រៀល ពី​​បទ​ប៉ុនប៉ង​មនុស្សឃាត និង​រំលោភ​យក​ដី​កម្មសិទ្ធិ​ឯកជន តែ​ក្រោយមក​សាលា​ឧទ​រណ៍​បើក​សវនាការ​ឡើងវិញ ដោយ​បន្ថយទោស​ត្រឹម​៦​ឆ្នាំ និង​​ពិន័យ​ជា​ប្រាក់​១​លាន​រៀល​។

​សង្គម​ស៊ីវិល​លើកឡើងថា និទណ្ឌភាព​នៅ​កម្ពុជា​នៅ​តែ​កើត​មាន ដោយសារ​​សកម្មជន​​ដីធ្លី ត្រូវបាន​តុលាកា​ផ្ទន្ទាទោស​ដាក់ពន្ធនាគា ដោយឡែក​ករណី​​លោក ឈូក បណ្ឌិត ដែល​បាញ់​កម្ម​ការ​នី​៣​នាក់​​ឲ្យ​រងរបួស​នៅ​ក្រុង​បាវិត ខេត្ត​ស្វាយ​រៀង បន្ត​ស្ថិតនៅ​ក្រៅ​ឃុំ​នៅ​ឡើយ​។​

​ទំនាស់​ដីធ្លី​ទំហំ​១៤៥​ហិកតា ​រវាង​អ្នកភូមិ​ឡ​ពាង​ជាង​៥០​​គ្រួសារ និង​​ក្រុម​ហ៊ុន KDC របស់លោក​ស្រី ​ជា ​ខេង ភរិយា​អតីត​រដ្ឋ​ម​មន្ត្រី​ក្រសួង​​ឧស្សាហ​កម្ម​រ៉ែ និង​​ថាមពល ​លោក សុ​យ សែម នៅ​ស្រុក​កំពង់​ត្រឡាច ខេត្ត​កំពង់ឆ្នាំង នេះ​អូសបន្លាយ​ជាង​​១០​ឆ្នាំ​មកហើយ​។ រហូតមកដល់​ពេលនេះ ​ប្រជា​ពលរដ្ឋ​​កំ​ពុង​​ប្រឈម​​នឹង​ការ​ដាច់​ស្បៀង និង​អ្នកភូមិ​ខ្លះ​ទៀត​ជាប់ពន្ធនាគារ​៕

សរសេរមកកាន់អ្នកនាង ថុល ស្រី​លក្ខណ៍​ តាមរយៈ sreyleak@vodhotnews.com

What Next?

Recent Articles