ដោយ៖ សុទ្ធ គឹមសឿន
ថ្ងៃពុធ ទី20 ខែវិច្ឆិកា ឆ្នាំ2013
http://vodhotnews.com
កម្មករប្រមាណជា៥០០នាក់ នៅរោងចក្រកាត់ដេរសម្លៀកបំពាក់SL ដែលមានទីតាំងក្នុងសង្កាត់ បឹងទំពុន ខណ្ឌមានជ័យ នៅព្រឹកថ្ងៃពុធនេះ បន្ដកូដកម្មមុខរោងចក្រ និងបិទផ្លូវជាតិលេខ៣៧១ ដោយទាមទារឲ្យថៅកែរោងចក្រទទួលយកសកម្មជនសម្ព័ន្ធសហជីពស៊ីខៅឌូចំនួន១៩នាក់ ចូលធ្វើការវិញ។
កម្មកររោងចក្រSLម្នាក់ លោក សូ វណ្ណា ប្រាប់VODថា កម្មករដែលចូលរួមតវ៉ា នៅតែបន្ដទាមទាឲ្យ រោងចក្រ ដកលោក មាស សុថា ពីការងារ និងដកពាក្យបណ្ដឹងប្ដឹងសហជីពស៊ីខៅឌូពីតុលាការ និងមិនកាត់ ប្រាក់ខែអំឡុងពេលធ្វើកូដកម្មរយៈពេលបីខែនេះ។ លោកបន្តថា រោងចក្រ មិនទាន់ដកលោក មាស សុថា នៅឡើយទេ ហើយប្រាក់ខែអំឡុងពេលធ្វើបាតុកម្ម ពួកគេក៏មិនទាន់បានទទួលដែរ។
កន្លងទៅ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឲ្យដោះស្រាយបញ្ចប់ជម្លោះនៅរោងចក្រSL រួមមាន បញ្ជាក្រុមហ៊ុនទទួលយកតំណាងកម្មករ ១៩នាក់ ឲ្យចូលធ្វើការវិញ។
ក្រសួងការងារ និង គណៈកម្មការដោះស្រាយវិវាទគ្រប់មុខសញ្ញា ប្រកាសឲ្យដឹងថា ជំនួបស្វែងរកដំណោះស្រាយវិវាទការងារនៃរោងចក្រSL កាលពីថ្ងៃពុធ បានឯកភាពគ្នាលើ ៦ចំណុច ហើយចំណុចដែលសេសសល់នឹងបន្តពិភាក្សានៅថ្ងៃក្រោយ។
វិវាទការងារនៅរោងចក្រSLនេះ បានអូសបន្លាយជាង៣ខែមកហើយ រហូតផ្ទុះកុប្បកម្មមួយ នៅស្ពានស្ទឹងមានជ័យ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៣ បណ្តាលឲ្យរថយន្ត មួយគ្រឿង និងម៉ូតូពីរគ្រឿងរបស់សមត្ថកិច្ច ត្រូវបានដុតបំផ្លាញ។ ចំណែកនគរបាលមួយចំនួន បានរងរបួសដោយដំថ្ម ហើយបានប្រើអាវុធបាញ់បង្ក្រាបក្រុមអ្នកតវ៉ា ធ្វើឲ្យស្ត្រីអ្នកលក់បាយម្នាក់ស្លាប់ ៨នាក់របួស និងជាង៣០នាក់ត្រូវបានចាប់ខ្លួន នៅពេលសមត្ថកិច្ចរារាំងក្រុមកម្មករ មិនឲ្យស្វែងរកអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាលើកទី២។
បន្ទាប់ពីហិង្សាកើតឡើងនៅស្ពានស្ទឹងមានជ័យ តំណាងរោងចក្រ តំណាងសហជីព ក្រសួងការងារ និងម្ចាស់បញ្ជាទិញ បានព្រមព្រាងគ្នាចំនួន៦ចំណុច រួមមាន ករណីដកលោក មាស សុខា ចេញពីរោងចក្រ ដោយក្រសួងការងារនឹងបន្តជំរុញឲ្យពិភាក្សាធ្វើលិខិតជាលាយល័ក្ខអក្សរ លាលែងនៅពេលក្រោយ ,រក្សាទុកកម្លាំងសមត្ថកិច្ចនៅក្នុងរោងចក្រដដែល រហូតដល់មានការដោះស្រាយចប់សព្វគ្រប់ ក្រុមហ៊ុនសន្យាធ្វើការ៣វេនឡើងវិញ, ការដកពាក្យបណ្តឹងពីតុលាការ ក្រសួងការងារស្នើសុំឲ្យភាគីផ្អាកការប្តឹងផ្តល់គ្នា និងភាគីថៅកែរោងចក្រសុខចិត្តបើកប្រាក់ឈ្នួល៥០ភាគរយចំនួន៣ខែអំឡុង ពេលធ្វើកូដកម្ម។ ប៉ុន្តែថៅកែ បានច្រានចោលការទាមទារឲ្យទទួលយកតំណាងកម្មករចំនួន១៩នាក់ចូល ធ្វើការវិញ៕
សរសេរមកកាន់លោក សុទ្ធ គឹមសឿន តាមរយៈ keomsoeunsoth@gmail.com