ពលរដ្ឋ​កម្ពុជា​៣​នាក់ ត្រូវបាន​អាជ្ញាធរ​ថៃ បាញ់សម្លាប់ ករណី​កាប់​ឈើ​ខុសច្បាប់​​

ដោយ៖​ ស៊ុន ណារិន​
ថ្ងៃពុធ ទី20 ខែវិច្ឆិកា ឆ្នាំ2013
http://vodhotnews.com

​កាសែត​បាងកក​ប៉ុស្តិ៍ ចុះផ្សាយ​នៅ​ថ្ងៃ​ពុធ​នេះ​ថា អាជ្ញាធរ​ថៃ បាន​បាញ់សម្លាប់​ពលរដ្ឋ​ខ្មែរ​បីនាក់ ក្នុង​ករណី​កាប់​ឈើ​ខុស​ច្បាប់​​ក្នុង​ខេត្ត​ស៊ីសាកេត​របស់​ថៃ​។​

​កាសែត​បាងកក​ប៉ុស្តិ៍ រាយការណ៍​ថា អ្នក​កាប់​ឈើ​ខុសច្បាប់​បីនាក់ មក​ពី​កម្ពុជា ត្រូវបាន​បាញ់សម្លាប់​ក្នុង​ជម្លោះ​ជាមួយ​មន្ត្រី​ព្រៃឈើ កាលពី​ថ្ងៃ​អង្គារ ទី​១៩​ខែវិច្ឆិកា​។ កាសែត​បន្តថា ខណៈ​មន្ត្រី​ព្រៃឈើ​ថៃ កំពុងតែ​ត្រួតពិនិត្យ​ព្រៃឈើ​នៅ​តាម​ព្រំដែន​ថៃ​-​កម្ពុជា ក្នុងស្រុក​Kantharalak នៅ​ម៉ោង​៣​ទៀប​ភ្លឺ  ពួកគេ បាន​ប្រទះឃើញ​មនុស្ស​៣​នាក់ ដែល​សង្ស័យ​ថា​កាប់​ឈើ​ខុសច្បាប់​។ កាសែត​ថៃ ឲ្យដឹងទៀតថា បន្ទាប់​ពី​ការបាញ់ប្រហារ​ក្នុងព្រៃ ជនជាតិ​កម្ពុជា​៣​នាក់ ត្រូវបាន​ប្រទះឃើញ​ថា​ស្លាប់​។​សាកសព​ជនជាតិ​កម្ពុជា ៣​នាក់​នោះ គ្រោង​នឹង​ត្រូវ​បញ្ជូន​មក​កម្ពុជា​វិញ​។​

​កាលពី​ខែ​ធ្នូ ឆ្នាំ​២០១២ នៅក្នុង​ទីក្រុង​បាងកក ប្រទេស​កម្ពុជា និង​ថៃ បាន​ឯកភាពគ្នា នឹង​ធ្វើ​ការតាមដាន​លើ​ការអនុវត្ត​ជាក់ស្តែង​តាម​កំណត់ហេតុ​នៃ​កិច្ចប្រជុំ គណៈកម្មាធិការ​ចម្រុះ​កម្ពុជា មានដូចជា ការទប់ស្កាត់​មិន​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ចូល​កាប់​ឈើ​ក្រញូង​ខុសច្បាប់ នៅក្នុង​ទឹកដី​ថៃ និង​ហាម​កុំ​ឲ្យ​ភាគី​ថៃ បាញ់សម្លាប់​ប្រជាពលរដ្ឋ​ខ្មែរ ចូល​ក្នុង​ទឹកដី​ថៃ ខុសច្បាប់​តទៅទៀត​៕

​សរសេរ​មកកាន់ លោក ស៊ុន ណារិន តាមរយៈ​sun_narin@vodhotnews.com

What Next?

Recent Articles