ដោយ៖ ឡាយ សាមាន
ថ្ងៃពុធ ទី20 ខែវិច្ឆិកា ឆ្នាំ2013
http://vodhotnews.com
កម្មកររោងចក្រអាលីម ស្ថិតនៅភូមិត្រពាំងខ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ នៅថ្ងៃពុធនេះ ព្រមានហែញ្ញតិ្តទៅផ្ទះនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅពេលខាងមុខ ប្រសិនបើសាលារាជធានីមិនដោះស្រាយបញ្ហាជូនកម្មករ។
នៅព្រឹកថ្ងៃពុធនេះ កម្មករជាង១០០នាក់ បានប្រមូលផ្តុំគ្នានៅខាងមុខសាលារាជធានីភ្នំពេញ ដើម្បីសុំដំណោះស្រាយរឿងការងារ។មន្ត្រីសាលារាជធានីភ្នំពេញ បានហៅតំណាងពួកគេ៥នាក់ ចូលជួបចរចា ពេលដែលកម្មករ បានមកដល់សាលារាជធានីភ្នំពេញភ្លាមៗ។
លោក យ៉ាំ ថៃសាន មន្ត្រីផ្នែកច្បាប់នៃសម្ព័ន្ធសហជីពចលនាកម្មករ ប្រាប់អ្នកសារព័ត៌មានថា បើទោះបីជាសាលារាជធានី បានទទួលញាតិពួកគាត់ក៏ដោយ ប៉ុន្តែប្រសិនបើបញ្ហាការងារនៅរោងចក្រ មិនត្រូវបានដោះស្រាយ កម្មករនឹងហែញ្ញតិ្តទៅផ្ទះនាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោកបន្តថា កម្មកររោងចក្រអាលីម បានធ្វើកូដកម្មតាំងពីថ្ងៃ១១ខែវិច្ឆិកា មកម្ល៉េះ ប៉ុន្តែពុំមានអាជ្ញាធរ ដោះស្រាយ ហើយបែរជាតុលាការ ចេញលិខិតឲ្យកម្មកររក្សាភាពស្ងៀមស្ងៀម និងឲ្យចូលធ្វើការងារធម្មតា។
កម្មករ ទាមទារលក្ខណ្ឌការងារ៩ ចំណុច រួមមានសុំឲ្យដកប្រធានរដ្ឋបាលរោងចក្រ,ដកប្រធានផ្នែកគ្រប់គ្រង កាត់ដេរ២នាក់, ដកអ្នកគ្រប់គ្រងរោងចក្រឈ្មោះ ប៉ាក់ ដែលជាជនជាតិកូរ៉េ, សុំលុយបាយបន្ថែម២០០០រៀល, សុំលុយបាយថ្ងៃត្រង់៤០០០រៀល,ផ្តល់ប្រាក់ឈ្នួលស្មើគ្នា រវាងកម្មករចាស់ និងកម្មករថ្មី, សុំឲ្យបើកប្រាក់ឈ្នួលឲ្យបានមុនម៉ោង៤ រសៀល, សុំឲ្យក្រុមហ៊ុនបឈ្ឃប់បង្ខំកម្មករឲ្យធ្វើការបន្ថែមម៉ោង, និងសុំឲ្យក្រុមហ៊នរក្សាលុយថ្ងៃ និងលុយរង្វាន់អំឡុងធ្វើកូដកម្មជាដើម៕
សរសេរមកកាន់ លោក ឡាយ សាមាន តាមរយៈlaysamean168@yahoo.com