ដោយ៖ តាំង វីដា និង ដួង សុខា
ថ្ងៃសុក្រ ទី22 ខែវិច្ឆិកា ឆ្នាំ2013
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
អ្នកស្រី យ៉ោម បុប្ផា ត្រូវបានដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្ន បន្ទាប់ពីសវនាការនៅព្រឹកនេះ (រូបថត តាំង វីដា)
សង្គមស៊ីវិល លើកឡើងថា ការសម្រេចរបស់តុលាការកំពូល នៅថ្ងៃសុក្រនេះ ឲ្យអ្នកស្រី យ៉ោម បុប្ផា នៅក្រៅឃុំបណ្តោះអាសន្ន និងបង្វិលសំណុំរឿងឲ្យសាលាឧទ្ធរណ៍ស៊ើបអង្កេតទ្បើងវិញ គឺជាសញ្ញាណវិជ្ជមានមួយ ឈានទៅរកការលើកលែងបទចោទប្រកាន់។
សកម្មជនដីធ្លីនៅតំបន់បឹងកក់ អ្នកស្រី យ៉ោម បុប្ផា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១២ និងត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសដាក់ពន្ធនាគារ៣ឆ្នាំ និងពិន័យជាប្រាក់សរុប៦០លានរៀល ពីបទប្រើហិង្សាដោយចេតនា វាយអ្នករត់ម៉ូតូឌុបពីរនាក់ឲ្យរងរបួស។ ក្រោយមកសាលាឧទ្ធរណ៍បានប្តូរបទចោទ ទៅជាបទផ្តួចផ្តើមឲ្យមានហិង្សាដោយចេតនាវិញ បន្ទាប់ពីរកមិនឃើញកំហុស និងសម្រេចឲ្យទទួលទោស២ឆ្នាំ ដោយព្យួរទោសមួយឆ្នាំ និងពិន័យជាប្រាក់ ២០លានរៀល។
ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក អ៊ូ វីរៈ យល់ថា ទោះបីតុលាការមិនទាន់ផ្តល់យុត្តិធម៌ពេញលេញដល់អ្នកស្រី យ៉ោម បុប្ផា ក្តី តែលោកមានសុទិដ្ឋិនិយមថា សេចក្តីសម្រេចរបស់តុលាការកំពូល គឺជាសញ្ញាណមួយឈានទៅរកការលើកលែងបទចោទ ដោយសាររកមិនឃើញកំហុស ៖ "អ្នកស្រីយ៉ោម បុប្ផា មិនគួរត្រូវបានជាប់ពន្ធនាគារទាល់តែសោះ ហើយយើងសង្ឃឹមនិងយល់ថា វាគួរតែអញ្ចឹង វាគួរតែអញ្ចឹងយូរណាស់ហើយ ហើយបើសិនជាយើងជំរុញខ្លាំង ខ្ញុំសង្ឃឹមថា សាលាឧទ្ធរណ៍នឹងអាចរកយុត្តិធម៌ជូនលោកស្រីបាន"។
អ្នកគ្រប់គ្រងបច្ចេកទេសឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត យល់ថា សេចក្តីសម្រេចរបស់តុលាការកំពូល ដោយផ្អែកលើច្បាប់ជាតិ និងអន្តរជាតិ ពិតជាបង្ហាញថា សាលាឧទ្ធរណ៍ មិនមានហេតុផលគ្រប់គ្រាន់ និងសំអាងត្រឹមត្រូវ ក្នុងការកាត់សេចក្តី។ លោកចាត់ទុកថា ការបង្វិលសំណុំរឿង ទៅកាន់សាលាឧទ្ធរណ៍វិញ គ្រាន់តែជាការច្រានចោលទំនួលខុសត្រូវដាក់គ្នា ក្នុងប្រព័ន្ធតុលាការ ៖ "អញ្ចឹងយើងគិតថា បើហេតុផលមិនច្បាស់លាស់ មិនមានសំអាងហេតុច្បាស់លាស់ ហេតុអីក៏មិនលើកលែងការចោទប្រកាន់ទៅ ចាំបាច់យើងបង្វិលទៅវិញ ឲ្យធ្វើការជំនុំជម្រះឡើងវិញធ្វើអី អានេះយើងគិតថា យុត្តិធម៌យើងបានមួយចំណែកតូច ប៉ុន្តែអ្នកស្រីយ៉ោម បុប្ផា និងប្តីហ្នឹង គាត់នៅតែមានបណ្តឹងនៅតុលាការ ហើយស្ថិតនៅក្នុងភាពភ័យខ្លាចដដែល"។
អនុប្រធានផ្នែកស៊ើបអង្កេតនៃសមាគមអាដហុក(ADHOC) លោក ចាន់ សុវ៉េត យល់ថា នេះជាសញ្ញាណវិជ្ជមាន ប៉ុន្តែហេតុផលដែលបង្ហាញថា សាលាឧទ្ធរណ៍រកមិនមានភស្តុតាង និងសំអាងហេតុគ្រប់គ្រាន់ សម្រាប់ចោទប្រកាន់នោះ គឺតុលាការកំពូលគប្បីសម្រេចដោយឆន្ទានុសិទ្ធិរបស់ខ្លួន លើកលែងបទចោទ មិនគួរបង្វិលសំណុំរឿងទៅសាលាឧទ្ធរណ៍ទេ ៖ "ហើយនៅពេលតុលាការកំពូល ដឹងអំពីបញ្ហាហ្នឹងហើយ បែរជាគ្រាន់តែដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្ន អត់បានធ្វើតាមឆន្ទានុសិទ្ធិរបស់ខ្លួនពិតប្រាកដ បើគ្មានទោសទេត្រូវតែដោះលែងដោយគ្មានលក្ខខណ្ឌ ព្រោះនៅក្រៅឃុំនេះ ហេតុផលគឺបញ្ជាក់ថា គាត់នៅតែមានទោស ស្រួលមិនស្រួលវាមានឧទាហរណ៍ស្រាប់ ឧទាហរណ៍ដូចជាលោកប៊ន សំណាង និងសុខ សំអឿន នៅពេលតុលាការកំពូលដោះលែងឲ្យនៅក្រៅឃុំ បង្វិលរឿងទៅសាលាឧទ្ធរណ៍ សាលាឧទ្ធរណ៍កាត់ជំនុំជម្រះ ចាប់គាត់ដាក់គុកដដែលវិញ"។
គណនេយ្យហ្វេសប៊ុកមួយដែលដាក់ឈ្មោះ និងរូបភាពលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បញ្ចេញយោបល់ស្វាគមន៍ចំពោះតុលាការកំពូលដែលបានពិនិត្យដោះស្រាយ និងផ្តល់យុត្តិធម៌ជូនអ្នកស្រី យ៉ោម បុប្ផាដែរ៕
សរសេរមកកាន់លោក តាំង វីដា តាមរយៈ vida@vodhotnews.com