បច្ចុប្បន្ន ប្រជាពលរដ្ឋខ្មែរនៅខេត្តឧត្តរមានជ័យ ខ្លះ និងមកពីបណ្ដាខេត្តផ្សេងទៀតខ្លះ នៅតែបន្តឆ្លងដែនចូលទៅកាប់ឈើគ្រញូងខុសច្បាប់ក្នុងទឹកដីថៃ។ ការឆ្លងដែនទៅកាប់ឈើគ្រញូងក្នុងទឹកដីថៃ តាមច្រកព្រំដែននៃក្រុងសំរោង និងច្រកមួយចំនួនទៀតនាស្រុកត្រពាំងប្រាសាទ គឺនៅតែបង្កគ្រោះថ្នាក់ឱ្យប្រជាពលរដ្ឋខ្មែរខ្លះស្លាប់ ខ្លះរងរបួស និងមួយចំនួនទៀតត្រូវទាហានថៃ ចាប់ខ្លួនយកទៅកាត់ទោសជាដើម។
ដោយ ហង្ស សាវយុត
2013-11-23
RFA
ប្រភពពីមន្ត្រីការងារព្រំដែនខ្មែរនៃខេត្តឧត្តរមានជ័យ បានឱ្យដឹងថា ទាហានការពារព្រំដែនថៃ នៃខេត្តស៊ីសាកេត បានបាញ់សម្លាប់ប្រជាពលរដ្ឋខ្មែរចំនួន ៣នាក់ ដែលឆ្លងដែនទៅកាប់ឈើគ្រញូងខុសច្បាប់។
មន្ត្រីក្រុមការងារទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ ប្រចាំច្រកជាំសាង៉ាំ ស្រុកអន្លង់វែង មួយរូប ដែលសុំមិនបញ្ចេញឈ្មោះ។ លោកបានមានប្រសាសន៍កាលពីរសៀលថ្ងៃសៅរ៍ ទី២៣ ខែកញ្ញា ថា លោកបានជូនប្រជាពលរដ្ឋចំនួន ៣គ្រួសារ ដើម្បីទៅស្វែងរកសាច់ញាតិដែលបាត់ខ្លួនដោយសារទាហានថៃ បាញ់។
មន្ត្រីដដែលបានបញ្ជាក់ថា កាលពីថ្ងៃទី២១ ខែវិច្ឆិកា គឺក្រុមគ្រួសារទាំង៣ បានរកឃើញសាច់ញាតិរបស់គេ ប៉ុន្តែបានស្លាប់ទៅហើយ។ សាកសពប្រជាពលរដ្ឋខ្មែរ ២នាក់ ជាអ្នកខេត្តកំពង់ស្ពឺ និងម្នាក់ទៀតជាអ្នកភូមិទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ នោះ ត្រូវមន្ទីរពេទ្យថៃ កំពុងតម្កល់ទុក៖ «សពហ្នឹងបញ្ជូនដាក់នៅពេទ្យស៊ីសាកេត ហើយយើងកំពុងតែសុំគេ។ ឥឡូវយើងបំពេញបែបបទ គឺយើងបញ្ជាក់ពីភូមិ ឃុំ ថាប្រជាពលរដ្ឋពិតជានៅហ្នឹងភូមិ ឃុំហ្នឹងមែន»។
មន្ត្រីទំនាក់ទំនងព្រំដែនខ្មែរ-ថៃ បានបញ្ជាក់ថា បើតាមព័ត៌មាន គឺប្រជាពលរដ្ឋខ្មែរទាំង ៣នាក់នោះ ត្រូវទាហានថៃ បាញ់សម្លាប់កាលពីថ្ងៃទី១៩ ខែវិច្ឆិកា នៅពេលដែលឆ្លងដែនទៅកាប់ឈើគ្រញូងខុសច្បាប់ក្នុងទឹកដីថៃ ជាប់ភូមិសាស្ត្រច្រកជប់រុន របស់ខ្មែរ។
បើទោះបីជាមានអ្នកស្លាប់ និងរបួសជាហូរហែដោយសារការឆ្លងដែនទៅកាប់ឈើគ្រញូងខុសច្បាប់ក្នុងទឹកដីថៃ ក៏ដោយ ក៏បច្ចុប្បន្ន ប្រជាពលរដ្ឋខ្មែរជាច្រើននៅតែបន្តនាំគ្នាឆ្លងដែនដដែល។
ប្រជាពលរដ្ឋម្នាក់រស់នៅសង្កាត់បន្សាយរក្ស ក្រុងសំរោង បានមានប្រសាសន៍ថា បច្ចុប្បន្នប្រជាពលរដ្ឋជាច្រើននៅតែនាំគ្នាឆ្លងដែនទៅកាប់ឈើគ្រញូងក្នុងទឹកដីថៃ យកមកលក់ដូរឱ្យក្រុមឈ្មួញ។ មានច្រករបៀងព្រំដែនជាច្រើនកន្លែងនៃក្រុងសំរោង ត្រូវទាហានការពារព្រំដែនខ្មែរ បើកឱ្យប្រជាពលរដ្ឋឆ្លងដែនដោយគ្រាន់តែផ្ដល់កម្រៃខ្លះៗទៅឱ្យពួកគេប៉ុណ្ណោះ៖ «និយាយឱ្យចំទៅ ចាប់ពីអូរទុកចោល ប្រាសាទខ្នារ រហូតទៅដល់ភ្នំបាក់ភ្នំអី គឺប្រជាពលរដ្ឋនៅតាមព្រំដែន គាត់ឡើងទៅសឹងតែរាល់ថ្ងៃ ទៅ១ខ្សែៗមានតែ ១០០នាក់។ មនុស្សទៅរកដោយសារទាហានបើកច្រកឱ្យរក បានទាំងទាហាន បានទាំងអ្នកទៅលីផង។ បើទាហានបិទ ក៏អ្នកស្រុកមិនអាចទៅរកបាន»។
លោក ស ថាវី បានប្ដេជ្ញាចិត្តចំនួនពីរលើកមកហើយ ថានឹងទប់ស្កាត់សកម្មភាពឆ្លងដែនទៅកាប់ឈើខុសច្បាប់ក្នុងទឹកដីថៃ នេះ ឱ្យបានចាប់តាំងពីលោកបានឡើងកាន់តំណែងជាអភិបាលខេត្តឧត្តរមានជ័យ រយៈពេលប្រមាណ ៦ខែមកនេះ។ ក៏ប៉ុន្តែ រហូតមកដល់ពេលនេះ គឺមិនខុសពី ៣-៤ឆ្នាំមុនដែរ គឺសកម្មភាពឆ្លងដែនទៅកាប់ឈើគ្រញូងខុសច្បាប់ក្នុងទឹកដីថៃ នៅតែមិនទាន់អាចទប់ស្កាត់បាននៅឡើយ។
កាលពីថ្ងៃទី២១ ខែកក្កដា កន្លងទៅ ប្រជាពលរដ្ឋខ្មែរនៅស្រុកអន្លង់វែង និងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ចំនួន ៤នាក់ស្លាប់ និង ២នាក់ផ្សេងទៀតរងរបួស ដោយសារទាហានថៃ បាញ់រះនៅកន្លែង ២ផ្សេងគ្នាក្នុងពេលឆ្លងដែនទៅកាប់ឈើគ្រញូងក្នុងទឹកដីថៃ ហើយកាលពីថ្ងៃទី២៤ ខែសីហា កន្លងទៅ អាជ្ញាធរថៃ ខេត្តស៊ីសាកេត បានប្រគល់ប្រជាពលរដ្ឋខ្មែរចំនួន ៤នាក់ មកឱ្យអាជ្ញាធរខ្មែរខេត្តឧត្តរមានជ័យ វិញ បន្ទាប់ពីប្រជាពលរដ្ឋខ្មែរទាំងនោះត្រូវអាជ្ញាធរថៃ ស្រុកកាន់ថារៈឡាក់ ចាប់ខ្លួនជាយូរមកហើយ ដោយសារឆ្លងដែនទៅកាប់ឈើគ្រញូងខុសច្បាប់នោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ភាពយន្ត «នរណាសម្លាប់ ជា វិជ្ជា» បញ្ចាំងជាលើកទីពីរនៅមជ្ឈមណ្ឌលសិទ្ធិមនុស្ស
- អង្គការសិទ្ធិមនុស្សនឹងបញ្ចាំងភាពយន្ត «អ្នកណាសម្លាប់ ជា វិជ្ជា» នៅថ្ងៃសៅរ៍
- កម្មកររោងចក្រឃីងហ្វឺសប្រមាណ៣០នាក់ទៀតដួលសន្លប់
- កម្មកររោងចក្រឃីងហ្វឺស២ប្រមាណ៨០នាក់ដួលសន្លប់
- កម្មកររោងចក្រអាលីមដុតកង់ឡានទាមទារថៅកែដោះស្រាយបញ្ហា៨ចំណុច
- កម្ពុជាព្រមានថៃឲ្យគោរពនិងអនុវត្តសាលដីកាតុលាការយុត្តិធម៌អន្តរជាតិ
- កម្មកររោងចក្រអែស.អិលធ្វើកូដកម្មជាថ្មី
- គ្រួសារនៅស្ទឹងត្រែងអំពាវនាវជាថ្មីឲ្យជួយស្វែងរកពលការិនី៣នាក់នៅម៉ាឡេស៊ី
- “ការសម្រេចរបស់តុលាការអន្តរជាតិមិនធ្វើឲ្យប៉ះពាល់ដល់ទេសចរថៃនៅកម្ពុជា”