ដោយ៖ ថុល ស្រីលក្ខណ៍
ថ្ងៃសៅរ៍ ទី23 ខែវិច្ឆិកា ឆ្នាំ2013
http://vodhotnews.com
អ្នកមានជម្លោះដីធ្លី៥២គ្រួសារ នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង នៅថ្ងៃសៅរ៍នេះ កំពុងប្រមូលផ្តុំគ្នា រង់ចាំព័ត៌មានពីតុលាការកំពូល ដើម្បីទៅទទួលតំណាងពួកគេ គឺ លោក ស សុង ចេញពីពន្ធនាគារខេត្តកំពង់ចាម ខណៈសកម្មជនរូបនោះ បានទទួលទោសគ្រប់ចំនួន តាមសាលដីកា របស់តុលាការ។
អ្នកភូមិអះអាងថា លោក ស សុង ត្រូវបានសាលាឧទ្ធរណ៍ ជម្រះក្តីឡើងវិញនៅឆ្នាំ២០០៧ ដោយផ្តន្ទាទោសដាក់ ពន្ធនាគារ៦ឆ្នាំគិតពីថ្ងៃចាប់ខ្លួន ដោយចោទពីបទប៉ុនប៉ងមនុស្សឃាត លើមនុស្សម្នាក់ ស្និតនឹងប្រធានក្រុមហ៊ុន KDC របស់លោក ស្រី ជា ខេង ភរិយាលោកស៊ុយ សែម អតីតរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មរ៉ែ និងថាមពល។
ក្រុមហ៊ុន KDC ត្រូវបានអ្នកមានជម្លោះដីធ្លីនៅតំបន់នោះ ចោទថា បានរំលោកយកដីអ្នកភូមិ ទំហំ១៤៥ហិកតា ធ្វើឲ្យប៉ះពាល់ប្រជាពលរដ្ឋ ១០៨គ្រួសារនៅតំបន់នោះ រហូតមានការចាប់ខ្លួន តំណាងអ្នកភូមិ លោក ស សុង ដែលចេញមុខតវ៉ាការពារដីពលរដ្ឋមិនឲ្យក្រុមហ៊ុន នេះរំលោភយក។
អ្នកស្រី អ៊ុំ សុភី អះអាងជាតំណាងអ្នកភូមិឡពាង ឃុំតាជេស ស្រុក កំពង់ត្រឡាច ប្រាប់VODឲ្យដឹងនៅថ្ងៃនេះថា លោក ស សុង កំពុងឃុំខ្លួននៅពន្ធនាគារត្រពាំងថ្លុង ខេត្តកំពង់ចាម។
តំណាងរូបនោះបន្តថា លោក ស សុង គិតពីថ្ងៃចាប់ខ្លួន រហូតដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៣នេះ បានទទួលទោសគ្រប់៦ឆ្នាំហើយ។ ប៉ុន្តែ ពួកគេមិនទាន់ទទួលបានដំណឹងពីតុលាការ ដើម្បីដោះលែងសកម្មជនដីធ្លីរូបនោះចេញពីពន្ធនាគារនៅឡើយទេ ។
មេធាវីការពារក្តីលោក ស សុង គឺលោក ជិន លីដា ថ្លែងថា កូនក្តីលោកបានប្តឹងសារទុក្ខ ទៅតុលាការកំពូលករណីនេះ ប៉ុន្តែលោកថា តុលាការកំពួល ខកខានមិនបានលើកយកករណីនេះ មកជំនុំជម្រះឡើងវិញទេ។ លោកថា ពេលនេះកូនក្តីលោកបានទទួលទោសគ្រប់ចំនួនហើយ ដូចនេះ តុលាការកំពូល ត្រូវចេញដីកាបង្គាប់ទៅមន្ត្រីពន្ធនាគារ ឲ្យដោះលែងកូនក្តីលោកឲ្យមានសេរីភាពវិញ។
ជំនួយការប្រធានតុលាការកំពូល លោក ស៊ិន វីរៈ បដិសេធអធិប្បាយ ដោយលោកបង្វែរសំនួរនេះទៅ អនុប្រធានតុលាកាកំពូល លោក ឃឹម ប៉ុណ្ណ ដែលមិនអាចទាក់ទងបាន៕
សូមសរសេរមកកាន់ អ្នកនាង ថុល ស្រីលក្ខណ៍ តាមរយៈ sreyleak@vodhotnews.com