ប្រជាជន​​រងគ្រោះ​ដោយ​ទឹកជំនន់​​១៣៦​​គ្រួសារ នៅ​​សៀម​រាប ទាមទារ​សំណង​​ពី​អាជ្ញាធរ​ជាតិ​អប្សរា​​

ដោយ៖​ បូ សាវី និង​ ដួង សុខា​
ថ្ងៃអង្គារ៍ ទី26 ខែវិច្ឆិកា ឆ្នាំ2013
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

ពលរដ្ឋ​ជួបជាមួយ​មន្ត្រី​សង្កាត់​គោកចក (រូបថត បូ សាវី)

​ប្រជាជន​រងគ្រោះ​ដោយ​​ទឹកជំនន់ ១៣៦​គ្រួសារ នៅ​ភូមិ​​នគរ​ក្រៅ សង្កាត់​គោកចក ខេត្ដ​សៀមរាប នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ដាក់​ពាក្យបណ្តឹង​ទៅ​សាលា​សង្កាត់​​នេះ ដើម្បី​​ឲ្យ​អន្តរាគមន៍​ទៅ​អាជ្ញាធរ​ជាតិ​អប្សរា ផ្តល់​សំណង​ជា​ស្រូវពូជ និង​ថវិកា​ជា​បន្ទាន់​ដល់​គាត់​។​

​ការ​ដាក់​បណ្តឹង​នេះ​ធ្វើ​ទ្បើង ដោយ​សារ​ប្រជាជន​ទាំង​​នោះ​ អះអាងថា អាជ្ញាធរ​ជាតិ​អប្សរា បាន​​បិទ​​ទំនប់​​តា​កៅ ស្ថិតនៅ​ខាងលិច​ខ្លោងទ្វារ​ប្រាសាទ​អង្គរ​ធំ បណ្តាល​​ឲ្យ​ជន​លិច​ដំណាំ​ស្រូវ និង​ផ្ទះ​របស់​ពួកគាត់​។​

​តំណាង​ប្រជាជន នៅ​ភូមិ​នគរ​ក្រៅ សង្កាត់​​គោកចក ក្រុង​សៀមរាប អ្នកស្រី ឌៀប សា​ខន មានប្រសាសន៍ថា ប្រជាជន​រងគ្រោះ​ដោយ​ទឹកជំនន់​កំពុង​ប្រឈម​​ការ​អត់​អាហារ​ទទួលទាន​។ អ្នកស្រី​​​ថា អាជ្ញាធរ​ជាតិ​អប្សរា​​មិនទាន់​ឃើញ​ជួយ​ដោះស្រាយ​បញ្ហា​ពួកគាត់​ជា​ម្ចាស់​អង្គរ​ទ្បើយ ​៖ "ហើយ​ម្យ៉ាង​ទៀត​បញ្ហា​ដីស្រែ​ដែល​ធ្លាប់​ធ្វើ ប្រកប​ការងារ​រាល់​​ឆ្នាំមក​​ហើយ តែ​អប្សរា​បិទទឹក​ពន្លិច​អស់​ ស្រូវ​កំពុង​​ទុំ តែ​មិន​ទុក​ពេល​វេ​លា​ឲ្យប្រ​ជា​ពលរដ្ឋ​ច្រូត​សិន​ទេ​ តែ​​គាត់​បិទ​ទឹក​ពន្លិច​អស់ ហើយ​ដី​ស្រែ​នោះ​ក៏​ចោល​បី​បួន​ឆ្នាំ​ហើយ តែ​មិន​បាន​ធ្វើ​កើតដោយ​សារ​តែ​អប្សរា​បិទ​ទឹក​ពន្លិច​ ខ្ញុំ​ទាំង​អស់​គ្នារង​ចាំ​មើល​ក្រែង​​គេ​ដោះស្រាយ អត់​មាន​គេ​ដោះ​ស្រាយ​សោះ ដល់​ពេល​នេះ​​​ខ្ញុំ​នាំ​ប្រ​ជា​ពលរដ្ឋ​ខ្ញុំ​​​មក​ដល់​មេ​ឃុំ​ ដើម្បី​ឲ្យ​គេ​ជួយ​រក​ដំណោះ​ដោះ​ស្រាយ​ឲ្យ​យើង​ខ្ញុំ"។

​តំណាង​ប្រជាជន​ម្នាក់ទៀត កញ្ញា ខាន់ យ៉ុង ឲ្យដឹងថា ប្រសិនបើ​អាជ្ញាធរ​ជាតិ​អប្សរា មិន​ដោះស្រាយ​ការទាមទារ​សំណង​ទេ ប្រជាជន​ព្រមាន​ទម្លាយ​ទំនប់​​តា​កៅ​​ចោល​ ៖ "ឈ្មួញ​ឬ​មួយក៏​អ្នក​បណ្តាក់​ទុន​ ដែល​គាត់​មក​ដាក់​ទុន​នៅ​ស្រុកខ្មែរ គាត់​ការ​ពារ​តែ​ផល​ប្រយោជន៍​របស់​​ពួកគេ​ទាំង​​​នោះ​ទេ​ ប្រជា​ពលរដ្ឋ​លិច​ស្រែ​លិច​ស្រូវអស់ ឲ្យ​គាត់​រីក​ចម្រើន​​​មាន​លុយ​ចាយ​មាន​អង្ករ​ហូប​បាន​​មក​ពី​ណា​ បើ​សិន​ជា​គាត់​ធ្វើ​បែប​ហ្នឹង អញ្ចឹងបាន​ន័យ​ថា​ គាត់​អភិវឌ្ឍន៍​​តែ​ខាង​ឈ្មួញ​ ឲ្យ​មានកើន​ឡើង ហើយ​ប្រជា​ពលរដ្ឋកាន់​តែ​អន់​ក្រ​ទៅ​ទៀត មួយ​វិញ​ទៀត​ គឺឲ្យ​បើក​ទំនប់​ឲ្យ​ប្រជា​ពលរដ្ឋ​ខញុំ​​បាន​ធ្វើ​ស្រែ​នៅ​ស្រែ​ស្ទឹង​នោះ​វិញ ពេល​ដែល​ខែ​ប្រាំង​ អត់មាន​ទឹក គឺ​ឲ្យ​គាត់​បញ្ចូល​ទឹក ខែ​វស្សា ទឹក​ច្រើន​លិច​ខ្លាំង សូម​ឲ្យ​គាត់​បើក​ទំនប់​​​គាត់​ឲ្យ​ទឹក​ចេញ"។

​អនុ​ប្រធាន​គណៈកម្មាធិកា​រ​ដោះស្រាយ​ទំនាស់​នៃ​សង្កាត់​គោកចក លោក ទិត ឌី​រ៉ា ប្រាប់​ប្រជាជន​ថា សង្កាត់​មិន​មាន​លទ្ធភាព​ដោះស្រាយ​នោះ​ឡើយ​។ លោក​ថា អាជ្ញាធរ​មូលដ្ឋាន​នឹង​បញ្ជូន​ពាក្យបណ្ដឹង​ទៅ​អាជ្ញាធរ​ក្រុង​។​

​អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា លោក ប៊ុន ណា​រិទ្ធ មានប្រសាសន៍​ថា ផលប៉ះពាល់​មិន​បណ្ដាល​មក​ពី​ការបិទ​ទំនប់​តា​កៅ​នោះទេ គឺ​ដោយសារ​ទ្វារ​ទឹក​បារាយណ៍ ដែល​គ្រប់គ្រង​ដោយ​មន្ទីរ​ធនធានទឹក​ខេត្ដ​មិន​ដំណើរការ​។ ប៉ុន្ដែ លោក​ថា លោក​នឹង​ដោះស្រាយ បើសិន​ការទាមទារ​សំណង​នោះ​សមរម្យ​៖ "​ខ្ញុំ​មិនទាន់​ឃើញ​សំណង​អី ខូច​អី ហើយ​សង​យ៉ាង​ម៉េច អាហ្នឹង​ទាល់តែ​យក​មក​ពិនិត្យ​សិន បាន​ទទួល​ខ្ញុំ​ពិនិត្យ​សិន អ្វី​​ដែល​វា​សម​ហេតុ​សម​ផល​យើង​ដោះស្រាយ​តាម​ហ្នឹង ពី​ព្រោះ​មែន​ទែន វា​ការ​ទទួល​ខុស​ត្រូវ កន្លែង​ណា​​ដែល​ជា​ការ​ទទួល​ខុស​ត្រូវ​​របស់​ខាង​អាជ្ញាធរ​អប្សរា យើង​ខ្ញុំ​នឹង​ពិនិត្យ​ដោះស្រាយ តែ​បើ​​មិន​មែន​ជា​ភារកិច្ច ជា​ការ​ទទួល​ខុស​ត្រូវ​របស់​យើង​ខ្ញុំ​ទេ អាហ្នឹង​រឿង​ផ្សេង​ទៀត"។

​ទំនប់​ទឹក​តា​កៅ ស្ថិតនៅ​ពី​ខាងលិច​ខ្លោងទ្វារ​ប្រាសាទ​អង្គរធំ ក្នុង​សង្កាត់​គោកចក ក្រុង​សៀមរាប ត្រូវបាន​អាជ្ញាធរ​ជាតិ​​អប្សរា​ទប់ទឹក​ទុក​រយៈពេល​ជាង​​ពីរ​ឆ្នាំ​មកហើយ ដើម្បីឲ្យ​មានលំនឹង​គ្រឹះ​ប្រាសាទ​បុរាណ និង​បញ្ចៀស​ការ​ជន់​លិច​ខេត្ត​ទេសចរណ៍​នេះ​។ ប៉ុន្ដែ ការ​ទប់​ទឹក​ធ្វើឲ្យ​ប៉ះពាល់​ដំណាំ​កសិកម្ម និង​លំនៅឋាន​របស់​ប្រជាជន​ដែល​រស់នៅ​ភាគ​ខាងជើង​តំបន់​នោះ​ជា​រៀងរាល់ឆ្នាំ​៕

សរសេរមកកាន់​លោក បូ សា​វី​ តាមរយៈ savy@vodhotnews.com


What Next?

Recent Articles