ដោយ៖ វង្ស សុម៉ាលីន
ថ្ងៃសៅរ៍ ទី14 ខែធ្នូ ឆ្នាំ2013
http://vodhotnews.com
គិតត្រឹមយប់ថ្ងៃសុក្រទី១៣ ធ្នូ ប្រទេសកម្ពុជាទទួលបានមេដាយមាសសរុបចំនួន៤ហើយ នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ដែលកំពុងធ្វើឡើងនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ ជាមួយជ័យជម្នះនេះ កីឡាករកីឡាការិនីកម្ពុជា រំពឹងយ៉ាងខ្លាំងថា នឹងឈ្នះមេដាយមាសបន្ថែមទៀត បើទោះជាមុននេះ វិញ្ញាសាប៉េតង់ ដែលធ្លាប់ដណ្ដើមបានមេដាយមាសកាលពីស៊ីហ្គេមនៅឡាវ បានត្រឹមមេដាយប្រាក់ និងវិញ្ញាសាប្រដាល់ ដែលជាសក្ដានុពលដ៏ខ្លាំងរបស់ជាតិ បានបរាជ័យនោះក៏ដោយ។
ចាត់ទុកថាជាមោទនភាពមួយ ដែលកីឡាករកីឡាការិនីកម្ពុជា អាចដណ្ដើមបានមេដាយមាស៤ហើយ គិតត្រឹមព្រឹកថ្ងៃទី១៤ ធ្នូនេះ ខណៈដែលវិញ្ញាសាច្រើនទៀត ស្ថិតក្នុងក្ដីសង្ឃឹមយ៉ាងមុតស្រួចរបស់កីឡាករកីឡាការិនីកម្ពុជា។ មន្ត្រីដឹកនាំការប្រកួតនៅប្រទេសមីយ៉ាន់ម៉ា អះអាងថា ស៊ីហ្គេមឆ្នាំនេះ កម្ពុជាហាក់ទទួលលទ្ធផលប្រសើរជាងលើកមុនៗ ខណៈដែលវិញ្ញាសារដែលនៅសល់ ក៏នៅមានច្រើនដែលកម្ពុជារំពឹងថា អាចឈ្នះមេដាយមាស។ កីឡាករកីឡាការិនី ដែលដណ្ដើមបានមេដាយមាសទាំង៤នោះរួមមាន កីឡាករចំបាប់ កៅ ឆេងហុង ដែលជាអ្នកដណ្ដើមបានមេដាយមាសដំបូងគេក្នុងប្រភេទទម្ងន់៨៤គីឡូក្រាម កាលពីថ្ងៃទី១០ ធ្នូ។ លោកឈ្នះមេដាយមាស ផ្នែកចំបាប់ក្នុងវិញ្ញាសាក្រិចកូរ៉ូម៉ាំង បន្ទាប់ពីបានយកឈ្នះ កីឡាករថៃ Chinnawei Kangchalee រួចបន្តទៅឈ្នះកីឡាករម្ចាស់ផ្ទះ Saw Maung និងចុងក្រោយបានផ្ដួលកីឡាករហ្វីលីពីន Balabal Jason ក្នុងវគ្គផ្តាច់ព្រ័ត្រ។ ក្នុងថ្ងៃដដែល កីឡាការិនីចំបាប់ម្នាក់ទៀត គឺកីឡាការិនី នី សំណាង ក៏ដណ្ដើមបានមេដាយមាសទី២ឲ្យកម្ពុជា ក្នុងការប្រកួតចំបាប់ប្រភេទទម្ងន់ ៦៣គីឡូក្រាម។
(លោក កៅ ឆេងហុង និងកញ្ញា នី សំណាង ដែលជាម្ចាស់មេដាយមាសទី១ និងទី២ របស់កម្ពុជា)
នៅថ្ងៃទី១២ ធ្នូ កីឡាករ ឌន សៅ បានក្លាយជាអ្នកដណ្ដើមបានមេដាយទី៣ឲ្យកម្ពុជា ក្នុងការប្រកួតលើវិញ្ញាសារចំបាប់ទម្ងន់១២០គីឡូក្រាម បន្ទាប់ពីបានយកឈ្នះកីឡាករម្ចាស់ផ្ទះមីយ៉ាន់ម៉ា នៅវគ្គចុងក្រោយ។ ដោយឡែកអ្នកដែលជួយឲ្យកម្ពុជា មានឈ្នះមេដាយមាសទី៤ គឺកីឡាការិនី ចូវ សុធារ៉ា ដែលជាកីឡាការិនីផ្នែកចំបាប់ដ៏ខ្លាំងរបស់ប្រទេសកម្ពុជា។ នាងទទួលបានមេដាយមាសទី៤ ក្នុងការប្រកួតចំបាប់ទម្ងន់៤៤គីឡូក្រាម កាលពីថ្ងៃទី១៣ ធ្នូ។
គិតត្រឹមព្រឹកថ្ងៃទី១៤ធ្នូនេះ កម្ពុជាទទួលបានមេដាយមាសចំនួន៤ហើយ ដោយមេដាយមាសនេះ បានពីកីឡាចំបាប់ទាំងអស់ ដោយគ្រាន់តែខុសប្រភេទវិញ្ញាសាគ្នាប៉ុណ្ណោះ។ បន្ថែមពីលើមេដាយមាសទាំង៤ កម្ពុជាក៏មានមេដាយប្រាក់ និងសំរិទ្ធិកើនឡើងដែរ ដោយក្នុងនោះមេដាយប្រាក់មានចំនួន៦ និងមេដាយសំរិទ្ធិមានចំនួន១១ ដែលមេដាយទាំងនេះ បានពីការប្រកួតចំបាប់ ប៉េតង់ និងការប្រកួតសីប៉ាក់តាក់ក្រ ឬសីឈិនឡុង។ យោងតាមគេហទំព័ររបស់ប្រទេសមីយ៉ាន់ម៉ា កម្ពុជាមានមេដាយសរុបចំនួន២១ ដោយតួលេខនេះ នៅតែធ្វើឲ្យកម្ពុជាឈរក្នុងលំដាប់លេខរៀងទី៧ បន្ទាប់ពីបានរំកិលពីលេខរៀងទី៧ កាលពីថ្ងៃទី១០ធ្នូ។ ក្នុងតារាងដដែល ប្រទេសមីយ៉ាន់ម៉ា ដែលជាម្ចាស់ផ្ទះ នៅតែនាំមុខក្នុងការដណ្ដើមបានមេដាយមាស ដោយពេលនេះបានកើនដល់២៦ ប្រាក់២៥ និងសំរិទ្ធិ២០។ ដោយឡែកចំពោះលេខរៀងទី២ ទី៣ និងទី៤ ស្ថិតក្នុងការប្ដូរផ្លាស់គ្នា ដោយកាលពីថ្ងៃទី១០ ប្រទេសថៃបានឈរនៅលំដាប់ទី២ ប៉ុន្តែពេលនេះបានរអិលទៅលេខរៀងទី៤ បន្ទាប់ពីបណ្ដោយឲ្យវៀតណាម និងឥណ្ឌូនេស៊ីនាំមុខ។ វៀតណាមលំដាប់ទី២ មានមេដាយមាស២២ ប្រាក់១១ និងសំរិទ្ធិ១៩។ ឥណ្ឌូនេស៊ី លំដាប់ទី៣ មានមេដាយមាស២០ ប្រាក់២៤ និងសំរិទ្ធិ១៧។ ថៃលំដាប់ទី៤ មានមេដាយមាស១៨ ប្រាក់២៤ និងសំរិទ្ធិ១៦។ ម៉ាឡេស៊ី លំដាប់ទី៥មានមេដាយមាស១០ ប្រាក់៧ និងសំរិទ្ធិ២២។ សិង្ហបុរី លំដាប់ទី៦ មានមេដាយមាស៧ ប្រាក់៦ និងសំរិទ្ធិ១៤ ខណៈហ្វីលីពីន ឡាវ ប្រ៊ុយណេ និងទីម័រខាងកើត នៅតែឈរនៅលំដាប់បន្តបន្ទាប់គ្នា ក្រោមប្រទេសកម្ពុជា៕
សរសេរមកកាន់ លោក វង្ស សុម៉ាលីន តាមរយៈ vongsomalin@yahoo.com
នេះជាមោទនភាពរបស់ខ្មែរយើង ដែលកាលពីមុនដូចនៅ សុីហ្គេម ទី២០,២១…យើងមិនដែលស្គាល់មេដាយនឹងគេទេ…ហើយកាលណោះថ្នាក់ដឹកនាំយើងធ្លាប់និយាយថា ទៅប្រកួតយកបទពិសោធន៍…!
Congratulations, you are our heroes