ដោយ៖ ថុល ស្រីលក្ខណ៍
ថ្ងៃចន្ទ ទី16 ខែធ្នូ ឆ្នាំ2013
http://vodhotnews.com
កិច្ចជំនួបរវាងមន្ត្រីក្រសួងការងារ តំណាងថៅកែរោងចក្រ និងសហជីពរករូបមន្តដំឡើងប្រាក់ឈ្នួលរបស់កម្មករ មិនទាន់ទទួលបានលទ្ធផល ខណៈរូបមន្តដំឡើងប្រាក់ឈ្នួលចំនួន៣ ត្រូវបានលើកយកមកពិភាក្សាជាថ្មីទៀតនៅថ្ងៃទី២៤ ខែធ្នូខាងមុខ។
ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា លោក អាត ធន់ មានប្រសាសន៍ថា កិច្ចប្រជុំកាលពីព្រឹកថ្ងៃចន្ទ រហូតដល់ម៉ោងជិត១២ថ្ងៃត្រង់ គឺគ្រាន់តែប្រមូលឯកសារពាក់ព័ន្ធនឹងការដំឡើងប្រាក់ឈ្នួលដល់កម្មករ មិនទាន់កំណត់រូបមន្តដំឡើងប្រាក់ឈ្នួលដល់កម្មករនោះទេ។ លោកថា នៅក្នុងកិច្ចជំនួបនោះរកឃើញថា តម្រូវការកម្មករត្រូវការពី១៥៧ដុល្លារ ទៅ១៧៧ដុល្លារក្នុងមួយខែ តែប្រាក់ឈ្នួលកម្មកររួមទាំងថ្លៃធ្វើដំណើរផងនោះ បានតែ៩៧ដុល្លារតែប៉ុណ្ណោះ ពោលគឺខ្វះជិត៦០ដុល្លារទៀត។
លោក អាត ធន់ បន្ថែមថា រូបមន្តចំនួន៣ ដែលត្រូវបានដាក់បញ្ចូល នៅក្នុងកិច្ចប្រជុំ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៣ នឹងត្រូវលើកយកមកប្រជុំជាថ្មីទៀតនៅថ្ងៃទី២៤ ខែធ្នូខាងមុខ។ រូបមន្តទាំងនោះរួមមាន ផែនការដំឡើងប្រាក់ខែសម្រាប់រយៈពេល ៥ឆ្នាំ ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៨ ក្នុងរដ្ឋាភិបាលអាណត្តិទី៥ ដោយអាចនឹងត្រូវដំឡើងគិតជាភាគរយប្រចាំឆ្នាំនីមួយៗ ការដំឡើងប្រាក់ឈ្នួលគិតជាលេខគត់ និងការដំឡើងប្រាក់ឈ្នួលឲ្យដល់កម្រិតមួយ ដែលសមស្រប។
ទោះជាយ៉ាងនេះក្តី លោក អាត ធន់ បញ្ជាក់ថា ក្រុមសហជីពរបស់លោក នៅតែទទូចទាមទារប្រាក់ឈ្នួលសម្រាប់ កម្មករកាត់ដេរកម្ពុជា ឲ្យបានដល់១៥៤ដុល្លារក្នុង១ខែ៕
សូមសរសេរមកកាន់ អ្នកនាង ថុល ស្រីលក្ខណ៍ តាមរយៈ sreyleak@vodhotnews.com