ពលរដ្ឋ​នៅ​មណ្ឌលគិរី​ធ្វើ​ញត្តិ​ទាមទារ​ឲ្យ​អាជ្ញាធរ​ប្ដូរ​ភូមិ

ក្រុម​សហគមន៍​ជនជាតិ​ព្នង​នៅ​ភូមិ​ចំនួន​បី ក្នុង​ខេត្ត​មណ្ឌលគិរី កំពុង​ប្រមូល​ស្នាម​មេដៃ​អ្នក​ភូមិ​ដើម្បី​គាំទ្រ​ញត្តិ​ជា​ថ្មី​ទៀត ទាមទារ​ឲ្យ​អាជ្ញាធរ​ខេត្ត​ដោះស្រាយ​សំណើ​ប្ដូរ​ភូមិ​របស់​ពលរដ្ឋ​ពី​ក្នុង​ព្រៃ មក​រស់​នៅ​តាម​ផ្លូវ​អភិវឌ្ឍន៍​ដោយ​ក្រុមហ៊ុន​សម្បទាន។

ដោយ រដ្ឋា វិសាល
2013-12-16
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

តំណាង​អ្នក​ភូមិ​អះអាង​ថា ការ​យឺតយ៉ាវ​ឆ្លើយ​តប​សំណើ​ប្រជាពលរដ្ឋ នឹង​នាំ​ឲ្យ​កើត​មាន​អំពើ​រំលោភ​សិទ្ធិ​ជន​ជាតិ​ដើម​កាន់​តែ​ធ្ងន់ធ្ងរ​ពី​សំណាក់​អាជ្ញាធរ។

ស្នាម​មេដៃ​ប្រជាពលរដ្ឋ ១៦០​គ្រួសារ បាន​ផ្ដិត​ជា​ថ្មី​លើ​ញត្តិ​ទាមទារ​ឲ្យ​អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី ដោះស្រាយ​សំណើ​ប្ដូរ​ភូមិ​របស់​ពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច។

តំណាង​អ្នក​ភូមិ លោក សុន ចាន់ថេង នៅ​ថ្ងៃ​ច័ន្ទ ទី​១៦ ខែ​ធ្នូ មាន​ប្រសាសន៍​ថា ញត្តិ​ទាមទារ​នេះ​នឹង​ដាក់​ជូន​មន្ត្រី​សាលា​ខេត្ត​នៅ​សប្ដាហ៍​ក្រោយ។ លោក​បន្ត​ថា ថ្ងៃ​កំណត់​រុះរើ​លំនៅឋាន​ប្រជាពលរដ្ឋ​ដោយ​វិធានការ​ក្ដៅ​លើក​ទី​បី​របស់​ក្រុម​សមត្ថកិច្ច​បាន​ពន្យារ​ពេល ក៏​ប៉ុន្តែ​អ្នក​ភូមិ​នៅ​តែ​បារម្ភ​ចំពោះ​សុវត្ថិភាព និង​ការ​តាំង​ទីលំនៅ​របស់​ពលរដ្ឋ​ប្រសិន​អាជ្ញាធរ​ខេត្ត​មិន​ឆ្លើយ​តប​ចំពោះ​សំណើ​អ្នក​ភូមិ៖ «ពាក្យ​សំណើ​ហ្នឹង​ទៅ​បាត់​អត់​មាន​ដឹង​ថា​ឲ្យ ឬ​មិន​ឲ្យ​ស្ងាត់​ច្រាប។ ឥឡូវ​ប្រជាពលរដ្ឋ​ផ្ដិត​មេដៃ មេ​គ្រួសារៗ បម្រុង​រុញ​ទៅ​បន្ថែម​ទៀត»

កាល​ពី​ដើម​ខែ​ធ្នូ តំណាង​ប្រជាពលរដ្ឋ​ភូមិ​រណែង ភូមិ​ខ្ទង់ និង​ភូមិ​អូរព្រះ ក្នុង​ឃុំ​ស្រែឈូក ស្រុក​កែវសីមា ១៦០​គ្រួសារ បាន​ដាក់​ពាក្យ​ប្ដឹង​មន្ត្រី​សមត្ថកិច្ច​ចម្រុះ​ខេត្ត​មណ្ឌលគិរី ទៅ​ស្ថាប័ន​អយ្យការ បន្ទាប់​ពី​ក្រុម​សមត្ថកិច្ច​ទាំង​នោះ​បាន​ប្រើ​វិធានការ​ក្ដៅ​អារ​ជើង​សសរ ហើយ​យក​រថយន្ត​ទាញ​រំលំ និង​ដុត​បំផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​ពីរ​លើក ខូច​ខាត​ផ្ទះ​អស់ ៣៩​ខ្នង ដោយ​ចោទ​ថា ប្រជាពលរដ្ឋ​មក​តាំង​ទី​លំនៅ​អនាធិបតេយ្យ​ក្នុង​តំបន់​ព្រៃ​អភិរក្ស។ ជាមួយ​នោះ​ដែរ សហគមន៍​ក៏​បាន​ដាក់​ញត្តិ​ស្នើ​សុំ​ទៅ​អាជ្ញាធរ​ខេត្ត​ផ្ដល់​លទ្ធភាព​ឲ្យ​ប្រជាពលរដ្ឋ​ចាក​ចេញ​ពី​ភូមិ​ក្នុង​ព្រៃ​មក​តាំង​ទីលំនៅ​តាម​ដង​ផ្លូវ​ទើប​អភិវឌ្ឍន៍​ថ្មី​នៅ​តំបន់​នោះ។

អនុ​ប្រធាន​ភូមិ​រណែង លោក ផ្លឺយ ខិត មាន​ប្រសាសន៍​បញ្ជាក់​ថា រហូត​មក​ទល់​នឹង​ថ្ងៃ​នេះ អ្នក​ភូមិ​មិន​បាន​ទទួល​ការ​ឆ្លើយ​តប​ពី​មន្ត្រី​អាជ្ញាធរ​ខេត្ត​នៅ​ឡើយ។ លោក​បន្ត​ថា ប្រជាពលរដ្ឋ​មាន​បញ្ហា​លំបាក​ទាក់ទិន​ផ្លូវ​ធ្វើ​ដំណើរ ទើប​ស្នើ​សុំ​ទីតាំង​តាម​ផ្លូវ​លំ​ដែល​ក្រុមហ៊ុន​បាន​សង់​នៅ​តំបន់​នោះ​ជា​ភូមិ​ថ្មី​ដើម្បី​អភិវឌ្ឍន៍​មាន​ផ្លូវ​ធ្វើ​ដំណើរ​ងាយ​ស្រួល​ជាង​មុន។

លោក ផ្លឺយ ខិត៖ «ប្រាកដ​ហើយ​ហ្នឹង​យើង​ផ្ដិត​មេដៃៗ​របស់​ប្រជាពលរដ្ឋ​ក្នុង​ភូមិ​នៅ​លើ​ខ្ញុំ​ទាំង​អស់​ឥឡូវ។ ទាមទារ​ដី​ហ្នឹង​ឲ្យ​បាន​រស់​នៅ​តាម​ហ្នឹង​គេ​ថា​រង់ចាំ​ទទួល​ពាក្យ​ពី​គេ​មក​ហើយ ឥឡូវ​មិន​ឃើញ​ពាក្យ​គេ​មក​ដល់​យើង»

ឆ្លើយ​តប​ចំពោះ​ករណី​នេះ នាយ​ការិយាល័យ​របៀប​នៃ​សាលា​ខេត្ត​មណ្ឌលគិរី លោក ទាវ ស្រេងហ័ន មាន​ប្រសាសន៍​បញ្ជាក់​ថា អភិបាល​ខេត្ត​បាន​ធ្វើ​ចំណារ​លើ​លិខិត​ស្នើ​សុំ​របស់​ពលរដ្ឋ​បញ្ជូន​ទៅ​អាជ្ញាធរ​ស្រុក​ត្រួត​ពិនិត្យ​មើល​ពី​អត្តសញ្ញាណ​ប្រជាពលរដ្ឋ​អ្នក​ស្នើ​សុំ​ជា​ដំបូង។

លោក​បន្ត​ថា អាជ្ញាធរ​ខេត្ត​នឹង​រៀបចំ​ធ្វើ​ការងារ​នេះ​ជាមួយ​ប្រជាពលរដ្ឋ៖ «សមត្ថកិច្ច​ហ្នឹង​ខេត្ត​បាន​ប្រគល់​ទៅ​ឲ្យ​ស្រុក​ធ្វើ​ការ​ហើយ។ ពិនិត្យ​មើល​ទៅ​លើ​បញ្ជី​ឈ្មោះ​ប្រជាពលរដ្ឋ​ដែល​បាន​ស្នើ​សុំ​ហ្នឹង​ថា តើ​ប្រជាពលរដ្ឋ​នៅ​ទី​កន្លែង​ហ្នឹង​ជាក់ស្ដែង​ពិត​ឬ​ក៏​អត់?»

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ខេត្ត​មណ្ឌលគិរី លោក សុក រដ្ឋា មាន​ប្រសាសន៍​រំលឹក​ថា មន្ត្រី​អាជ្ញាធរ​ខេត្ត​គួរ​ប្រញាប់​ដោះស្រាយ​សំណើ​របស់​ពលរដ្ឋ ចៀសវាង​អូស​បន្លាយ​បញ្ហា​ត​ទៅ​ទៀត។ លោក​បន្ត​ថា អាជ្ញាធរ​គួរ​លើក​ទឹក​ចិត្ត​ឲ្យ​ប្រជាពលរដ្ឋ​រស់​នៅ​តាម​ដង​ផ្លូវ​ធ្វើ​ដំណើរ​ងាយ​ស្រួល​អភិវឌ្ឍន៍​ភូមិ​ឃុំ​ស្រប​តាម​គោលនយោបាយ​អភិវឌ្ឍន៍​មូលដ្ឋាន​តាម​រយៈ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច និង​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ពលរដ្ឋ៖ «យើង​សម្គាល់​ឃើញ​ថា គួរ​តែ​មាន​ដំណោះស្រាយ​ណា​មួយ​ឲ្យ​សម​ទៅ​នឹង​នីតិវិធី​ច្បាប់។ បច្ចុប្បន្ន​គាត់​កំពុង​ជួប​ការ​លំបាក​ហើយ​ប្រឈម»

យ៉ាង​នេះ​ក្តី តំណាង​សហគមន៍​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​នឹង​នាំ​គ្នា​មក​តវ៉ា​នៅ​មុខ​សាលា​ខេត្ត ប្រសិន​សំណើ​លើក​ទី​ពីរ​របស់​ពួក​គាត់​មិន​ត្រូវ​បាន​ដោះស្រាយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles