Monday, 16 December 2013
មាស សុខជា
ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញៈ មុនពេលដើរដង្ហែតាមផ្លូវនៅក្នុងរាជធានី ភ្នំពេញ មេដឹកនាំគណបក្សប្រឆាំងបានអំពាវនាវដល់ប្រជាជនឲ្យចូលរួមក្នុងមហាបាតុកម្មប្រចាំថ្ងៃ ដែលបានចាប់ផ្តើមតាំងពីថ្ងៃម្សិលមិញទៅ ប៉ុន្តែ អ្នកគាំទ្រខ្លះបាននិយាយថា វាមិនអាចធ្វើទៅបាននោះទេ ដោយសារតែពួកគាត់ខ្វះសោហ៊ុយធ្វើដំណើរមកពីតាមខេត្តនិងជារដូវ ធ្វើស្រែចម្ការផង។
មនុស្សប្រមាណ ២ ម៉ឺននាក់ បានចូលរួមក្នុងមហាបាតុកម្មកាលពីម្សិលមិញនៅសួនសេរីភាព ក្នុងរាជធានីភ្នំពេញ ហើយនៅពេលរសៀល បន្ទាប់ពីថ្លែងទៅកាន់បាតុករអំពីយុទ្ធសាស្រ្តនៃការធ្វើបាតុកម្មប្រចាំ ថ្ងៃ លោក សម រង្ស៊ី ដែលជាប្រធាន និងលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ បានដឹកនាំបាតុករ ដើរហែតាមផ្លូវមួយចំនួននៅក្នុងរាធានីភ្នំពេញ ខណៈដែលអាជ្ញាធររដ្ឋាភិបាលមិនធ្វើការបិទផ្លូវឬរារាំងដំណើរឲ្យ មានការប៉ះទង្គិចគ្នា។
ការធ្វើបាតុកម្មប្រចាំថ្ងៃនេះ បើតាមមេដឹកនាំបក្សទាំងពីររូបនេះថា មានគោលបំណងសំខាន់គឺដើម្បីទាមទារឲ្យ រដ្ឋាភិបាលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា រៀបចំការបោះឆ្នោតឡើងវិញ បន្ទាប់ពីការទាមទារពីដំបូងឲ្យមានការស៊ើបអង្កេត លើភាពមិនប្រក្រតីនៃការបោះឆ្នោត ត្រូវគណបក្សប្រជាជនធ្វើការជំទាស់។
លោក កឹម សុខា ថ្លែងទៅកាន់បាតុករគាំទ្រថា៖ «ប្រសិនបើគណបក្សប្រជាជន អួតថា ខ្លួនឈ្នះឆ្នោត ត្រូវតែហ៊ានបោះឆ្នោតឡើងវិញ។ យើងមិនចង់រង់ចាំ ៥ឆ្នាំ ទៀតទេ។ យើងត្រូវតែបោះឆ្នោតនៅឆ្នាំ ២០១៤។ បើអត់ទេ វាមានន័យថា គណបក្សប្រជាជនកម្ពុជាចាញ់»។
លោក កឹម សុខា លើកឡើងថា គណបក្សសង្គ្រោះជាតិប្រកាសឱសានវាទរយៈពេល ៣ខែ សម្រាប់គណបក្សប្រជាជនរៀបចំការបោះឆ្នោតឡើងវិញដើម្បីស្វែងរកការពិតនិងយុតិ្តធម៌ជូនអ្នកបោះឆ្នោត។ បើមិនដូច្នោះទេ គណបក្សសង្គ្រោះជាតិនឹងចេញយុទ្ធសាស្រ្តថ្មីដើម្បីទាមទារយុតិ្តធម៌ជូនអ្នកបោះឆ្នោត។ ប៉ុន្តែ យ៉ាងណាក៏លោកមិនបានបញ្ជាក់ប្រាប់ថា តើជាយុទ្ធសាស្រ្តថ្មីនោះជាអ្វីដែរទេ។
លោក កឹម សុខា ប្រាប់ទៅអ្នកចូលរួមថា៖ «ដូច្នេះ សូមបងប្អូនរួមជាតិត្រៀមខ្លួនដើម្បីរៀបចំបាតុកម្មជាបន្តបន្ទាប់។ ចាប់ពីថ្ងៃនេះតទៅ យើងនឹងមកទីនេះរៀងរាល់ថ្ងៃធ្វើបាតុកម្មរាល់ថ្ងៃ ដើររៀងរាល់ថ្ងៃ»។
សម្រាប់លោក សម រង្ស៊ី ក៏បានអំពាវនាវដល់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ឲ្យមានភាពក្លាហានដូចលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ដោយថ្លែងថា នាយករដ្ឋមន្រ្តីថៃ ដែលជាស្រ្តី ហើយឈ្នះឆ្នោតត្រឹមត្រូវ ប៉ុន្តែ គាត់ក្លាហានហើយអនុញ្ញាតឲ្យបោះឆ្នោតឡើងវិញ ខណៈដែលប្រជាជនទាមទារឲ្យចុះចេញពីតំណែង ដូច្នេះ លោក ហ៊ុន សែន ត្រូវតែក្លាហាន ដូចលោកស្រីនាយករដ្ឋមន្រ្តីថៃ។
លោក សម រង្ស៊ី បន្តថា៖ «[មន្រ្តីគណបក្សប្រជាជន] និយាយថា គណបក្សសង្គ្រោះជាតិជំទាស់រដ្ឋាភិបាលលោក ហ៊ុន សែន វាខុស ប៉ុន្តែ រដ្ឋាភិបាលលោក ហ៊ុន សែន ដែលជំទាស់ប្រជាជន។ រដ្ឋាភិបាលណាដែលជំទាស់ប្រជាជន វាមិនអាចបានយូរទេ។ ដូច្នេះ ខ្ញុំសូមអំពាវនាវដល់លោក ហ៊ុន សែន ឲ្យយល់ឲ្យបានច្បាស់»។
ទាក់ទងនឹងការធ្វើបាតុកម្មប្រចាំថ្ងៃ ប្រជាជនមួយចំនួន ដែលចូលរួមក្នុងបាតុកម្មពីម្សិលមិញបាននិយាយថា គាត់នៅតែចង់មកចូលរួមបាតុកម្មរាល់ថ្ងៃ ប៉ុន្តែ ថា គាត់មានបញ្ហាពីរដែលធ្វើឲ្យមានការស្ទាក់ស្ទើរ។ ទី១-គឺបញ្ហាប្រាក់ធ្វើដំណើរពីស្រុកកំណើតមកចូលរួមបាតុកម្មរាល់ថ្ងៃ ទី២-ព្រោះរដូវនេះ ជារដូវធ្វើស្រែចម្ការ ដែលនេះគឺជាមូលហេតុ ដែលពួកគាត់ពិបាកនឹងសម្រេចចិត្ត។
លោក គួង ទុយ អាយុ ៧០ឆ្នាំ មកពីស្រុក កោះធំ ខេត្ត កណ្តាល បានប្រាប់ថា សម្រាប់គាត់វិញ គឺអាចមកចូលរួមបាតុកម្មរៀងរាល់ថ្ងៃបាន ប៉ុន្តែថា អ្នកភូមិគាត់ប្រហែលមិនអាចមកបានរាល់ថ្ងៃទេ ដោយសារជាប់រវល់ធ្វើស្រែចម្ការ ហើយម្យ៉ាងទៀត ពួកគេខ្វះប្រាក់ដើម្បីធ្វើដំណើរ។
លោក ហៀ ស្រួរ អាយុ ៦៩ឆ្នាំ នៅស្រុក កោះធំ ខេត្ត កណ្តាល និយាយថា៖ «ខ្ញុំមិនអាចមករាល់ថ្ងៃបានទេ ព្រោះវាជារដូវធ្វើស្រែ»។
លោក ផាន ស្រឿ អាយុ ៦០ ឆ្នាំ និងលោក ឈុំ គួង អាយុ ៥១ ឆ្នាំ អ្នកភូមិនៅស្រុក កោះធំ បាននិយាយដែរថា ពួកគាត់ចង់មកចូលរួមរៀងរាល់ថ្ងៃ ប៉ុន្តែឧបសគ្គ គឺបញ្ហាប្រាក់ធ្វើសោហ៊ុយមក។
លោក ផាន់ ស្រឿ បានបន្តថា៖ «មករៀងរាល់ថ្ងៃមិនអាចធ្វើបានទេ ព្រោះខ្វះប្រាក់សម្រាប់សោហ៊ុយធ្វើដំណើរ»។
ចំពោះប្រជាជននៅខេត្ត កំពង់ចាម លោក អ៊ុយ នាង អាយុ ៦៥ ឆ្នាំ និងលោក ខាត់ រ៉េត អាយុ ៦៧ ឆ្នាំ ក៏បានថ្លែងដូចគ្នាផងដែរ ដោយអះអាងថា ពួកគេមកធ្វើបាតុកម្ម ព្រោះធនធានធម្មជាតិត្រូវបានបំផ្លាញ ដូច្នេះ ពួកគាត់ចង់មកធ្វើបាតុកម្មប្រចាំថ្ងៃឲ្យបានច្រើន ប៉ុន្តែ ពួកគេគ្មានលទ្ធភាពទេ។
លោក អ៊ុយ នាង មកពីស្រុក ពញាក្រែក ខេត្ត កំពង់ចាម បានថ្លែងថា៖ «ខ្ញុំចង់មកខ្លាំងណាស់ តែខ្ញុំគ្មានប្រាក់។ ព្រៃឈើត្រូវបានបំផ្លាញអស់ហើយ។ មានយួនជាច្រើននាក់ចូលមក។ ខ្ញុំចាស់ហើយ មិនអាចរស់នៅយូរទេ ប៉ុន្តែខ្ញុំអាណិតអ្នកជំនាន់ក្រោយ»។
ប៉ុន្តែ លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី បានថ្លែងថា រដ្ឋាភិបាលមិនហាមឃាត់ការធ្វើបាតុកម្មប្រចាំថ្ងៃរបស់គណបក្ស សង្គ្រោះជាតិទេ រដ្ឋាភិបាលអត់ធ្មត់ព្រោះចង់ឲ្យគណបក្សសង្គ្រោះជាតិមានការសប្បាយចិត្តដើរដង្ហែក្បួន ប៉ុន្តែគណបក្សសង្គ្រោះជាតិ គួរគិតអំពីចរាចរណ៍របស់ប្រជាជននៅក្នុងរាជធានីភ្នំពេញ ព្រោះ វាប៉ះពាល់ដល់ការធ្វើដំណើររបស់ពួកគាត់។ លោកបានសង្កត់ធ្ងន់ថា ប្រសិនបើគណបក្សសង្គ្រោះជាតិចង់បោះឆ្នោតឡើងវិញ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ត្រូវចូលរួមក្នុងកិច្ចប្រជុំរដ្ឋសភាសិន។
លោក ផៃ ស៊ីផាន បានបញ្ជាក់ថា៖ «យើងរង់ចាំមើល ប្រសិនបើបាតុកម្មមិនអាចគ្រប់គ្រងបាន ហើយវាបង្កការប៉ះពាល់ដល់ផលប្រយោជន៍សាធារណៈ នោះ យើងនឹងចាត់វិធានការ»។
ទន្ទឹមនឹងនេះ សាលារាជធានីភ្នំពេញកាលពីម្សិលមិញក៏បានចេញលិខិតជម្រាបទៅលោក សម រង្ស៊ី និងលោក កឹម សុខា ដោយគូសបញ្ជាក់ថា បាតុកម្មរបស់គណបក្សសង្គ្រោះជាតិបានរំលោភលើចំណុច ៣ នៃការព្រមព្រៀងក្នុងកិច្ចប្រជុំរវាងគណបក្សសង្គ្រោះជាតិ និងសាលាក្រុង ដូចជាការដើរដង្ហែក្បួនខុសពីលិខិតអនុញ្ញាត ការមិនបញ្ចប់ការធ្វើបាតុកម្មតាមច្បាប់កំណត់ និងបន្តស្នាក់នៅលើទីលានប្រជាធិបតេយ្យ និងការប្រកាសបន្តធ្វើបាតុកម្មដោយគ្មានការជូនដំណឹងមកអាជ្ញាធរ។
ក្នុងលិខិតនេះ សាលារាជធានីបានព្រមានថា៖ «គណបក្សសង្គ្រោះជាតិត្រូវទទួលខុសត្រូវចំពោះគ្រប់ឧប្បតិ្តហេតុ ទាំងអស់ ជាពិសេស បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងបរិស្ថានអនាម័យ ដែលកើតឡើងដោយសារតែសកម្មភាពខុសច្បាប់នេះទាំងស្រុង»៕ TK

