អាជ្ញាធរ​ខេត្ត​​ពោធិ៍​សាត់ រារាំង​ពលរដ្ឋ​ចូល​រួម​​ក្នុង​​វេទិកា​​សម្តែង​​មតិ​​លើ​​ការ​រំលោភ​​ដីធ្លី​របស់​ក្រុមហ៊ុន​ ទ្រី​ ភាព​​

ដោយ៖​ ឡាយ សាមាន​
ថ្ងៃចន្ទ ទី16 ខែធ្នូ ឆ្នាំ2013
http://vodhotnews.com

អាជ្ញាធរ​ខេត្ត​ពោធិ៍សាត់ នៅ​ថ្ងៃ​ចន្ទ​នេះ បាន​រារាំង​ប្រជាពលរដ្ឋ​ជាង​១០០​នាក់ មក​ពី​៤​ភូមិ ក្នុង​ស្រុក​​វាលវែង ដោយ​មិន​ឲ្យ​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ចូលរួម​ក្នុង​វេទិកា​​សម្តែង​មតិ​សាធារណៈ​ អំពី​បញ្ហា​រំលោភ​ដីធ្លី ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​ ទ្រី​ ភាព​ ។​

​ប្រជាពលរដ្ឋ​ដែល​បាត់បង់​ដីធ្លី លោក យក់ ម៉ាជ អាយុ ៥០​ឆ្នាំ ប្រាប់ VOD នៅ​ថ្ងៃ​ទី​១៦ ខែ​ធ្នូ នេះ​ថា ក្រុមអ្នកតវ៉ា​បាន​ព្យាយាម​ចូលរួម​ក្នុង​វេទិកា​​សាធារណៈ​​​សម្តែង​មតិ​នេះ ប៉ុន្តែ​ត្រូវបាន​អាជ្ញាធរ​​មូលដ្ឋាន និង​ក្រុម​ប៉ូលិស​ហាម​ចូលរួម រហូតដល់​មាន​​ការប៉ះទង្គិច​បន្តិច​បន្តួច​រវាង​ប្រជាពលរដ្ឋ​និង សមត្ថ​កិច្ច​។ លោក​បន្តថា ការ​រាំង​នេះ​របស់​សមត្ថកិច្ច ប៉ះពាល់​ដល់​សិទិ្ធសេរីភាព​រប​ស់​ប្រជាពលរដ្ឋ​ក្នុង​ការស​ម្តែង​មតិ និង​សិទិ្ធ​ផ្សេងៗ​ទៀត​។ លោក​បញ្ជាក់​ថា គាត់​រស់នៅ​លើ​ដី​នោះ តាំ​ពី​ឆ្នាំ​១៩៩៦ មកម្ល៉េះ ហើយ​មាន​ប័ណ្ណ​កម្មសិទ្ធិ​ទៀត​ផង ប៉ុន្តែ​ត្រូវបាន​ក្រុមហ៊ុន​ទ្រី​ភាព បាន​រឹបអូស​​​យក​​​​ដោយ​ពុំ​មាន​​សំណង​​ត្រឹមត្រូវ​។

VOD មិនទាន់​អាច​ទាក់ទង​អាជ្ញាធរ ដើម្បី​​សុំ​ការបកស្រាយ​លើ​បញ្ហា​នេះ បាន​នៅឡើយ​ទេ​។​

​ជម្លោះ​ដីធ្លី​រវាង​ពលរដ្ឋ​នៅ​ស្រុក​វាលវែង និង​ក្រុមហ៊ុន​ទ្រី​ភាព បាន​កើត​ឡើង​តាំងពី​ឆ្នាំ​២០១១​។ កាលពី​៣​ឆ្នាំមុន ប្រជាពលរដ្ឋ បាន​ដាក់​ពាក្យបណ្តឹង​ទៅ​​មេឃុំ មេស្រុក​និង​ក្រសួង​ពាក់ព័ន្ធ ប៉ុន្តែ​មិន​មាន​ដំណោះស្រាយ​នៅឡើយ​ទេ​។ លោក​ព្រមាន​ថា ប្រសិនបើ​ក្រសួង​មិន​មាន​ដំណោះស្រាយ​ទេនោះ ពលរដ្ឋ​នឹង​ធ្វើ​បាតុកម្ម​ទ្រង់ទ្រាយ​ធំ រហូត​មាន​ដំណោះស្រាយ​៕

សរសេរមក​កាន់​លោក ឡាយ សាមាន តាមរយៈ laysamean168@yahoo.com

What Next?

Recent Articles