​បទសម្ភាសន៍​ជាមួយ​ព្រះតេជព្រះគុណ វ៉​ង សុ​ភ័ស្ស ពី​សារសំខាន់​ព្រះ​សារីរិក​ធាតុ​​

ដោយ៖​ កែវ រតនៈ​
ថ្ងៃចន្ទ ទី16 ខែធ្នូ ឆ្នាំ2013
http://vodhotnews.com

​ព្រះតេជព្រះគុណ វ៉​ង សុ​ភ័ស្ស/រូបថតដោយកែវ​ រតនៈ

​ព្រះតេជព្រះគុណ វ៉​ង សុ​ភ័ស្ស/រូបថតដោយកែវ​ រតនៈ

កាលពី​យប់​ថ្ងៃ​ទី​៩ ខែ​ធ្នូ ឈានចូល​ថ្ងៃ​ទី​១០​ខែ​ធ្នូ ព្រះ​សារីរិកធាតុ និង​កោដ្ឋ​មាស​ដែល​ត្រូវបាន​តម្កល់​នៅ​ព្រះ​សក្យមុនី​ចេតិយ៍ លើ​ភ្នំ​អដ្ឋរស្ស ក្នុងស្រុក​ឧត្តុង ខេត្ត​កំពង់ស្ពឺ បាន​បាត់​បន្ទាប់ពី​មានការ​កាត់​សោ​ទ្វា លួច​យក​របស់របរ​មានតម្លៃ​នៅ​ទីនោះ​។ ព័ត៌មាន​ក្នុងស្រុក​ចុះ​ផ្សាយ​កាលពី​ថ្ងៃ​១៤​ខែ​ធ្នូ​ថា សមត្ថកិច្ច​ខេត្ត​បាន​បញ្ជូន​ជនសង្ស័យ​៥​នាក់ ទៅ​សាលាដំបូង​ខេត្ត​កណ្តាល ហើយ​តំណាង​អយ្យការ លោក សំ​ម ឬ​ទ្ធី​វេសនា និង​អនុប្រធាន​តុលាការ លោក វេង ហ៊ត់ បាន​សម្រេច​ឃុំខ្លួន​ជនសង្ស័យ​ទាំង​៥​នាក់​។​

VOD បាន​ធ្វើ​បទសម្ភាសន៍​ជាមួយ​សាស្ត្រាចារ្យ​ពុទ្ធិក​វិទ្យាល័យ​ព្រះសីហនុ​រាជ​ព្រះតេជព្រះគុណ​ពុទ្ធ​កុល វ៉​ង សុ​ភ័ស្ស  គង់​នៅវត្តឧណ្ណាឡោម ទាក់​ទង​នឹង​សារសំខាន់​ព្រះ​សារីរិក​ធាតុ​៖

VOD៖​តើ​ព្រះ​សារីរិក​ធាតុ មាន​សារសំខាន់​យ៉ាងណា​ដែរ​ចំពោះ​ប្រទេស​កម្ពុជា​?

​ព្រះ​តេជគុណ វ៉​ង សុ​ភ័ស្ស​៖ ព្រះ​សារីរិកធាតុ​របស់​ព្រះ​សម្មា សម្ពុទ្ធ ដូចជា​រូប​របស់​ព្រះអង្គ​ដែរ បានន័យថា​ជា​តំណាង​ព្រះ​ព្រះសម្មាសម្ពុទ្ធ ក្រោយ​ពេល​ព្រះអង្គ​បរិនិព្វាន​ទៅ គឺ​ព្រះអង្គ​បន្សល់ទុក​នូវ ព្រះ​ពុទ្ធរូប ហើយ​នឹង​ព្រះ​ធាតុ​ព្រះអង្គ ជា​តំណាង​ព្រះអង្គ សម្រាប់​ពុទ្ធបរិស័ទ  ពុទ្ធសាសនិក ធ្វើការ​គោរពបូជា ហើយ​ខ្មែរ​យើង​ដែល​ជា​ប្រទេស​កាន់​ព្រះពុទ្ធ សាសនា ហើយ​បាន​ចាត់ទុក​សាសនា​ហ្នឹង​ជា​សាសនា​របស់​រដ្ឋ តាំង ពី​សម័យ​សង្គមរាស្ត្រនិយម​មក ហើយ​ព្រះ​សារី រិក ធាតុ​ហ្នឹង មិនមែន​ទើបតែ​មាន​ក្នុងសម័យ​ព្រះរាជាណាចក្រ​ទី​៣​នេះ​ទេ គឺ​តាំងពី​សម័យ​សង្គមរាស្ត្រនិយម​មក​។ កាល​នោះ​យើង​ធ្វើបុណ្យ​សម្ពោធ​ឆ្លង​ពាក់កណ្តាល​ព្រះពុទ្ធសាសនា ពុទ្ធ​សករាជ​២៥០០ យើង​ធ្វើ​បុណ្យ​ឆ្លង​នៅ​មុខរា​ជាយ​ស្ម័យ​យាន ហើយ​ព្រះ​ធាតុ​នេះ​មាន​តាំងពី​មុន​នេះ​មកទៀត អញ្ចឹង​មាន​សារសំខាន់​ណាស់​ដែល​ប្រជា​ពលរដ្ឋ​ខ្មែរ​យើង​ចាត់​ទុក​​ថា​ជា បេតិកភណ្ឌ​ដ៏​មាន​តម្លៃ​មិន​អាច​កាត់ថ្លៃ​បាន​របស់​ពុទ្ធបរិស័ទ​ខ្មែរ​យើង​។ សូមបី​សម័យ ប៉ុលពត សម័យ​វាលពិឃាត ដែល​​យើង​ចាត់ទុក​ថា​អត់​មាន​សាសនា ពួក​ប៉ុល ពត ថ្វីត្បិតែ​ចូល​កាន់កាប់​ប្រទេស​ខ្មែរ​ហើយ​មិនឲ្យ​មាន​ព្រះពុទ្ធសាសនា ប៉ុន្តែ​ពួកនេះ​អត់​បាន​បំផ្លាញ​ព្រះ​សារីរិកធាតុ​ទេ​។ ព្រះ​សារីរិកធាតុ វត្ថុ​មានតម្លៃ  ដែល​ជា​កេរដំណែល​តាំងពី​សម័យ​បុព្វបុរស​មក​នោះ គឺ​ពួក​ខ្មែរក្រហម​នោះ​រក្សាទុក​ដដែល​។​ជា​ការសោកស្តាយ​មួយ​ដែល​យើង​សម័យកាល​នេះ​ទៅ​ហើយ​យើង​មាន​ការធ្វេសប្រហែស មិន​បាន​មើលថែ​ព្រះ​ធាតុ​របស់ ព្រះសម្មាសម្ពុទ្ធ ដែល​ជា​ព្រះវរបិតា​របស់​យើង​ឲ្យបាន​ល្អ​។​

VOD៖​តើ​ការបាត់បង់​ព្រះ​សារីរិកធាតុ អាច​ជា​ប្រផ្នូល​ដូចម្តេច​?

​ព្រះ​តេជគុណ វ៉​ង សុ​ភ័ស្ស​៖ ព្រះ​សារីរិកធាតុ​របស់​ព្រះសម្មាសម្ពុទ្ធ ដូចជា​រូប​របស់​ព្រះអង្គ​ដែរ បាន​ន័យ​ការបាត់​ធាតុ​របស់​ព្រះ​ព្រះសម្មាសម្ពុទ្ធ ដូច​ជា​កូន​មិន​បាន​យកចិត្តទុកដាក់​ឲ្យបាន​ល្អ ធ្វើឲ្យ​ធាតុ​ឪពុកម្តាយ​វិនាស​បាត់បង់​។​វា​ជា​ប្រផ្នូល​មិនល្អ​របស់​ប្រជា​ពល​ដ្ឋ​នេះ​គ្រាន់តែ​ជា​ជំនឿ របស់​ពុទ្ធបរិស័ទ​ទេ ប៉ុន្តែ​ការពិត​យ៉ាងណា​នោះ​គឺ​ចាំ​មើល​ជាក់ស្តែង ប៉ុន្តែ​បើ​តាម​ព្រះ​ពុទ្ធបណ្តាំ ព្រះពុទ្ធ​បំណង​របស់​ព្រះ​ព្រះសម្មាសម្ពុទ្ធ មុន​ពេល​ព្រះអង្គ​ចូល​ព្រះ​បរិនិពា្វ​នទៅ ព្រះអង្គ​បាន​ផ្តាំ​ក្នុងកាល​កូន​របស់​ព្រះអង្គ ពុទ្ធបរិស័ទ ឲ្យ​យកធាតុ​របស់ព្រះអង្គ​ទៅ​តំកល់​ទុក​នៅ​ទីប្រជុំជន តម្កល់ទុក​នៅ​ផ្លូវត្រឡែងកែង ផ្លូវ​បែក​ជា​បី ផ្លូវ​បែក​ជា​បួន ដូចដែល​សម្តេច​ព្រះសង្ឃរាជ ជួន ណាត និង​រាជរដ្ឋាភិបាល សម័យ​សង្គមរាស្ត្រនិយម​ជ្រើស​ទីតាំង​នៅ​មុខរា​ជាយ​ស្ម័យ​យាន ដែល​យើង​ហៅ​ថា​រ៉ា​រថភ្លើង​គឺ​សម​ទៅតាម​បំណង​របស់​ព្រះពុទ្ធ​ហើយ ។

​ព្រះពុទ្ធ​ចង់​ឲ្យ​ទុក​ព្រះ​ធាតុ​របស់​ព្រះអង្គ​នៅ​ទីប្រជុំជន​អញ្ជឹង គឺ​មិន​ចង់​ឲ្យ​ទុក​ធាតុ​ព្រះអង្គ​ទៅ​ទុក​នៅ​ព្រៃភ្នំ​ក្រំ​ថ្ម ឬ​ទីវាល​រហោស្ថាន​ទេ​។ តាមន័យ​អត្ត​កថា​ផ្សេងៗ​ថា ប្រសិនបើ​ពុទ្ធបរិស័ទ​មិន​បាន​មើលថែរក្សា​ធាតុ​របស់​ព្រះពុទ្ធ​ឲ្យបាន​ត្រឹមត្រូវ​ទេ ឬ​យក​ទៅ​ទុក​នៅ​ទី​ស្ងាត់ជ្រងំ ទី​ព្រៃ​រហោស្ថាន​ដែល​មិនសូវមាន​អ្នកណា​ទៅ​គោរព​បូជា​នោះ ព្រះ​ធាតុ​មិន​អាច​ស្ថិត​នៅ​ទីនោះ​បាន​ទេ ត្រូវតែ​បាត់​ចេញពី​ទីនោះ នេះ​ន័យ​ក្នុង​ព្រះ​អត្ត​កថា​ដែល​លោក​រៀបរាប់​មក​នៅក្នុង​គ​ម្ពី​។​

​អញ្ជឹង​ព្រះ​ធាតុ​ហ្នឹង​កាល​ណានៅ​កន្លែង​ដែល​មិន​សមរម្យ មិន​សម​តាម​ព្រះពុទ្ធ​បំណង ព្រះ​ធាតុ​ហ្នឹង​នឹង​បាត់​ទោះបីជា​យើង​ចាក់សោ​ប៉ុន្មាន​ជាន់​ក៏ដោយ ព្រោះ​ព្រះ​ធាតុ​របស់​ព្រះអង្គ​ជា អច្ឆរិយវត្ថុ​មួយ​របស់​ព្រះពុទ្ធសាសនា​។​ព្រះ​ធាតុ​ហ្នឹង គឺ​មិន​អាច​អ្នក​ណា​យក​ទៅ​រំលាយ​បានឡើយ ព្រោះ​ព្រះអង្គ​ទ្រង់​អធិដ្ឋាន​រយៈពេល​៥​ពាន់​ឆ្នាំ​[​តែ​] ឥឡូវនេះ ទើបតែ​បាន​២៥៥៧​ឆ្នាំ​។​

VOD៖​តើ​ព្រះ​សារីរិកធាតុ​ហ្នឹង មកដល់​កម្ពុជា​តាម​វិធី​ណា​?

​ព្រះ​តេជគុណ វ៉ង​សុ​ភ័ស្ស​៖ តាម​អាត្មា​សាកសួរ​ចាស់ទុំ ព្រះសង្ឃ​ចាស់ៗ ដែល​លោក​កើត​ទាន់​អាយុកាល​ពាក់កណ្តាល​សាសនា ដែល​លោក​បាន​បួស​៧​យប់​៧​ថ្ងៃ​នៅ​ពេល​ដែល​ធ្វើបុណ្យ​ពាក់កណ្តាល​សាសនា​ហ្នឹង គឺថា​ព្រះ​ធាតុ​ហ្នឹង​គឺ​នាំ​មក​ពី​ប្រទេស​ឥណ្ឌា រដ្ឋាភិបាល​ប្រទេស​ឥណ្ឌា បាន​ប្រគល់​ជូន​ប្រទេស​ខ្មែរ​យើង​ថ្វាយ​មក​សម្តេច​នរោត្តម​សីហនុ ជា​ផ្លូវការ​ក្នុងនាម​មិត្តភាព​កម្ពុជា​-​ឥណ្ឌា​។ ប្រទេស​កម្ពុជា​យើង​រៀបចំ​ព្រះទីនាំង​គឺ​យន្តហោះ​ទៅ​ទទួល​យក​ពី​ប្រទេស​ឥណ្ឌា មក​កម្ពុជា មាន​ទាំង ព្រះករុណា ព្រះបាទ​នរោត្តម​សីហនុ ព្រះបាទ​សុរាម្រិត សម្តេចព្រះកុសមៈ​នារីរ​ត្ន​ន៍ និង​នាម៉ឺន​សព្វ​មុខមន្ត្រី ខាង​ផ្នែក​ព្រះសង្ឃ មាន ព្រះ​មហាសង្ឃរាជ ជួន ណាត ជាដើម ព្រះអង្គ​យាង​ទៅ​ទទួល​ទ្រ​ព្រះ​ធាតុ​ហ្នឹង​ដោយផ្ទាល់​តែម្តង​។​ពេល​បាន​ព្រះ​ធាតុ​ហ្នឹង​មក ហើយ យើង​ចាប់ផ្តើម​សាង​ព្រះ​សក្ស​មុនី​ចេតីយ៍ ហើយ​ធ្វើ​បុណ្យ​សម្ពោធ​ឆ្លង​ជា​លើក​ទី​១​នៅ​មុខ​រា​ជាយ​ស្ម័យ​យាន ហើយ​ក្នុង​ពេល​បុណ្យ​ពាក់កណ្តាល​សាសនា​ហ្នឹង  មន្ត្រីរាជការ​ទាំងអស់​ត្រូវបាន​អនុញ្ញាត​ឲ្យ​ឈប់​សម្រាក​​៧​យប់​៧​ថ្ងៃ​ហើយ​បុរសៗ​ស្ទើតែ​១០០​ភាគរយ បាន​បួស ខាង​ស្ត្រី​ខ្មែរ​បាន​ស្លៀក​សរ​ពាក់​ស កាន់សីល​រយៈពេល​៧​យប់​​៧​ថ្ងៃ​ផងដែរ​។​

​ចំណាំ​៖ ព្រះ​សារីរិកធាតុ ត្រូវបាន​អតីតព្រះមហាក្សត្រ​ព្រះបាទ​នរោត្ត​សីហនុ យក​ទៅ​តម្កល់​នៅ​ភ្នំ​ឧតុង្គ ក្នុងស្រុក ពញាឮ ខេត្ត​កណ្តាល តាំងពី​ឆ្នាំ​២០០២​។​

VOD៖​ការបាត់បង់​សារិរិក​ធាតុ​នេះ ធ្វើឲ្យ​ប៉ះពាល់​យ៉ាងណាដ​ល់​សាសនាព្រះពុទ្ធ ដែល​ជា​សាសនា​រដ្ឋ​?

​ព្រះ​តេជគុណ វ៉ង​សុ​ភ័ស្ស​៖ ការបាត់បង់​ព្រះ​សារីរិកធាតុ​នេះ គឺជា​ការបាត់បង់​នូវ​អត្តសញ្ញាណ​ឬក៏​ព្រលឹង​សាសនា​របស់​យើង តាមពិត​នេះ​គ្រាន់តែ​ជា​រូប​ខាងក្រៅ តែ​ព្រលឹង​ព្រះពុទ្ធ​សាសនា​បាន​សណ្ឋិត​ក្នុង​បេះដូង​និង​វិញ្ញាណ​របស់​ខ្មែរ​យើង​ទៅ​ហើយ​។ ប៉ុន្តែ​នេះ​ជានិ​ត្ត​រូប នៃ​ព្រះពុទ្ធសាសនា​មួយ​ក្នុងចំណោម​និមិត្តរូប​នៃ​ព្រះពុទ្ធសាសនា​ដែល​ពិភពលោក​ចាត់​ទុកថា​ជា​បេតិកភណ្ឌ​របស់​ជាតិ អញ្ជឹង​ការបាត់បង់​នូវ​ព្រះ​បរម​សារីរិកធាតុ តាម​ការយល់ឃើញ​របស់​អាត្មា អាត្មា​គិតថា ជាការ​អាម៉ាស់​មួយ​របស់​ពុទ្ធបរិស័ទ​ខ្មែរ​យើង ដែល​មិនសូវ​យកចិត្តទុកដាក់​លើ​ព្រះ​បរម​សារិរិក​ធាតុ​ធ្វើឲ្យ​មាន​ការបាត់បង់ គួរឲ្យ​សង្វេក​ជាទីបំផុត​។​អាត្មា​សុំ​បិណ្ឌបាត​ដល់​រាជរដ្ឋាភិបាល និង​អាជ្ញាធរ​ពាក់ព័ន្ធ មេត្តា​លោក​ជូ​យ​ឲ្យអស់​កម្លាំងកាយ ចិត្ត ឲ្យអស់​ពី​សមត្ថភាព ស្វែងរក​ព្រះ​បរម​សារីរិកធាតុ​ឲ្យឃើញ​ត្រ​ឡប់​មកវិញ ហើយ​បើ​រក​មិន​ឃើញ​ទេ ត្រូវ​ទៅ​យាង​ព្រះ​បរម​សារីរិកធាតុ គឺ​មានន័យ​ថា​ទៅ​សុំ​ចែក​ព្រះ​សារីរិកធាតុ​ពី​ប្រទេស​ដើម​ដូចជា​ប្រទេស​ឥណ្ឌា ឬ​ប្រទេស​ស្រីលង្កា​មកវិញ មក​ដំកល់​នៅ​ក្នុង​ព្រះ​សក្យមុនីចេតិយ​ដូចដើម ហើយ​ត្រូវ​សុំ​ខ​មាល​ទោស​អង្គ ព្រះសម្មាសម្ពុទ្ធ ព្រ​បរមគ្រូ​ដើម្បី​កុំឲ្យ​មាន​ទោស​មាន​ពៃ​រ៍ ពីព្រោះ​ជា​ប្រផ្នូល​មិនល្អ​សម្រាប់​សង្គមជាតិ​របស់​យើង​៕

សរសេរមកកាន់ លោក កែវ រតនៈ តាមរយៈratanah@vodhotnews.com

What Next?

Recent Articles