Wednesday, 18 December 2013
ឈន ណន
ភ្នំពេញ ប៉ុស្តិ៍

ភ្នំពេញៈ ម្ចាស់មេដាយប៉េតង់ពិភពលោករបស់កម្ពុជា កែ ឡេង បានក្លាយជាបេក្ខភាពទី៥ ដែលបានឈ្នះមេដាយមាសឲ្យកម្ពុជា នាការប្រកួតកីឡាស៊ីហ្គេម លើកទី២៧ នៅប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីកីឡាការិនីរូបនេះបានយកឈ្នះកីឡា ការិនីរបស់ថៃ ក្នុងការប្រកួតវាយយកពិន្ទុ វគ្គផ្តាច់ព្រ័ត្រ កាលពីថ្ងៃអង្គារ ម្សិលមិញនេះ។
សម្រាប់ការប្រកួត ដែលធ្វើឡើងនៅទីលានវាយប៉េតង់ ក្នុងទីក្រុងណៃពិដោ មួយនេះកីឡាការិនី កែ ឡេង ដែលបានយកឈ្នះកីឡា ការិនីរបស់វៀតណាម នៅវគ្គ១/២ផ្តាច់ព្រ័ត្រនោះ ត្រូវបានកាត់សេចក្តីឲ្យឈ្នះកីឡាការិនីថៃ Potjanaseni Pawinee ក្នុងវគ្គផ្តាច់ព្រ័ត្រ ត្រឹមពាក់កណ្តាលផ្លូវ ដោយមិនចាំបាច់វាយយកពិន្ទុ២លើកដែលនៅសល់ទៀតនោះឡើយ ព្រោះការមានពិន្ទុនាំមុខ ៣០-១៦ វាគ្រប់គ្រាន់សម្រាប់ កែ ឡេង ឈ្នះមេដាយមាសនេះហើយ ខណៈមេដាយសំរឹទ្ធស្ទួនបានទៅលើវៀតណាម និងឡាវ។
ចំណែក ការប្រកួតវាយយកពិន្ទុផ្នែកបុរស កីឡាករកម្ពុជា ឌី សុបញ្ញា បានទទួលមេដាយសំរឹទ្ធស្ទួនជាមួយថៃ ខណៈមេដាយមាសបានទៅឡាវ និងប្រាក់បានទៅលើវៀតណាម។ យោងតាមលទ្ធផលនេះបានបង្ហាញថា គិតត្រឹមល្ងាចថ្ងៃអង្គារ ម្សិលមិញនេះ កម្ពុជាបានឈ្នះមេដាយមាស៥ ប្រាក់៧ និងសំរឹទ្ធ១៣ ប៉ុន្តែបើគិតមេដាយដែលដណ្តើមបានទាំងអស់នេះឲ្យទៅជាគ្រឿងវិញ គឺកម្ពុជាមានចំនួន៧៥គ្រឿងហើយ។
ផ្ទុយពីនេះកីឡាករ ហេង ស៊ូមាន និងកីឡាការិនី ពៅ ឈូករ័ត្ន បានធ្លាក់នៅក្នុងការប្រកួតវិញ្ញាសាវាយគូចម្រុះ ដោយសារ៥ប្រកួត អ្នកទាំង២បានចាញ់វៀតណាម ១៣-៥ ចាញ់មីយ៉ាន់ម៉ា ១៣-៨ ឈ្នះឡាវ ១៣-៨ ឈ្នះម៉ាឡេស៊ី ៩-៥ ប៉ុន្តែចុងក្រោយបានចាញ់ក្រុមថៃ ១១-៨។
កាលពីម្សិលមិញនេះ អត្តពលិកនៃកីឡាសូរីនហ្ស៊ិកាំប៉ូ និងវាយកូនឃ្លីលើតុរបស់កម្ពុជា ទើបតែធ្វើការប្រកួតជម្រុះ នៅលើវិញ្ញាសាខ្លះៗទេ ហើយលទ្ធផលនោះ នៅមិនទាន់អាចបញ្ជាក់ចំពោះអ្នកធ្លាក់ និងអ្នកត្រូវឡើងទៅវគ្គបន្តបានឡើយ៕