ដោយ៖ ឡាយ សាមាន
ថ្ងៃពុធ ទី18 ខែធ្នូ ឆ្នាំ2013
http://vodhotnews.com
ព្រះមហាក្សត្រ ព្រះបរមនាថ នរោត្តម សីហមុនី កាលពីថ្ងៃទី២ ខែវិច្ឆិកាមុន បានទ្បាយព្រះហស្តលេខា តែងតាំងលោក ទ្បេង ប៉េងទ្បុង ជាអគ្គលេខាធិការរដ្ឋសភា ក្នុងនីតិកាលទី៥ បន្ទាប់ពីព្រះអង្គទ្រង់យល់លទ្ធផលសម័យប្រជុំលើកទី១ នីតិកាលទី៥នៃរដ្ឋសភា កាលពីថ្ងៃទី២៤ ខែកញ្ញា ស្តីពីការជ្រើសតាំងរចនាសម្ព័ន្ធថ្នាក់ដឹកនាំរដ្ឋសភា និងសមាសភាពរាជរដ្ឋាភិបាល។
ព្រះរាជក្រឹត្យតែងតាំងនេះធ្វើទ្បើង ក្រោយពីព្រះមហាក្សត្រ កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៣ បានទ្បាយព្រះហស្តលេខា ដាក់ឲ្យលោក ទ្បេង ប៉េងទ្បុង ចូលនិវត្តន៍ នៅក្នុងឋានន្តរសក្តិឧត្តមអភិបាលថ្នាក់លេខ១ ក្របខណ្ឌមន្ត្រីរាជការនៃក្រុមនីតិបញ្ញត្តិ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០១៣។
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក សុខ ទូច ពន្យល់ថា ប្រសិនបើការតែងតាំងនេះ ស្ថិតក្នុងឋានៈស្មើអ្នកនយោបាយ ការដាក់ឲ្យគាត់ចូលនិវត្តន៍ក្នុងក្របខណ្ឌមន្ត្រីរាជការមិនពាក់ព័ន្ធគ្នាទេ។ លោកថា លោក ទ្បេង ប៉េងទ្បុង នឹងទទួលប្រាក់បៀវត្សរ៍ ក្នុងនាមជាអ្នកនយោបាយ ដូចជាចាប់ពីអនុរដ្ឋលេខាធិការទ្បើងទៅ ហើយលោកលែងទទួលប្រាក់បៀវត្សរ៍ជាមន្ត្រីមុខងារសាធារណៈហើយ។
លោក ទ្បេង ប៉េងទ្បុង គឺជាសមាជិកគណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាច ក្នុងរាជរដ្ឋាភិបាល អាណត្តិទី៥នេះ៕
សូមសរសេរមកកាន់លោក ទ្បាយ សាមាន តាមរយៈ laysamean168@yahoo.com