ដោយ៖ ជន ស្រីណុច
ថ្ងៃពុធ ទី18 ខែធ្នូ ឆ្នាំ2013
http://vodhotnews.com
ស្ត្រីខ្មែរពីរនាក់ ដែលទទួលរងការចាប់សម្រាត វាយធ្វើបាបយ៉ាងព្រៃផ្សៃ និងបង្ខាំងទុកជិត២សប្តាហ៍ ពីសំណាក់ថៅកែបនល្បែងមួយកន្លែងនៅប្រទេសថៃនោះ ត្រូវបានសង្គ្រោះឲ្យវិលត្រឡប់មកប្រទេសកម្ពុជាវិញហើយនៅព្រឹកថ្ងៃពុធនេះ។
ការជួយសង្គ្រោះនេះ ធ្វើឡើងភ្លាមៗ ក្រោយពីអង្គការសិទ្ធិមនុស្សក្នុងស្រុកអំពាវនាវដល់រាជរដ្ឋាភិបាលកម្ពុជា និងស្ថាប័នពាក់ព័ន្ធ ឲ្យជួយអន្តរាគមន៍ជាបន្ទាន់ ករណីស្ត្រីខ្មែរទាំងពីរនាក់នេះ។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុកប្រចាំខេត្តបន្ទាយមានជ័យ លោក ស៊ុម ចាន់គា ប្រាប់VOD នៅថ្ងៃទី១៨ ខែធ្នូ នេះថា ស្ថានកុងស៊ុលខ្មែរប្រចាំប្រទេសថៃ បានជួយសង្គ្រោះស្ត្រីខ្មែរពីរនាក់ ជាអ្នកបម្រើក្នុងបនល្បែងមួយ នៅទីក្រុងបាងកកប្រទេសថៃ ដែលត្រូវបានថៅកែចាប់សម្រាត វាយធ្វើបាបយ៉ាងព្រៃផ្សៃនោះ ឲ្យត្រឡប់មកកម្ពុជាវិញហើយ នៅថ្ងៃពុធនេះ។ លោកបន្តថា នៅព្រឹកនេះក្រុមគ្រួសាររបស់ជនរងគ្រោះ កំពុងរង់ចាំទទួលស្ត្រីទាំងពីរនោះ នៅច្រកព្រំដែនប៉ោយប៉ែត។
ស្ត្រីរងគ្រោះទាំងពីរនាក់នោះ ម្នាក់ឈ្មោះ ផាត់ សុមេសា ហៅស្រីដែន អាយុ៣២ឆ្នាំ ជាស្ត្រីមេម៉ាយមានស្រុកកំណើតនៅភូមិផាស៊ីស្រា ឃុំឬស្សីក្រោក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។ ចំណែកម្នាក់ទៀត មិនទាន់ស្គាល់អត្តសញ្ញាណ ពួកគេទាំងពីរនាក់នោះ ត្រូវបានថៅកែបនល្បែងមួយកន្លែងនៅប្រទេសថៃ ចោទថាលួចកិបកេងលុយចំនួន៧លានបាត៕
សូមសរសេរមកកាន់ កញ្ញា ជន ស្រីណុច តាមរយៈ chornsreynoch@vodhotnews.com