ដោយ៖ សុទ្ធ គឹមសឿន
ថ្ងៃព្រហស្បតិ៍ ទី19 ខែធ្នូ ឆ្នាំ2013
http://vodhotnews.com
ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ធ្វើការសំណេះសំណាលជាមួយក្រុមបាតុករ (រូបភាពដោយ តាត ឧត្តម)
សហព័ន្ធសិទ្ធិមនុស្ស និងអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃព្រហស្បតិ៍នេះ លើកឡើងថា គណបក្សសង្គ្រោះជាតិ និងសហជីពមួយចំនួន បានញុះញង់ឲ្យកម្មករ និយោជិក គ្រូបង្រៀន មន្ត្រីរាជការ សិស្ស និស្សិត និងប្រជាពលរដ្ឋខែ្មរ ឈប់សម្រាកពីការងារ ដើម្បីចូលរួមធ្វើមហាបាតុកម្ម ដែលសហព័ន្ធនេះចាត់ទុកថាជា «ទង្វើបំពានច្បាប់បោះឆ្នោត»។
គណបក្សសង្គ្រោះជាតិ កំពុងធ្វើបាតុកម្មជារៀងរាល់ថ្ងៃ ក្នុងគោលដៅទាមទារទម្លាក់លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះចេញពីតំណែង និងបោះឆ្នោតឡើងវិញ។
សេចក្ដីថ្លែងការណ៍របស់សហព័ន្ធ ឲ្យដឹងថា «មហិច្ឆិតានយោបាយដ៏ខ្មៅងងឹត និងភាពល្ងង់ខ្លៅរបស់ គណបក្សសង្គ្រោះជាតិ និងសហជីព» បានអនុវត្តផ្ទុយទៅនឹងគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ និងមិនមែនជាទម្លាប់ ដែលអន្តរជាតិ និងបណ្តាប្រទេសផ្សេងៗ តែងតែប្រកាន់យកនោះទេ។ សេចក្តីថ្លែងការណ៍បន្តថា ការញុះញង់ចូលរួមបាតុកម្មនេះ បំពានច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងជាការប៉ុនប៉ងធ្វើរដ្ឋប្រហារធម្មនុញ្ញ។ សហព័ន្ធ បានបញ្ជាក់ថា គណបក្សសង្គ្រោះជាតិ និងសហជីពមួយចំនួន បានញុះញង់បំបែកបំបាក់ សាមគ្គីភាព ឯកភាពជាតិ សំដៅរុញច្រានកម្ពុជាឲ្យធ្លាក់ទៅក្នុងភាពចលាចល បាត់បង់សណ្ដាប់ធ្នាប់ បង្កវិបត្តិកលយុគសេដ្ឋកិច្ច អសន្តិសុខក្នុងសង្គម និងភាពវឹកវរ។
សហព័ន្ធសិទ្ធិមនុស្ស និងអភិវឌ្ឍន៍កម្ពុជា អំពាវនាវឲ្យគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ងាកមករកតុចរចាគ្នាវិញ ដោយអនុវត្តនូវសេចក្ដីប្រកាសរួម នៃជំនួបកំពូលរវាងគណបក្សទាំងពីរ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៣ ដោយចាត់ទុកថានេះជាមធ្យោបាយដ៏ល្អបំផុត ក្នុងការបង្រួបបង្រួមជាតិ ដោយឈរលើផលប្រយោជន៍ជាតិជាធំ និងតាមព្រះរាជតម្រិះរបស់ព្រះមហាក្សត្រ។
អគ្គនាយកទំនាក់ទំនងសាធារណៈ របស់គណបក្សសង្គ្រោះជាតិ លោកស្រី មូរ សុខហួរ មានប្រសាសន៍ថា ប្រជាពលរដ្ឋមានសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងមានសិទ្ធិទាមទាររកយុត្តិធម៌ ដូចដែលមានចែងនៅក្នុងច្បាប់។ លោកស្រីបន្ដថា គណបក្សសង្គ្រោះជាតិ មិនដែលបដិសេធការចូលរួមចរចាទេ តែការចូលចរចាកន្លងមកនេះ មិនដែលទទួលបានលទ្ធផលទេ៕
សរសេរមកកាន់លោក សុទ្ធ គឹមសឿន តាមរយៈ keomsoeunsoth@gmail.com