ដោយ៖ ជន ស្រីណុច
ថ្ងៃព្រហស្បតិ៍ ទី19 ខែធ្នូ ឆ្នាំ2013
http://vodhotnews.com
លោក អាត់ អន់ ប្រធានសហភាពការងារកម្ពុជា (រូបថតដោយ ជន ស្រីណុច)
សហភាពការងារកម្ពុជា (CLC) នៅថ្ងៃព្រហស្បតិ៍នេះ បង្ហាញថា បញ្ហាច្បាប់នយោបាយ ឥទ្ធិពលទឹកប្រាក់ និងការផ្តល់កិច្ចសន្យាខ្លីពីសំណាក់និយោជក ជាបញ្ហាដែលធ្វើឲ្យសហជីពមិនអាចអនុវត្តការងារ ឬសិទ្ធិសេរីភាពសមាគម របស់ខ្លួនបានល្អ នៅក្នុងវិស័យរោងចក្រ សហគ្រាសនានានៅក្នុងប្រទេសកម្ពុជា។
ការបង្ហាញនេះធ្វើឡើងក្នុងសិក្ខាសាលាស្តីពីឧបសគ្គ និងការអភិវឌ្ឍន៍សេរីភាពសមាគមនៅកម្ពុជា នារាជធានីភ្នំពេញ។
ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ មានប្រសាសន៍ថា កន្លងមក ក្រុមសហជីពមិនត្រូវបានបំពេញកិច្ចការដោយសេរីទេ ជាពិសេសការបំពេញការងាររបស់ខ្លួនគឺមិនបានល្អ ដោយសារតែមានឧបសគ្គទាំង៤នេះ។ លោកបន្តថា ច្បាប់មួយចំនួនមិនបានបើកឱកាសឲ្យសហជីព ឬកម្មករមានសិទ្ធិក្នុងការបង្កើតសហជីព។ ការជ្រែតជ្រែកខាងផ្នែកនយោបាយ គឺជាឧបសគ្គមួយ ព្រោះបុគ្គលមួយចំនួនបានយកឥទ្ធិពលខ្លួនឯងមកគ្រប់គ្រងលើសហជីព នាំឲ្យមិនមានឯករាជ្យភាព។
លោក អាត់ ធន់ ឲ្យដឹងទៀតថា ភាគច្រើននិយោជក តែងតែបង្កើតកិច្ចសន្យាខ្លីជាមួយកម្មករ ដើម្បីជាគន្លឹះ ឬល្បិចកលមួយមិនចង់ឲ្យមានការបង្កើតសហជីពឯករាជ្យនៅក្នុងរោងចក្រ។ បច្ចុប្បន្នប្រទេសកម្ពុជាមានសហភាព១៣ សហព័ន្ធ៧៩ និងសហជីព ២៩៨៕
សូមសរសេរមកកាន់កញ្ញា ជន ស្រីណុច តាមរយៈ chornsreynoch@vodhotnews.com