Friday, 20 December 2013
សេត គឹមសឿន
ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញៈ តារាចម្រៀងសម្តែងនាង គឹម លីហ្សា បានសម្រេចយ៉ាងច្បាស់ហើយថា នៅក្រោយពេលរៀបមង្គលការរួច នាងនឹងយកកូនភ្លែតតែម្តង។
ការ សម្រេចចិត្តនេះ ត្រូវបានគេមើលឃើញថា ស្រដៀងគ្នានឹងតារាសម្តែងនាង សារ៉ាយ សក្ខណា ដែរ ពោលគឺរៀបការរួចនឹងយកកូនភ្លាមតែម្តង។ នៅក្នុងពិធីមង្គលការរបស់ខ្លួន គឹម លីហ្សា បាននិយាយទាំងស្នាមញញឹមថា៖«សម្រាប់ខ្ញុំ និងស្វាមី បាននិយាយគ្នារួចហើយ គឺមិនចាំយូរទេ។ រៀបការរួចហើយគឺយើងនឹងយកកូនភ្លាមតែម្តង គឺយកតាមបែបធម្មជាតិ»។
បុរសនៅឯនាយសមុទ្រដែលតារាស្រីវ័យ២៥ ឆ្នាំ នាងគឹម លីហ្សា សម្រេចចិត្តផ្ញើជីវិតជាមួយម្នាក់នោះ ត្រូវបានគេដឹងថា មានឈ្មោះ គាវ វុឌ្ឍី ហៅស្តេវិន អាយុ២៩ឆ្នាំ។ បុរសរូបនេះមិនមែនជាអ្នកមានកំណើតនៅប្រទេសអូស្ត្រាលីនោះទេ ពោលគឺលោកទើបតែទៅរស់នៅប្រទេសអូស្ត្រាលី៧ឆ្នាំប៉ុណ្ណោះ។ សព្វថ្ងៃលោក គាវ វុឌ្ឍី មានមុខរបរជាគ្រូពេទ្យម្នាក់។
ពាក់ព័ន្ធ នឹងចំណងស្នេហ៍នេះ តារាសម្តែងស្រីចង់បានប្តីនៅវ័យ២៥ឆ្នាំរូបនេះ គឹម លីហ្សា បានទម្លាយឲ្យភ្នំពេញ ប៉ុស្តិ៍ ដឹងពីអាថ៌កំបាំងខ្លួនថា តាមពិតចំណងស្នេហ៍របស់ពួកនាងមិនមែនទើបតែផ្តើមនាពេលថ្មីៗនេះ ទេ ពោលគឺស្គាល់គ្នារាប់ឆ្នាំមកហើយ តែមិនចង់និយាយព្រោះខ្លាចក្រែងមានការប្រែប្រួលនាំឲ្យមានភាព ហ្មងសៅ។
គឹម លីហ្សា បាននិយាយថា៖«តាមពិតពួកយើងមិនមែនទើបស្គាល់គ្នានោះទេ យើងស្គាល់គ្នាច្រើនឆ្នាំហើយ តែពីមុនខ្ញុំអត់ទាន់ចង់និយាយ។ ពីមុនគេតែងនិយាយថា ខ្ញុំទទួលការឧបត្ថម្ភពីអ្នកមាននេះ ឧកញ៉ានោះ តែខ្ញុំអត់ចង់បកស្រាយអីច្រើន ព្រោះខ្ញុំគិតថា ចាំដល់ពេលអ្នកទាំងអស់គ្នានឹងបានដឹង»។ នាងបានបញ្ជាក់បន្ថែមថា៖«ការរៀបអាពាហ៍ពិពាហ៍របស់ខ្ញុំ ក៏មិនមែនទើបតែគ្រោង ហើយធ្វើភ្លាមនោះទេ តាមពិតយើងបានគិតជាមួយគ្នាពីគម្រោងហ្នឹងជាង១ឆ្នាំហើយ»។
ស្រប គ្នានោះដែរ កូនកំលោះមកពីប្រទេសអូស្ត្រាលី លោក ស្តេវិន ក៏បានរំឭកចំណងស្នេហ៍របស់ខ្លួនជាមួយនឹងភរិយាក្នុងសម្តីសុភាពរាបសាថា៖«ខ្ញុំបានស្គាល់ លីហ្សា យូរហើយជាង២ឆ្នាំ។ ដំបូងខ្ញុំស្គាល់គាត់ត្រឹមតែក្នុងបទចម្រៀង ឬការសម្តែងប៉ុណ្ណោះ មិនដែលបានជួបផ្ទាល់ទេ។ ទើបតែនាងមកសម្តែងនៅអូស្ត្រាលី ក៏បានជួបផ្ទាល់ តែក៏អត់បានទាក់ទងគ្នាដែរ។ លុះគាត់ត្រឡប់មកវិញ ទើបយើងទាក់ទងតាមហ្វេសប៊ុក និងទូរស័ព្ទ ហើយក៏ព្យាយាមស្គាល់គ្នារហូតមក»។
លោក ស្តេវិន បាននិយាយដោយស្មោះត្រង់ថា៖«ខ្ញុំស្រឡាញ់គាត់ ដោយសារតែគាត់ស្អាត ពិសេសគឺនៅពេលគាត់ស្លៀកពាក់បែបខ្មែរតែម្តង។ ម្យ៉ាងមកពីខ្ញុំចូលចិត្តស្តាប់គាត់ច្រៀង គឺច្រៀងពីរោះ»។
ក្រោយ ស្វែងយល់ចិត្តគ្នារាប់ឆ្នាំ គឹម លីហ្សា បានឲ្យដឹងថា នៅពេលចុងក្រោយស្វាមីរបស់នាងបានសុំនាងរៀបការ នៅពេលនោះនាងក៏មិនបានឆ្លើយតបដែរ តែនាងបានឲ្យស្វាមីនាងចុះមកស្រុកខ្មែរ ដើម្បីជួបឪពុកម្តាយនាង។ ក្រោយការសម្រេច និងដឹងឮរបស់ចាស់ទុំទាំងសងខាង ទើបមង្គលការនេះកើតមានឡើង។
គឹម លីហ្សា បានឲ្យដឹងថា ក្រោយរៀបការរួច នាងនឹងចេញទៅរស់នៅតាមប្តីនៅអូស្ត្រាលី ប៉ុន្តែនៅពេលនេះ នាងមិនទាន់ទទួលបានវីសានៅឡើយទេ។ នាងបានបញ្ជាក់ថា៖«ខ្ញុំនឹងត្រូវចូលសម្ភាសន៍នៅទូតអូស្ត្រាលី ថ្ងៃចន្ទ [ទី២៣] នេះ។ ខ្ញុំសង្ឃឹមថា អ្វីៗនឹងដំណើរការទៅយ៉ាងប្រសើរ»៕
