Friday, 20 December 2013
ម៉ៃ ទិត្យថារ៉ា
ភ្នំពេញ ប៉ុស្តិ៍

កំពង់ស្ពឺ/ ឱរ៉ាល់ៈ សំឡេងរណារអារឈើបានលាន់ឮរំពងព្រៃ នៅក្នុងបរិវេណដែនជម្រកសត្វព្រៃ ភ្នំ ឱរ៉ាល់ ចំណែកឯឈើជាច្រើនត្រូវបានគរទុកដើម្បីរង់ចាំឈ្មួញមកទិញ ហើយគោយន្តក៏បានចាប់ផ្តើមសកម្មភាពដឹកជញ្ជូនឈើចេញពីព្រៃ ដោយពុំមានមន្ត្រីសមត្ថកិច្ចជំនាញណាម្នាក់ចេញមកការពារក្រៅ ពីអង្គុយយកលុយពីឈ្មួញឈើទាំងនោះឡើយ។
ទឹកមុខក្រៀមក្រំ ដោយសារតែឃើញវិនាសកម្មព្រៃឈើដែលធ្លាប់តែគ្របដណ្តប់នៅក្នុងតំបន់ ដែលធ្លាប់រស់នៅតាំងពីកុមារភាព ព្រះតេជគុណ សំ គឹមសាត ព្រះជន្ម ៦៥ វស្សា ជាអ្នកដែលចេញមុខយ៉ាងសកម្មក្នុងការការពារព្រៃឈើជំនួសមន្ត្រី ជំនាញបានមានសង្ឃដីកាថា ការកាប់បំផ្លាញព្រៃឈើនៅក្នុងដែនជម្រកសត្វ ភ្នំ ឱរ៉ាល់ គឺកើតឡើងតាមរយៈក្រុមហ៊ុនទទួលបានដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាល ដូចជាក្រុមហ៊ុន លី យ៉ុងផាត់ កាប់ឈើដើម្បីដាំអំពៅ និងក្រុមហ៊ុន ចិន អេច អិល អេច កាប់ឈើដើម្បីដាំពោត រួមទាំងអ្នកដែលរកស៊ីកាប់ឈើប្រណីតៗនៅក្នុងស្រុក ឱរ៉ាល់ នេះ។ ព្រះអង្គបានមានសង្ឃដីកាថា៖ «ឈ្មោះ គា ជាអ្នកទទួលទិញធំដើម្បីយកទៅលក់ ឲ្យក្រុមហ៊ុន ទ្រី ភាព ចំណែកអ្នកដើរប្រមូលទិញនៅក្នុងភូមិយកទៅលក់ឲ្យឈ្មោះ គា គឺឈ្មោះ ខា»។
ព្រះអង្គបានមានសង្ឃដីកាថា ការកាប់បំផ្លាញព្រៃឈើដែលគ្រោះថ្នាក់បំផុតគឺប្រមាណ ៥ឆ្នាំចុងក្រោយនេះ។ កាលពីដើមឡើយនៅក្នុងតំបន់ ឱរ៉ាល់ នេះគឺពោរពេញទៅដោយដើមឈើធំៗ ហើយសុទ្ធតែជាប្រភេទឈើប្រណីត ប៉ុន្តែនៅពេលដែលក្រុមហ៊ុនចាប់ផ្តើមចូលមកគឺការបំផ្លាញមានយ៉ាងគំហុកតែម្តង។ ព្រះអង្គបានមានសង្ឃដីកាបន្ថែមថា៖ «បច្ចុប្បន្ននៅពេលដែលអាត្មានិមន្តទៅណា ឃើញសុទ្ធតែវាលល្ហល្ហេវ បាត់អស់រលីងធម្មជាតិបៃតង អាត្មាស្ទើរស្រក់ទឹកភ្នែកស្តាយព្រៃឈើនិងធនធានធម្មជាតិដែលបានបាត់បង់»។
ព្រះអង្គបានមានសង្ឃដីកាបន្ថែមថា ដីនេះគឺជាដីតំបន់ព្រះរាជក្រឹត្យ ដូច្នេះហើយបានសម្បូរព្រៃឈើ សត្វព្រៃ ហើយមានពេលខ្លះក៏មានខ្លា ដើរមកចូលក្នុងភូមិផងដែរ តែក្រោយមកក៏បានក្លាយជាតំបន់ដែលកាប់ព្រៃឈើខ្លាំងជាងគេ ដោយសារតែរដ្ឋាភិបាលផ្តល់សិទ្ធិសម្បទានសេដ្ឋកិច្ចឲ្យទៅក្រុមហ៊ុន ឯកជន។ ព្រះអង្គបានមានសង្ឃដីកាបន្តថា៖ «ពីមុនព្រៃក្រាស់សត្វរស់នៅ រាយប៉ាយគ្រប់ទីកន្លែង តែដោយសារតែការកាប់ព្រៃនៅក្នុងតំបន់នេះបានបណ្តាលឲ្យសត្វព្រៃរត់មកនៅជុំគ្នានៅត្រង់ចំណុចខ្នងស្រល់ ដែលមានទាំងដំរី ខ្លា ទន្សោង ខ្ទីងរាប់រយក្បាលបានមករស់នៅ តែវាអាចនឹងឈានទៅរកការបាត់បង់ទាំងស្រុងដោយសារតែបច្ចុប្បន្ន នេះឈ្មួញបាននាំគ្នាទៅកាប់ឈើដល់តំបន់កំពូលភ្នំព្រៃស្រោងនេះ ហើយ។ អាត្មាមិនទុកចិត្តរដ្ឋាភិបាលទេទើបបានជានាំគ្នាទប់ស្កាត់ដោយខ្លួនឯងនៅពេលណាដែលរដ្ឋាភិបាលអាចអភិរក្សត្រឹមត្រូវគឺយកវិញចុះ យើងគ្រាន់តែការពារបណ្តោះអាសន្នប៉ុណ្ណោះ»។
ព្រះអង្គមានសង្ឃដីកាបន្ថែមថា ព្រះបាទ នរោត្តម សីហនុ បានចេញព្រះរាជក្រឹត្យទុកដីព្រៃនេះជាតំបន់អភិរក្ស ប៉ុន្តែដល់សម័យសម្តេចតេជោ ហ៊ុន សែន បានចេញអនុក្រឹត្យផ្តល់ដីសម្បទានសេដ្ឋកិច្ចឲ្យទៅក្រុមហ៊ុនបំផ្លាញព្រៃ។ ព្រះអង្គបានមានសង្ឃដីកាបន្ថែមទៀតថា៖ «ការបំផ្លាញព្រៃឈើនេះគឺមានការរួមចំណែកពីរដ្ឋាភិបាលបើមិនផ្តល់ដីសម្បទានសេដ្ឋកិច្ចព្រៃក៏មិនអស់ដែរ»។
ព្រះអង្គបានមានសង្ឃដីកាថា កន្លែងឃ្លាំងឈើនោះគឺនៅស្ពានដែក ត្មាតពង មួយកន្លែង និងពិសេសគឺនៅខាងក្រោយផ្ទះឈ្មួញឈើនៅក្នុងភូមិ ហើយការដឹកជញ្ជូនឈើគឺឈ្មួញដឹកតាមរយៈរថយន្តទំនើបៗដែលពាក់ស្លាកលេខ ខ.ម ធ្វើឲ្យមន្ត្រីបរិស្ថានមិនហ៊ានឃាត់។
មិនខុសគ្នាពីព្រះតេជគុណ គឹមសាត ប៉ុន្មាន លោក ផង់ គិត អាយុ ៥៥ឆ្នាំ ដែលតែងតែចេញមុខការពារព្រៃបានថ្លែងថា ការកាប់បំផ្លាញព្រៃឈើគឺក្រុមហ៊ុនគេកាប់មានច្បាប់ ប៉ុន្តែក្រៅពីក្រុមហ៊ុនគឺការកាប់អនាធិបតេយ្យពីសំណាក់ប្រជាពលរដ្ឋដែលកាប់ធ្វើធ្យូងដោយមានការឃុបឃិតគ្នាជាមួយអាជ្ញាធរ។
លោកបានឲ្យដឹងទៀតថា ការការពារព្រៃឈើនៅក្នុងដែនជម្រកសត្វព្រៃ ភ្នំ ឱរ៉ាល់ នេះគឺជា ភារកិច្ចរបស់មន្ត្រីបរិស្ថានគឺលោក ឈុន ឈៀហេង និងលោក ខន សុខុន ជាអ្នកការពារ ប៉ុន្តែមន្ត្រីបរិស្ថានឃុបឃិតយកលុយពីគេការពារមិនបាននោះគឺជា រឿងរបស់មន្ត្រីបរិស្ថាន។ លោកបានឲ្យដឹងទៀតថា៖ «សព្វថ្ងៃនេះខ្ញុំមិនដែលឃើញពួកគាត់ការពារនោះទេគឺឃើញតែដើរមកមួយភ្លែតៗយកលុយគេហើយទៅវិញ ហើយឈើនៅសល់តែដើមឈើណាដែលបរិស្ថានបិទស្លាកសញ្ញាហាមកាប់ដើមឈើប៉ុណ្ណោះប៉ុន្តែដើមឈើផ្សេងទៀតនៅក្បែរស្លាកសញ្ញានោះគឺ កាប់គ្មានសល់ទេ»។
ម៉ុន សំអាត អាយុ ៣៥ ឆ្នាំ ប្រធានសហគមន៍ការពារព្រៃឈើ ល្ងើម បានមានប្រសាសន៍ថាសព្វថ្ងៃនេះការដឹកជញ្ចូនព្រៃឈើមានតាមរទេះគោ គោយន្ត រថយន្ត ឯអ្នកដែលបំផ្លាញព្រៃឈើធំជាងគេគឺក្រុមហ៊ុនតែម្តង គឺគេឈូសសូម្បីតែឫសឈើមិនឲ្យសល់ផងដោយសារតែគេសំអាងថាគេមានច្បាប់។ លោកបានឲ្យដឹងទៀតថា៖ «យើងការពារព្រៃឈើប្រឆាំងនឹងអ្នកមានអំណាចដែលជាអ្នកកាប់ឈើនោះគឺលំបាកបំផុតហើយអ្នកដែលការពារអ្នកកាប់ព្រៃឈើគឺទាហាន មន្ត្រីបរិស្ថាន និងមន្ត្រីរដ្ឋបាលព្រៃឈើ។ មេព្រៃមិនមែនមកការពារព្រៃនោះទេគឺមកទិញឈើតែម្តង ពីព្រោះគាត់ទិញទុកនៅកន្លែងគាត់ហើយលក់ឲ្យឈ្មួញបន្ត ហើយបរិស្ថានជាអ្នកយកលុយពីពលរដ្ឋកាប់ឈើ បើបរិស្ថានមិនយកលុយមិនមែនឈើដឹកចេញរួចដែរ»។
ចំណែកឯលោក ព្រំ ធី ដែលប្រកបរបរជាព្រានព្រៃអស់រយៈពេលជាង ១០ឆ្នាំ បានឲ្យដឹងថា ក្រសួងមើលទឹកអស់ត្រី ក្រសួងមើលព្រៃអស់ព្រៃ ដូច្នេះហើយបានជាលោកដើរចោលមុខតំណែងជាទាហានស័ក្តិ ៥ នៅកងពល លេខ ៧។ លោកបានឲ្យដឹងថា៖ «គេមិនដឹងថា ខ្ញុំឈឺចាប់ប៉ុនណានោះទេ ខ្ញុំទៅការពារនៅ ព្រះវិហារ តែដីចម្ការរបស់ខ្ញុំបែរជាក្រុមហ៊ុន អេច អិល អេច គេយកអស់ ដូច្នេះមិនដឹងការពារដើម្បីអីទៀតទេ មានតែឈប់តែម្តងទៅ»។
លោកបានឲ្យដឹងទៀតថា គ្រាន់តែក្រុមហ៊ុន លី យ៉ុងផាត់ និង អេច អិល អេច ដាក់ភ្លាម អស់ព្រៃវាលល្វឹងល្វើយ ហើយក្នុងដែនអភិរក្សគេដាក់ប៉ុស្តិ៍កណ្តាលព្រៃយកលុយតែម្តង គេយកលុយមិនខ្មាសអៀនទេ ហើយមួយគោយន្តគេយក ៥ ម៉ឺនរៀលសម្រាប់បរិស្ថាន ហើយភូមិភាគគេយក ៣ ម៉ឺន គេដើរយកពេញតែព្រៃហ្នឹង»។
លោកបានឲ្យដឹងទៀតថា ដើម្បីការពារព្រៃ ស្រល់ ដែលនៅសល់ជាង ១ ម៉ឺនហិកតា និងសត្វព្រៃដែលកំពុងតែរស់នៅបាននោះគឺលោកមានបំណងឲ្យក្រុមព្រះសង្ឃឯករាជ្យប្រមាណជា ១២ អង្គនៅបង្កើតអាស្រមក្នុងតំបន់នោះ បើមិនដូច្នេះទេអស់ហើយគ្មានសល់អីទេទាំងព្រៃទាំងសត្វ ពីព្រោះ សត្វថ្ងៃនេះដំរីទាំងតូចទាំងធំមាន ៤៧ ក្បាល ហើយទើបតែកើតកូន ៤ ថែមទៀត។ លោកបានឲ្យដឹងថា៖ «ខ្ញុំមិនចង់ឲ្យបរិស្ថានមកជួយការពារទេពី ព្រោះមកតែឃុបឃិតគ្នាបាញ់សត្វយកភ្លុកទៅលក់ ហើយកាប់ព្រៃហ្នឹង ខ្ញុំដឹងក្រយៅអស់ហើយ។ ខ្ញុំចង់អភិរក្សដោយសារតែខ្ញុំយល់ឃើញថាសត្វទាំងអស់នោះកំពុងរស់នៅក្នុងគំនាបរបស់អ្នកកាប់ឈើ»។
លោកបានឲ្យដឹងទៀតថា បច្ចុប្បន្ននេះដើមឈើធំៗរាប់ពាន់ដើមដែលឈ្មួញកាប់គរចោលនៅក្នុងតំបន់ដែលដំរីកំពុងរស់នៅនោះពុំទាន់ដឹកចេញ បើនៅតែបណ្តោយឲ្យមានឈ្មួញកាប់បែបនេះមួយឆ្នាំក្រោយទៀតគឺហិនហោចតែម្តង។ លោកបានបន្ថែមឲ្យដឹងទៀតថា៖«សុំឲ្យមានអង្គការណាមកជួយអភិរក្សសត្វនៅក្នុងតំបន់ចុងក្រោយនេះផង»។
ពលរដ្ឋដែលកាប់ឈើប្រមាណជា ១៥ ឆ្នាំ លោក រាម បានឲ្យដឹងថា កាលពីដើមឡើយ គ្រញូង នៅពាសពេញក្នុងតំបន់នេះតែម្តង ហើយសុទ្ធតែជាដើមឈើធំៗទៀតផង តែចាប់តាំងពីខាងក្រុមហ៊ុនចូលមកប្រមាណ ៥ឆ្នាំ ហិនហោចអស់រលីង។ ដំបូងគេកាប់យកឈើគ្រញូងធំៗ ក្រោយមកតូចល្មម ហើយក្រោយមកទៀតគឺទិញទាំងឫស។ លោកបានឲ្យដឹងទៀតថា៖ «យើងមិនចង់កាប់ឈើទេតែបើយើងមិនកាប់ក៏ក្រុមហ៊ុនគេកាប់អស់ដដែល»។
នាង ឌឿន អាយុ ២៤ឆ្នាំ ដែលជាអ្នករកស៊ីកាប់ឈើនៅក្នុងភ្នំ ឱរ៉ាល់ បានថ្លែងឲ្យដឹងថា ក្រុមរបស់លោកមកកាប់ឈើនោះមាន ១៥នាក់ ហើយពួកគាត់មករកកាប់ឈើប្រភេទ ធ្នង់ នាងនួន ហើយឈើដែលរកបានហើយថៅកែឡើងមកទិញនៅក្នុងព្រៃនេះតែម្តងដោយ ក្នុងមួយគុបតម្លៃ ៦៥០ ដុល្លារ ហើយអាជ្ញាធរអភិរក្សពុំចាប់នោះទេដោយសារតែថៅកែគេបង់លុយសម្រាប់ដឹកឈើចេញ។ ឌឿន បានថ្លែងឲ្យដឹងថា៖ «ខ្ញុំធ្វើការរោងចក្ររកលុយមិនបានច្រើន មានតែកាប់ឈើលក់ទេទើបបានលុយច្រើន»។
ឌឿន បានឲ្យដឹងថា ពួកគេត្រឡប់ទៅផ្ទះវិញ ២ សប្តាហ៍ម្តងនៅពេលដែលសន្សំលុយបាន ម្នាក់ៗ ១ លានរៀលឬ ២ លានរៀល។ ឌឿន បានឲ្យដឹងទៀតថា៖ «យើងត្រឡប់ទៅផ្ទះវិញតាមគោយន្តរបស់ថៅកែ ឈើដែលគេឡើងមកដឹកឈើ»។
ឈើត្រូវបានកាប់ដាក់ជាគំនររាយប៉ាយ ពេញព្រៃ ហើយផ្លូវចូលទៅកាប់ព្រៃនៅក្នុងដែនជម្រកសត្វព្រៃភ្នំ ឱរ៉ាល់ ត្រូវបានដាក់មន្រ្តីឧទ្យានុរក្សបរិស្ថាន នៅកណ្តាលព្រៃ ដើម្បីត្រួតពិនិត្យអ្នកចេញចូលនៅក្នុងព្រៃ ហើយព្រះសង្ឃដែលព្យាយាមចូលទៅមើលព្រៃ ត្រូវបានហាមឃាត់មិនឲ្យចូល អ្នកដែលមិនស្គាល់មុខត្រូវសុំការអនុញ្ញាតពីមន្ត្រីអនុរក្សទាំងនោះ ដោយបង្ហាញឯកសារឬក៏សុំការអនុញ្ញាតពីរដ្ឋមន្ត្រីក្រសួង បរិស្ថាន ប៉ុន្តែអ្នកកាប់ឈើគឺចូលបានដោយសេរីដោយគ្រាន់តែបង់លុយ ៥ ម៉ឺនរៀលសម្រាប់រទេះគោ ឬគោយន្តមួយ។
លោក អ៊ូច ឡេង ប្រធានអង្គការក្រុមកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា ដែលបានចុះទៅធ្វើការស្រាវជ្រាវនៅក្នុងដែនជម្រកសត្វព្រៃ ភ្នំ ឱរ៉ាល់ បានឲ្យដឹងថា ដែនជម្រកសត្វព្រៃភ្នំ ឱរ៉ាល់ មានទំហំសរុប ២៥៣ ៧៥០ ហិកតាតាមព្រះរាជក្រឹត្យឆ្នាំ ១៩៩៣។ លោកបានឲ្យដឹងទៀតថា៖ «តំបន់ ឱរ៉ាល់ ត្រូវបានវិនាសហិនហោចស្ទើរទាំងស្រុង ដោយសារការផ្តល់សម្បទានដីសេដ្ឋកិច្ចជូនក្រុមហ៊ុនឯកជនចំនួន ២០ លើផ្ទៃដីសរុប ១៧០ ០១៦ ហិកតា។ ការកាត់ដីតំបន់ដែនជម្រកសត្វព្រៃជូនប្រជាពលរដ្ឋនៅក្នុងអំឡុងពេលប្រមូលប្រជាប្រិយភាពគាំទ្រការបោះឆ្នោតដោយក្រុមយុវជនស្ម័គ្រចិត្តសរុបមានទំហំ ៦៧ ៥០៧ ហិកតា ដែលបានផ្តល់ជូនប្រជាពលរដ្ឋចំនួន ២៦ ០៣៤ គ្រួសារ។ ជាសរុបវិនាសកម្មនៃការបាត់បង់ព្រៃនិងដីសរុបទំហំ ២៣៧ ៥២៣ ហិកតា ព្រៃនៅសល់ ១៦ ២២៧ ហិកតា ស្មើនឹង ៦ ភាគរយ ដែលជាតំបន់កំពូលភ្នំ ឱរ៉ាល់។ ដូចនេះតំបន់ ឱរ៉ាល់ បានបាត់បង់ ៩៤ ភាគរយនៃព្រៃឈើនៅតំបន់ ឱរ៉ាល់ ទាំងមូល»។
លោកបានឲ្យដឹងទៀតថា នៅដែនជម្រកសត្វព្រៃភ្នំ ឱរ៉ាល់ ត្រូវបានគេកាប់ឈើអស់ចាប់ពីជើង ភ្នំរហូតដល់កំពូលភ្នំហើយកត្តាដែលធ្វើឲ្យបាត់បង់ព្រៃឈើនោះ ដោយសារ ការបើកដៃ និងឃុបឃិតកាប់បំផ្លាញព្រៃឈើ ដើម្បីធ្វើមានបានរបស់អ្នកភូមិនៅជុំវិញ ឱរ៉ាល់ ជាថ្នូរនឹងការប្រមូលប្រាក់ពីអ្នកដឹកឈើតាមរទេះ និងក្រុមឈ្មួញឈើ។ ការប្រកបមុខរបររបស់សមត្ថកិច្ចវិញគឺទិញ និងដឹកឈើលក់ឲ្យក្រុមហ៊ុនធំៗ បន្ត ដូចជា ក្រុមហ៊ុន ទ្រី ភាព ជាដើម ហើយវត្តមានរបស់រដ្ឋបាលព្រៃឈើ និងក្រុមមន្ត្រីបរិស្ថានក៏បណ្តាលឲ្យវិនាសព្រៃឈើផងដែរ។ លោកបានឲ្យដឹងទៀតថា៖ «អាជ្ញាធរបណ្តោយឲ្យគេកាប់ឈើឡើងត្រងោលភ្នំអស់ទៅហើយ ហើយរដ្ឋាភិបាលក៏បានផ្តល់ដីសម្បទានសេដ្ឋកិច្ចដល់ក្រុមហ៊ុនឯកជន រហូតដល់កំពូលភ្នំតែម្តង»។
លោក ឈុន ឈៀហេង នាយកដែនជម្រកសត្វ ព្រៃភ្នំ ឱរ៉ាល់ ដែលមានជាប់ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើពុករលួយបដិសេធមិនឆ្លើយ បំភ្លឺចំពោះការចោទប្រកាន់នោះទេដោយលោកមានប្រសាសន៍ថា លោកត្រូវបានផ្លាស់ប្តូរតួនាទីមកនៅក្រសួង បរិស្ថាន។
ចំណែក លោក សឹង ប៊ុនហេន នាយករងដែនជម្រកសត្វព្រៃភ្នំ ឱរ៉ាល់ បានថ្លែងឲ្យដឹងថា លោកមិនខ្វល់ចំពោះពាក្យសម្តីដែលគេថាមន្ត្រីរបស់លោកឃុបឃិតយកលុយពីឈ្មួញឈើនោះទេ សំខាន់គឺចុះមកមើលជាក់ស្តែង។ លោកបានថ្លែងថា៖ «វាពុំមែនជាការពិតនោះទេ»។
អនុប្រធាន មន្ទីរ បរិស្ថានខេត្ត កំពង់ស្ពឺ លោក នៅ ណាក់ បានថ្លែងឲ្យដឹងថា លោកពុំសូវដឹងប៉ុន្មានទេទាក់ទិនទៅនឹងដែនជម្រកសត្វព្រៃភ្នំ ឱរ៉ាល់ ពីព្រោះស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួង បរិស្ថាន។ លោកបានថ្លែងថា៖ «យើងមិនបានចូលរួមក្នុងការត្រួតពិនិត្យនោះទេ»។
លោក ឧកញ៉ា លី យ៉ុងផាត់ នាយកក្រុមហ៊ុន កំពង់ស្ពឺ ស៊ូហ្គើរនិង ភ្នំពេញ ស៊ូហ្គើរ ពុំអាចទាក់ទងដើម្បីធ្វើការអត្ថាធិប្បាយបានទេកាល ពីថ្ងៃម្សិលមិញ៕
ខ្ញុំសោកស្តាយណាស់ចំពោះព្រៃឈើនិងសម្បត្តិធម្មជាតិរបស់ខ្មែរយើងទាំងអស់គ្នាណាស់ ដោយសារមេដឹកនាំសព្វថ្វៃ គ្មានសុឆន្ទះការពារថែរក្សា បែរជាបណ្តាយឲ្យឈ្មួញទុច្ចរិតកាប់បំផ្លាញ ស្ទើតែ វិនាសហិនហោច និយាយឲ្យចំកណ្តាប់ដៃដែកបុរសខ្លាំងហ៊ុន សែន ចាញ់អំណាចឈើក្រញូងនិង អន្ទាក់ដុល្លាអាមេរិក ដូចសម័យប្រាក់ដួងអញ្ចឹង!????
They are rich for such deforestation!!!
មើលអត្ថៈបទនេះហើយ ស្ទើរស្រក់ទឹកភ្នែក !
នឹកឃើញសង្ចេកដល់សព្វសត្វ ទាំងឡាយដែល
ធ្លាប់រស់មានទីជំរក តែឥឡូវត្រូវរត់ត្រូវគិច ប្រឈមនឹងការដាច់ពូជ ព្រៃឈើក៍ហិនហោចអស់ទៀតអោយគ្នារស់យ៉ាងមេចទៅ ?សម័យប៉ុលពតវាធ្វើបាបសម្លាប់តែមនុស្សតែព្រៃដីឈើ ភ្នំសត្វ មច្ចាគឺគង់វង់ រស់នៅក្នុងរបបហ៊ុន សែននេះវិញសូម្បីតែសត្វក៍រស់មិនបានសុខដែរ កុំថាឡើយមនុស្ស សត្វអើយសត្វ មានតែពាក្យអាណិត៊ៗ ៗ ៗ ណាស់!