សមាជិករដ្ឋសភា បានបោះឆ្នោតជាឯកច្ឆន្ទផ្តល់សេចក្តីទុកចិត្តលើសមាសភាពរាជរដ្ឋាភិបាល ដែលត្រូវកែសម្រួល និងបំពេញបន្ថែមនៅព្រឹកថ្ងៃសុក្រ ទី២០ ខែធ្នូ។ ការបោះឆ្នោតនេះ តាមរយៈការគូសសន្លឹកឆ្នោតជាសម្ងាត់នៅក្នុងកិច្ចប្រជុំសភា ដែលមានសុទ្ធតែសមាជិកសភាគណបក្សប្រជាជនកម្ពុជា ចំនួន ៦៧រូប។ ប៉ុន្តែ ការបោះឆ្នោតនេះ ត្រូវរងការរិះគន់ពីមន្ត្រីគណបក្សសង្គ្រោះជាតិ និងមន្ត្រីសង្គមស៊ីវិលមួយចំនួន។
ដោយ ដែន អយុធ្យា
2013-12-20
RFA
កិច្ចប្រជុំសភានៅព្រឹកថ្ងៃទី២០ ខែធ្នូ ក៏មានវត្តមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីមានឋានៈជាឧបនាយករដ្ឋមន្ត្រីជាច្រើនរូបចូលរួមផង។ សមាសភាពសមាជិករាជរដ្ឋាភិបាលដែលត្រូវរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្តពេលនេះ មានឋានៈជារដ្ឋមន្ត្រី ឬប្រតិភូអមនាយករដ្ឋមន្ត្រី និងឋានៈជារដ្ឋលេខាធិការ។ ក្នុងនោះមាន ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្រសួងរ៉ែ និងថាមពល ក្រសួងពាណិជ្ជកម្ម ក្រសួងទេសចរណ៍ ក្រសួងកិច្ចការនារី។
សមាសភាពសមាជិករាជរដ្ឋាភិបាលដែលរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្តមាន លោក ស៊ុយ សែម ជារដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងមានរដ្ឋលេខាធិការក្រសួង ៦រូប។ លោក ចម ប្រសិទ្ធ ជារដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងមានរដ្ឋលេខាធិការ ៦រូបទៀត និងលោក អ៊ុច គឹមអន ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។
ទោះជាបែបណា មន្ត្រីគណបក្សប្រឆាំង និងមន្ត្រីសង្គមស៊ីវិលខ្លះ បានរិះគន់កិច្ចប្រជុំសភាដើម្បីបន្ថែមសមាជិករដ្ឋាភិបាលនីតិកាលទី៥ពេលនេះ។
លោក អេង ឆៃអ៊ាង បេក្ខជនតំណាងរាស្ត្រ និងជាអនុប្រធានគណៈកម្មាធិការនាយកគណបក្សសង្គ្រោះជាតិ នៅតែអះអាងថា រដ្ឋសភានីតិកាលទី៥ ដែលបង្កើតឯកបក្សដោយសមាជិកសភាបក្សប្រជាជនកម្ពុជា មិនស្របតាមរដ្ឋធម្មនុញ្ញ។
ស្រដៀងគ្នាដែរ សម្រាប់ លោក កែម ឡី អ្នកឃ្លាំមើលការអភិវឌ្ឍសង្គម និងជាអ្នកវិភាគឯករាជ្យ ក៏បានរិះគន់កិច្ចប្រជុំសភានីតិកាលទី៥ ដើម្បីបោះឆ្នោតបន្ថែមសមាសភាពសមាជិករាជរដ្ឋាភិបាលពេលនេះ។ អ្នកវិភាគរូបនេះនៅតែចាត់ទុកថា រដ្ឋសភានីតិកាលទី៥ បង្កើតដោយបក្សប្រជាជនកម្ពុជា និងគ្មានការចូលរួមពីសមាជិកសភាបក្សប្រឆាំង ជាសភាមិនទាន់ស្របច្បាប់ទេ។
យ៉ាងណាក៏ដោយ កិច្ចប្រជុំសភាដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើសមាសភាពរាជរដ្ឋាភិបាលបន្ថែម ត្រូវសមាជិករដ្ឋសភាបក្សប្រជាជនកម្ពុជា ចំនួន ៦៧រូប ដែលមានវត្តមានក្នុងកិច្ចប្រជុំ បោះឆ្នោតផ្តល់សេចក្តីទុកចិត្តជាស្ថាពរហើយនៅព្រឹកថ្ងៃសុក្រ ទី២០ ខែធ្នូ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- មហាបាតុកម្មអហិង្សារបស់គណបក្សសង្គ្រោះជាតិ៥ថ្ងៃគ្មានអំពើហិង្សា
- គ.ជ.ប៖ គ្មានច្បាប់បោះឆ្នោតឡើងវិញតាមការទាមទាររបស់បក្សប្រឆាំង
- បក្សសង្គ្រោះជាតិហែក្បួនបាតុកម្មថ្ងៃទី៥នៅពាយព្យភ្នំពេញ
- សមយុទ្ធទ្រង់ទ្រាយធំធ្វើនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ
- មន្ត្រីរដ្ឋាភិបាលព្រមានថាបក្សប្រឆាំងមិនអាចធ្វើដូចនៅមជ្ឈិមបូព៌ា
- មូលហេតុព្រះសង្ឃនិងពលរដ្ឋខ្មែរក្រោមចូលរួមបាតុកម្មរបស់បក្សសង្គ្រោះជាតិ
- មូលហេតុព្រះសង្ឃនិងពលរដ្ឋខ្មែរក្រោមចូលរួមបាតុកម្មរបស់បក្សសង្គ្រោះជាតិ
- លោក អ៊ូ វីរៈ ប្រកាន់ជំហរថាសម្ដីលោក សម រង្ស៊ី ជាការរើសអើងជាតិសាសន៍
- គណៈប្រតិភូជាន់ខ្ពស់សភានៃសហភាពមីយ៉ាន់ម៉ានឹងមកទស្សនកិច្ចនៅកម្ពុជា
