សហជីព​ផ្អាក​ធ្វើ​បាតុកម្ម​នៅ​មុខ​ក្រសួង តែ​ប្តូរ​ទៅ​ធ្វើ​នៅ​តាម​រោងចក្រ​​

ដោយ៖​ ញឹម សុខន និងអ៊ឹង ប៊ុនថន​
ថ្ងៃអង្គារ៍ ទី31 ខែធ្នូ ឆ្នាំ2013
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

កម្មករតវ៉ាទាមទារ​ដំឡើងប្រាក់ខែ ១៦០​ដុល្លារ នៅ​មុខ​ក្រសួង​ការងារ​នៅ​ថ្ងៃ​ទី​៣១​ធ្នូ (រូបថត ញឹម សុខន)

​សហជីព​ចំនួន​៦​ដែល​ដឹកនាំ​កម្មករ ធ្វើបាតុកម្ម ទាមទារ​ប្រាក់​ឈ្នួល​គោល​ដល់​១៦០​ដុល្លារ​ក្នុង​មួយ​ខែ​នោះ ប្រកាស​ផ្អាក​តវ៉ា​នៅ​មុខ​ក្រសួង​ការងារ រសៀល​​ថ្ងៃ​អង្គារ​នេះ ដោយ​ប្រមូលផ្តុំ​គ្នា​តវ៉ា​នៅ​មុខ​រោងចក្រ​រៀងៗ​ខ្លួន​វិញ បន្ទាប់​ពី​សម្រាក​បុណ្យចូលឆ្នាំ​សាកល​។

​ប្រធាន​សហព័ន្ធ​សហជីព​កម្ពុជា​ លោក រ៉ុង ឈុន អះអាងថា ការប្តូរ​យុទ្ធសាស្ត្រ​នេះ ដោយសារ​មួយ​រយៈ​នេះ កម្មករ​មួយ​ចំនួន​បាន​ធ្វើដំណើរ​ដោយ​ថ្មើជើង ច្រើន​គីឡូម៉ែត្រ​មក​ជូ​ប​ជុំ​គ្នា​នៅ​មុខ​ក្រសួង​ការងារ ដែល​ធ្វើឲ្យ​ពួកគេ​ថម​ថយកម្លាំង​។​ លោក​ថា បើ​ការតវ៉ា​នេះ រដ្ឋាភិបាល​នៅ​តែ​មិន​ដោះ​ស្រាយ​​ពី​ទុក្ខ​លំបាក​របស់​កម្មករ នោះ​ការប្រមូលផ្តុំ​គ្នា​ហែ​ក្បួន​មក​តវ៉ា​នៅ​មុខ​ក្រសួង​ការងារ​នឹង​បន្ត​កើត​ឡើង​ថ្មី​ទៀត ៖ “​កម្មករ​មិន​បាក់​ទឹកចិត្ត​ទេ ពីព្រោះ​គាត់​ដឹង​​ច្បាស់​ហើយ ហើយ​ការ​ដែល​អូសបន្លាយ​ធ្វើឲ្យ​មាន​រយៈពេល​យូរ​នេះ ធ្វើ​ឲ្យ​កម្មករ​កាន់តែ​ក្តៅក្រហាយ​ឡើង​”​។​

​ក្រុមកម្មករ អះអាងថា បើទោះបី​ការតវ៉ា​ទាមទារ​ប្រាក់​ឈ្នួល​ដល់​១៦០​ដុល្លារ​​ នៅ​ពេល​នេះ ​មិន​ទទួលបាន​ជោគជ័យ តែ​ពួកគេ​មិន​រាថយ​ទេ ៖ “​ឮ​ថា​រោង​ចក្រ​​ឡើង​ថ្លៃ គឺ​អីវ៉ាន់​ឡើងថ្លៃ ផ្ទះជួល​ឡើងថ្លៃ​រហូត​។ បើសិនជា​មិន​បាន ១៦០ដុល្លារ​ ខ្ញុំ​នឹង​បន្ត​តវ៉ា​ទៀត ព្រោះ​ខ្ញុំ​មាន​ជំហរ​គិត​ដូច​បង​ស្រី​ខាង​នោះដែរ បើ​មិន​បាន​ខ្ញុំ​នឹង​ធ្វើ​កូដកម្ម​”​។

​ការប្រកាស​ប្តូរ​យុទ្ធសាស្ត្រ​តស៊ូ​មតិ​របស់​សហជីព​នៅ​ពេល​នេះ ធ្វើឡើង​ក្រោយ​មួយ​ថ្ងៃ​ប៉ុណ្ណោះ ដែល​ក្រសួង​ការងារ ស្នើ​ឲ្យ​កម្មក​រវិល​ចូល​ធ្វើការ​ដូច​ដើម​​វិញ ចាប់ពី​ថ្ងៃ​ទី​២​ ខែ​មករា​ឆ្នាំ​២០១៤​ បើ​មិន​ដូចនេះ​ទេ ក្រសួង​នឹង​ចាត់វិធានការ​ផ្លូវច្បាប់​តឹងរឹង ទៅ​លើ​ក​អ្នក​ដែល​ដឹកនាំ​ធ្វើបាតុកម្ម ដោយ​ចោទ​ថា អ្នក​​ទាំងនោះ ជា​អ្នក​ញុះញង់​កម្មករ​ឲ្យធ្វើ​បាតុកម្ម បង្ក​ឲ្យ​យ​ខូច​សណ្តាប់ធ្នាប់​សង្គម និង​ប្រយោជន៍​សាធារណៈ​។​

​អ្នកឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្ស នៅ​អង្គការ​លីកាដូ លោក អំ សំអាត ដែល​តាមដាន​ករណីនេះ យល់ថា បើ​រដ្ឋាភិបាល​ប្រើ​វិធានការ ចាប់ខ្លួន​អ្នក​ដឹក​នាំ​ធ្វើ​បាតុកម្ម​ទាមទារ​ប្រាក់​ឈ្នួល​នេះ​មែន លោក​ថា មិន​ខុស​ពី​យក​សាំង​ទៅ​ចាក់​លើ​ភ្លើង ធ្វើឲ្យ​ចលនា​តវ៉ា​ផ្ទុះ​ធំ​ឡើង ខណៈ​ស្ថាន​ការ​នយោបាយ បច្ចុប្បន្ន​​កំពុង​ជាប់​គាំង​ ៖ “​ខ្ញុំ​ជឿថា បើសិនជា​ហ៊ាន​ចាប់​មេដឹកនាំ​ទាំង ៦​នាក់​នោះ​មែន នោះ​បាតុកម្ម​នឹង​ផ្ទុះ​កាន់តែ​ធំ សម្រាប់​កម្មករ​ទូទាំង​ប្រទេស​”​។​

​ការទាមទារ​ប្រាក់​ឈ្នួល​ដល់​១៦០​ដុល្លារ​នេះ ភាគី​ពាក់ព័ន្ធ​បាន​ជួប​ពិភាក្សា​គ្នា​ចំនួន​ពីរ​លើក​រួច​មក​ហើយ​នៅ​ក្រសួង​ការងារ​ប៉ុន្តែ បាន​ឯកភាពគ្នា​ឡើយ​។​

​ការប្រមូលផ្តុំ​របស់​ក​ម្មករ​នៅ​ពេល​នៅ​ថ្ងៃ​អង្គារ​នេះ​ទៀត ក៏​មាន​កម្លាំង​​សមត្ថកិច្ច​រាប់រយ​នាក់​ប្រដាប់​ដោយ​ខែល​ និង​​ដំបងឆក់ ដាក់ពង្រាយ​ជិត​នោះ តែ​គ្មាន​​ប៉ះ​ទង្គិច​គ្នា​ដោយ​ហិង្សា​ទេ​។​

​ការតវ៉ា​បិទផ្លូវ​មុខ​ក្រសួង​ការងារ ទាមទារ​ប្រាក់​ឈ្នួល​គោល​ដល់​១៦០​ដុល្លារ​នោះ គឺ​កម្មករ​មកពី​ជាង​៣០០​រោច​ក្រ ខណៈ​ដែល​កម្មករ​ជាង​១០០០​នាក់​ទៀត​បិទ​ផ្លូវ​នៅ​ម្តុំ​ចាក់​អង្រែ​ក្រោ​ម​ទាម​ដូចគ្នានេះដែរ​។​ យ៉ាងណា​ក៏ដោយ​ការតវ៉ា​របស់​កម្មករ បាន​រំសាយ នៅ​ម៉ោង​២​​និង​៣០​នាទី​រសៀល​ថ្ងៃ​អង្គារ​នេះ ដោយ​មាន​ព្រះសង្ឃ​ច្រើន​អង្គ​សូត្រធម៌​ឲ្យ​ពរជ័យ នៅ​កន្លែង​តវ៉ា​មុខក្រសួង​ការងារ​ផង​ដែរ​៕

សូមសរសេរមកកាន់ លោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com

What Next?

Recent Articles