Wednesday, 01 January 2014
ភ្នំពេញប៉ុស្តិ៍
ក្រុងញូវយ៉ក: ការសិក្សាស្រាវជ្រាវថ្មីរកឃើញថា ការញ៉ាំភេសជ្ជៈក្លាស្សេ គ្រឿងត្រជាក់ និងអាហារដាក់ទឹកកកអាចជាមូលហេតុនាំឲ្យមានអត្រាកើនឡើងនៃជំងឺ ធាត់ និងទឹកនោមផ្អែម។ សីតុណ្ហភាពត្រជាក់ធ្វើឲ្យអណ្ដាតរបស់យើងស្ពឹក មិនងាយសម្គាល់នូវរសជាតិផ្អែម។ ដូច្នេះហើយទើបយើងងាយនឹងញ៉ាំស្ករលើសចំណុះ នៅពេលដែលទទួលទានអាហារត្រជាក់ ឬភេសជ្ជៈដាក់ទឹកកក។
អ្នកស្រាវជ្រាវ នៅសាកលវិទ្យាល័យអាខានសាស សហរដ្ឋអាមេរិកបានធ្វើតេស្តពិសោធន៍ដោយផ្ដល់ទឹកក្នុងសីតុណ្ហភាព ខុសៗដល់មនុស្សរាប់រយនាក់។ បន្ទាប់មកអ្នកទាំងនោះតម្រូវឲ្យភ្លក្សស្ករសូកូឡា។ អ្នកដែលញ៉ាំទឹកត្រជាក់ដាក់ទឹកកក ទទួលអារម្មណ៍ថាស្ករសូកូឡានោះមិនសូវផ្អែម រីឯអ្នកដែលញ៉ាំទឹកកម្ដៅធម្មតា ទទួលអារម្មណ៍ថា ស្ករសូកូឡានោះមានរសជាតិផ្អែម។
អ្នកស្រាវជ្រាវជឿថា ភេសជ្ជៈក្លាសេ្ស ឬដាក់ទឹកកក អាចធ្វើឲ្យមានមនុស្សទទួលបានរសជាតិសាបពីអាហារ។
ពួកគេ បានសន្និដ្ឋានថា អ្នកដែលញ៉ាំទឹកកក និងភេសជ្ជៈក្លាសេញឹកញាប់ទំនងជាមានទំនោរញ៉ាំផ្អែម ដែលធ្វើឲ្យពួកគេងាយឡើងទម្ងន់ និងកើតជំងឺទឹកនោមផ្អែមផងដែរ៕