កម្មករ​នៅ​រោងចក្រ​មួយ​ចំនួន បន្ត​តវ៉ា​នៅ​ខាង​មុខ​រោងចក្រ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​​

ដោយ៖​ ស៊ុន ណារិន​
ថ្ងៃព្រហស្បតិ៍ ទី2 ខែមករា ឆ្នាំ2014
http://vodhotnews.com

​កម្មករ​នៅ​រោងចក្រ​មួយ​ចំនួន​ក្នុង​ខេត្ត​កំពង់ស្ពឺ និង​នៅ​ជាយ​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ចាប់ផ្តើម​តវ៉ា​នៅ​ខាង​មុខ​រោងចក្រ ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​បន្ត​ដំឡើង​ប្រាក់​ឈ្នួល​ដល់​ទៅ​១៦០​ដុល្លារ​។​

​បន្ទាប់​ពី​ការតវ៉ា​រយៈពេល​មួយ​សប្តាហ៍ ចាប់ពី​ថ្ងៃ​ទី​២៥​ខែ​ធ្នូ ឆ្នាំ​២០១៣ រដ្ឋា​បាន​សម្រេច​ដំឡើង​ប្រាក់​ឈ្នួល​៥​ដុល្លារ​ទៀត បន្ថែម​លើ​៩៥​ដុល្លារ ដូច្នេះ​កម្មករ នឹង​ទទួលបាន​១០០​ដុល្លារ សម្រាប់​ប្រាក់​ឈ្នួល ដែល​នឹង​ត្រូវ​អនុវត្ត​ចាប់ផ្តើម​ចាប់ពី​ដើមខែ​កុម្ភៈ ឆ្នាំ​២០១៤​។​

​កម្មករ​រាយការណ៍​មក​VOD​ថា ពួកគេ​បាន​ប្រមូលផ្តុំ​គ្នា​នៅ​ខាង​មុខ​តំបន់​សេដ្ឋកិច្ច​ពិសេស​រាជធានី​ភ្នំពេញ​នៅ​ស្រុក​អង្គស្នួល ខេត្ត​កំពង់ស្ពឺ ដើម្បី​បន្ត​ការតវ៉ា​។ ចំណែក​នៅ​គីឡូម៉ែត្រ​លេខ​៦ ក្នុង​ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ កម្មករ​រាយការណ៍​មក​ថា ពួកគេ តវ៉ា​បិទផ្លូវ​ដើម្បី​ទាមទារ​ឲ្យមាន​ការដំឡើង​ប្រាក់​ឈ្នួល​។​

​គួរបញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​៣១​ខែ​ធ្នូ សហជីព​ចំនួន​៦​ដែល​ដឹកនាំ​កម្មករ ធ្វើបាតុកម្ម ទាមទារ​ប្រាក់​ឈ្នួល​គោល​ដល់​១៦០​ដុល្លារ​ក្នុង​មួយ​ខែ​នោះ ប្រកាស​ផ្អាក​តវ៉ា​នៅ​មុខ​ក្រសួង​ការងារ ដោយ​ប្រមូលផ្តុំ​គ្នា​តវ៉ា​នៅ​មុខ​រោងចក្រ​រៀងៗ​ខ្លួន​វិញ​៕

​សរសេរ​មកកាន់ លោក ស៊ុន ណារិន តាមរយៈ​sun_narin@vodhotnews.com

What Next?

Recent Articles