ជនជាតិ​ដើម​ភាគ​តិច​នៅ​រតនគិរី​បារម្ភ​ពី​ការ​ឈូស​ឆាយ​ដី​របស់​ក្រុមហ៊ុន​វៀតណាម

ប្រជាពលរដ្ឋ​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច ៣៥​គ្រួសារ នៅ​ឃុំ​ល្អក់ ស្រុក​អូរជុំ ខេត្ត​រតនគិរី ព្រួយ​បារម្ភ​ពី​ការ​ផ្តល់​ដី​សម្បទាន​ទៅ​ឲ្យ​ក្រុមហ៊ុន ស៊ី.អ.ឌី (CRD) ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ព្រៃ​បម្រុង​ទុក និង​ព្រៃ​កប់​សព​អ្នក​ភូមិ។

ដោយ រដ្ឋា វិសាល
2014-01-01
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

សហគមន៍​ជនជាតិ​ដើម​គ្រឹង រស់​នៅ​ភូមិ​កាំ ឃុំ​ល្អក់ នៅ​ថ្ងៃ​អង្គារ ទី​១ ខែ​មករា អះអាង​ថា ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​វៀតណាម ឈ្មោះ ស៊ី.អ.ឌី បាន​ឈូស​ឆាយ​ពង្រីក​ផ្ទៃដី​សម្បទាន​កាន់​តែ​ខិត​ជិត​ភូមិ ធ្វើ​ឲ្យ​បាត់​បង់​ព្រៃ​ត្រៀម​បម្រុង និង​ព្រៃ​កប់​សព​របស់​អ្នក​ភូមិ​អស់​គ្មាន​សល់។

អនុ​ប្រធាន​សហគមន៍ លោក ប្រឡុង ពើយ បាន​កត់​សម្គាល់​ថា ចាប់​តាំង​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៣ រហូត​បច្ចុប្បន្ន ក្រុមហ៊ុន​បាន​បង្កើន​ការ​ឈូស​ឆាយ​ព្រៃ​នៅ​ចម្ងាយ​ប្រមាណ ៥០០​ម៉ែត្រ​ពី​ភូមិ ដោយ​សំអាង​ថា​ព្រៃ​នោះ​ឋិត​ក្នុង​បរិវេណ​ដី​សម្បទាន។ លោក​បន្ត​ថា បាន​សុំ​កិច្ច​អន្តរាគមន៍​ពី​មន្ត្រី​អាជ្ញាធរ​ឃុំ ដើម្បី​រក្សា​ព្រៃ​តំបន់​នោះ​ទុក​សម្រាប់​ការ​ប្រើប្រាស់ និង​អាស្រ័យ​ផល​របស់​ពលរដ្ឋ​ជនជាតិ​ដើម ប៉ុន្តែ​មិន​ឃើញ​មាន​ដំណោះស្រាយ៖ «ពួក​ខ្ញុំ​ប្ដឹង​ម្តង​ដូច​គ្នា ប៉ុន្តែ​បាត់​សូន្យ​ឈឹង ទៅ​ឃុំ​ទៅ​ស្រុក ហើយ​ទៅ​ខេត្ត ចង់​ឲ្យ​ក្រុមហ៊ុន​ហ្នឹង​ឈប់​ឈូស​ទៅ ប៉ុណ្ណឹង​បាន​ហើយ ឥឡូវ​វា​ជិត​កៀកៗ​ភូមិ»

កាល​ពី​ពាក់​កណ្ដាល​ខែ​ធ្នូ កន្លង​ទៅ តំណាង​សហគមន៍​បាន​នាំ​យក​ពាក្យ​ប្ដឹង​ករណី​នេះ​មក​ការិយាល័យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) ខេត្ត​សុំ​ជួយ​អន្តរាគមន៍​ការ​ស្នើសុំ​របស់​ពលរដ្ឋ​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ​ឲ្យ​ជួយ​ដោះស្រាយ។

វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​១ ខែ​មករា មិន​អាច​ទាក់ទង​សុំ​ការ​បញ្ជាក់​ពី​តំណាង​ក្រុមហ៊ុន ស៊ី.អ.ឌី បាន​នៅ​ឡើយ។

ទាក់ទិន​ករណី​នេះ​ដែរ មេ​ឃុំ​ល្អក់ លោក យ៉ាម ប៉ាម មាន​ប្រសាសន៍​បញ្ជាក់​ថា លោក​បាន​ចាត់​មន្ត្រី​នគរបាល​ទៅ​ពិនិត្យ​ករណី​នេះ​ហើយ ក៏ប៉ុន្តែ​ការ​ឈូស​ឆាយ​របស់​ក្រុមហ៊ុន គឺ​ឋិត​ក្នុង​តំបន់​ផ្តល់​ដី​សម្បទាន។ លោក​បន្ត​ថា រាជ​រដ្ឋាភិបាល​បាន​ផ្តល់​ដី​នោះ​សម្រាប់​ក្រុមហ៊ុន​សម្បទាន ហេតុ​នេះ​ការ​ស្នើសុំ​របស់​ពលរដ្ឋ​មិន​ឋិត​ក្នុង​សមត្ថកិច្ច​របស់​អាជ្ញាធរ​ឃុំ​ទេ៖ «ម្សិលមិញ ខ្ញុំ​ឲ្យ​មន្ត្រី​ប៉ុស្តិ៍​រដ្ឋបាល​ទៅ​មើល​ជាក់ស្តែង​ជាមួយ​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ គេ​ថា​អត់​ទេ ស្លាក​ត្រឹម​ណា គឺ​គេ​ឈូស​ត្រឹម​ហ្នឹង តើ​ធ្វើ​ម៉េច​គ្នា»

ក្រុមហ៊ុន ស៊ី.អ.ឌី ទទួល​បាន​ដី​សម្បទាន​ជាង ៧​ពាន់​ហិកតារ នៅ​ព្រំ​ប្រទល់​ស្រុក​អូរជុំ បរកែវ និង​ស្រុក​អណ្ដូងមាស តាំង​ពី​ឆ្នាំ​២០១១។

មន្ត្រី​ឃ្លាំ​មើល​បញ្ហា​ព្រៃ​ឈើ​សមាគម​អាដហុក លោក ឆាយ ធី មាន​ប្រសាសន៍​បញ្ជាក់​ថា កន្លង​ទៅ​នេះ​សមាគម​លោក​ទទួល​បាន​ពាក្យ​បណ្ដឹង​របស់​ពលរដ្ឋ​បី​ករណី​ផ្សេង​គ្នា ដែល​ចោទ​ប្រកាន់​ក្រុមហ៊ុន ស៊ី.អ.ឌី ប្រើប្រាស់​អាវុធ​បាញ់​គំរាម​សហគមន៍​ឈូស​ឆាយ​ទៅ​លើ​ស្រែ​ចម្ការ​សហគមន៍ និង​ឈូស​ឆាយ​ព្រៃ​ត្រៀម​បម្រុង​របស់​សហគមន៍។ លោក​អំពាវនាវ​សុំ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ចុះ​ត្រួត​ពិនិត្យ​ករណី​នេះ៖ «គោល​នយោបាយ​របស់​រាជ​រដ្ឋាភិបាល ដែល​មាន​ការ​វាស់វែង​កាត់​ផល​ប៉ះពាល់​ចេញ​ហ្នឹង មិន​បាន​ដោះស្រាយ​សមស្រប​ត្រង់​ហ្នឹង ហើយ​ដែល​ធ្វើ​ឲ្យ​បង​ប្អូន​ជនជាតិ​ដើម​ភាគ​តិច​ប៉ះពាល់​ដី​ព្រៃ​ការពារ​ផង ដី​ព្រៃ​បម្រុង​ទុក​ផង និង​ដី​កប់​សព​ផង»

ទោះ​ជា​យ៉ាង​នេះ​ក៏ដោយ អភិបាល​ស្រុក​អូរជុំ លោក សាក់ សុន មាន​ប្រសាសន៍​បញ្ជាក់​ថា កន្លង​ទៅ​នេះ អាជ្ញាធរ​ជំនាញ​បាន​សិក្សា​កាត់​ចេញ​ដី​ត្រៀម​បម្រុង​សម្រាប់​ប្រជាពលរដ្ឋ​រួច​ហើយ ហេតុ​នេះ​ក្រុមហ៊ុន​មិន​អាច​បំពាន​ឈូស​ឆាយ​ព្រៃ​នោះ​បាន​ទេ។ លោក​អះអាង​ថា នឹង​ចុះ​ពិនិត្យ​សេចក្តី​រាយការណ៍​នេះ៖ «ទាល់​ទៅ​មើល​ជាក់ស្តែង កាល​ណា​ព្រៃ​អារក្ស​ព្រៃ​ស្អី​គេ​ឲ្យ​កាត់​ចេញ តើ​គេ​ចុះ​ទៅ​ឆ្វៀល​ចេញ​តើ។ ចាំ​មើល​ស្អែក​ខ្ញុំ​ចុះ​ទៅ​មើលៗ»

កាល​ពី​សប្ដាហ៍​មុន សហគមន៍​ជនជាតិ​ដើម ៧​ជនជាតិ នៅ​ខេត្ត​រតនគិរី បាន​បើក​សមាជ​លើក​ទី​១​របស់​ខ្លួន ដើម្បី​បញ្ជូន​សារ​សំណូមពរ​ជា​សំខាន់​សុំ​ឲ្យ​រាជ​រដ្ឋាភិបាល​បញ្ចៀស​រាល់​គម្រោង​ដី​សម្បទាន​សេដ្ឋកិច្ច​ណា​ដែល​បង្ក​ផល​ប៉ះពាល់ ការ​រស់​នៅ​ប្រពៃណី​វប្បធម៌ និង​ការ​ចិញ្ចឹម​ជីវិត​នៅ​តំបន់​ជនជាតិ​ដើម​ដោយ​គ្មាន​ការ​ប្រឹក្សា​យោបល់ និង​យល់​ព្រម​ពី​សំណាក់​សហគមន៍ ទទូច​សុំ​ឲ្យ​បញ្ឈប់​ការ​វាស់វែង​ចុះ​បញ្ជី​ដី​ឯកជន​នៅ​តំបន់​ជនជាតិ​ដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles