គម្រោងរៀបចំដីសម្បទានសង្គមកិច្ច ចែកជូនប្រជាពលរដ្ឋក្រីក្រឋិតនៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង បានអូសបន្លាយអស់ជាច្រើនឆ្នាំ ប៉ុន្តែនៅជាប់គាំងដោះស្រាយមិនចេញ។ ភាពជាប់គាំងនេះ បានបង្កឲ្យមានជម្លោះប្ដឹងផ្ដល់គ្នា ហើយអ្នកភូមិជាច្រើនគ្រួសារធ្វើចំណាកស្រុកទៅរកការងារធ្វើនៅស្រុកថៃ។
ដោយ សួន សុផលមុន្នី
2014-01-17
RFA
ទន្ទឹមគ្នានេះ ក្រុមអាជ្ញាធរមូលដ្ឋាន និងក្រុមអង្គការសង្គមស៊ីវិល មានគម្រោងបង្កើតក្រុមការងារចម្រុះមួយ ដើម្បីចុះសិក្សាគម្រោងរៀបចំដីសម្បទានសង្គមកិច្ចនៅឃុំបឹងប្រាំ ឡើងវិញ។
ក្រុមអាជ្ញាធរមូលដ្ឋាន និងក្រុមអង្គការសង្គមស៊ីវិល បានឯកភាពគ្នាបង្កើតក្រុមការងាររួមគ្នាមួយ ដើម្បីរិះរកយន្តការដោះស្រាយថ្មីៗបន្ថែមទៀត មុនពេលឈានទៅដល់ការដោះស្រាយបញ្ចប់ជម្លោះដណ្ដើមកាន់កាប់ដីធ្លីនៅក្នុងគម្រោងដីសម្បទានសង្គមកិច្ចរបស់រដ្ឋាភិបាល នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង។
ប្រធានក្រុមការងារគណៈកម្មាធិការប្រព្រឹត្តិកម្ម លោក ចាន់ សុវ៉េត បញ្ជាក់កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៤ ថា ក្រោយពីការចុះស៊ើបអង្កេត និងការជួបពិភាក្សាគ្នាលើស្ថានភាពជាប់គាំងនៃគម្រោងរៀបចំដីសម្បទានសង្គមកិច្ច ជូនប្រជាពលរដ្ឋក្រីក្រនៅឃុំបឹងប្រាំ ចំនួនពីរលើករួចមក ភាគីទាំងពីរបានយល់ព្រមគ្នា។ លោកបញ្ជាក់ថា នៅថ្ងៃច័ន្ទ ដើមសប្ដាហ៍ក្រោយនេះ ខាងអង្គការសង្គមស៊ីវិល នឹងជួបប្រជុំគ្នារៀបចំសមាសភាព ពេលវេលា តួនាទី និងសិទ្ធិនៃការធ្វើសេចក្ដីសម្រេច ដើម្បីជំរុញឲ្យគម្រោងនេះទទួលបានផលដល់ប្រជាពលរដ្ឋក្រីក្រពិតប្រាកដ ដូចដែលម្ចាស់ជំនួយចង់បាន។
លោក ចាន់ សុវ៉េត៖ «ក្រោយមក យើងនឹងទៅជជែកជាមួយអាជ្ញាធរថ្នាក់ស្រុក ថ្នាក់មូលដ្ឋាន ព្រោះថ្នាក់ស្រុក ថ្នាក់មូលដ្ឋាន ជាអ្នកអនុវត្តផ្ទាល់ ព្រោះសំខាន់ការជជែកគ្នាជាបឋម ដើម្បីឲ្យដំណើរការទៅបានទាល់តែមានការឯកភាពគ្នាសិន ក្រុមការងារហ្នឹងមានសិទ្ធិ និងស្រាវជ្រាវរបៀបម៉េច ហើយអ្នកណាខ្លះដែលអាចចូលរួមនៅក្នុងសកម្មភាពហ្នឹង ដើម្បីធ្វើឲ្យសម្រេចហ្នឹង ទាល់តែយើងយល់គ្នាសិន ហើយកាលណាយើងអត់យល់ភារកិច្ច តួនាទីធ្វើអត់កើតទេ»។
ម្ចាស់លុយដែលនឹងឧបត្ថម្ភក្នុងគម្រោងនេះ មានអង្គការ ឌី.ស៊ី.អេ អ៊ី.យូ (DCA EU) និងអង្គការ អិល.ដាប់ប៊លយូ.ឌី (LWD) ដែលជាអ្នកអនុវត្តគម្រោង។ រីឯគណៈកម្មាធិការប្រព្រឹត្តិកម្ម (CHRAC) និងក្រុមអាជ្ញាធរពាក់ព័ន្ធ ជាអ្នករួមគ្នាជាមួយប្រជាពលរដ្ឋផ្ទាល់នៅក្នុងមូលដ្ឋាន។
លោក ចាន់ សុវ៉េត បញ្ជាក់ថា ចំណុចស្នូលក្រុមការងារនេះ ត្រូវបើកស៊ើបអង្កេតរកឲ្យឃើញប្រជាពលរដ្ឋក្រីក្រពិតប្រាកដ ក្នុងការទទួលបានដីនៅក្នុងគម្រោងដីសម្បទានសង្គមកិច្ចនៅឃុំបឹងប្រាំ៖ «ក្នុង គឺអាជ្ញាធរបានឯកភាពគ្នា ហើយនឹងធ្វើការស៊ើបអង្កេត មុននឹងធ្វើការស៊ើបអង្កេតនោះត្រូវជជែកគ្នា ឧទាហរណ៍ត្រូវបង្កកដីភាគីទាំងសងខាងអត់មានអ្នកណាមកបំពេញកាតព្វកិច្ចលើដីហ្នឹងតទៅទៀតទេ ទី២ ត្រូវរកឲ្យឃើញថា បើគាត់ពិតជាក្រពិតប្រាកដមែន ពេលហ្នឹងក្រុមការងារត្រូវតែលើកជាយោបល់ស្នើជូនទៅរដ្ឋាភិបាលឲ្យបានជ្រាប»។
ក្រៅពីនេះ ក្រុមការងារនឹងសិក្សាទៅលើប្រជាពលរដ្ឋមួយចំនួនផ្សេងទៀត ដែលជាអ្នកមានដីច្រើនរយហិកតារ នៅក្នុងគម្រោងដីសម្បទានសង្គមកិច្ចទំហំ ៣.៦៣៨ហិកតារ នោះ ដើម្បីសិក្សាពីប្រវត្តិកាន់កាប់ទិញលក់របស់ពួកគេឲ្យបានច្បាស់។ លោកបន្តថា នៅក្នុងគម្រោងដីសម្បទានសង្គមកិច្ច ៣.៦៣៨ហិកតារ នោះ មានប្រជាពលរដ្ឋខ្លះមានដីច្រើនរយហិកតារ ទទួលបានប័ណ្ណកម្មសិទ្ធិស្របច្បាប់ និងប្រជាពលរដ្ឋខ្លះទៀតមានដី ៣ ទៅ ៤ហិកតារ ហើយបានកាន់កាប់ជាក់ស្ដែងយូរឆ្នាំមកហើយនោះ មិនត្រូវគេចេញប័ណ្ណកម្មសិទ្ធិឲ្យនោះឡើយ។ ប៉ុន្តែ ក្រុមអាជ្ញាធរមូលដ្ឋានបានបដិសេធថា ប្រជាពលរដ្ឋនោះពុំមែនជាអ្នករស់នៅកាន់កាប់នៅក្នុងឃុំបឹងប្រាំ នោះទេ។
ទោះយ៉ាងនេះក្តី ក្រុមមន្ត្រីសង្គមស៊ីវិល សង្កត់ធ្ងន់ថា ភាពជាប់គាំងនៃការរៀបចំដីសម្បទានសង្គមកិច្ចនេះ បានជះឥទ្ធិពលប៉ះពាល់យ៉ាងខ្លាំងទៅលើប្រជាពលរដ្ឋ។ អ្នករស់នៅតំបន់បឹងប្រាំ ជាច្រើនគ្រួសារ បាននាំគ្នាធ្វើចំណាកស្រុកទៅរកការងារធ្វើ ដើម្បីបានប្រាក់កម្រៃដោះស្រាយជីវភាពប្រចាំថ្ងៃ។ ចំណែកប្រជាពលរដ្ឋខ្លះទៀតដែលកំពុងរស់នៅលើដីជាក់ស្ដែងនោះ ទទួលរងការគំរាមកំហែងពីសំណាក់អាជ្ញាធរ និងមានការប្ដឹងផ្ដល់ទៅតុលាការថែមទៀត។
ទន្ទឹមគ្នានេះ ពួកគេបានស្ដីបន្ទោសថា ក្រុមអាជ្ញាធរចាប់ពីថ្នាក់ខេត្តស្រុក និងឃុំ ពុំមានការស៊ីសង្វាក់គ្នា និងពុំមានការចូលរួមវាយតម្លៃក្នុងការរៀបចំដីសម្បទានសង្គមកិច្ចនោះឲ្យត្រឹមត្រូវទេ។ ប្រជាពលរដ្ឋរស់នៅជាក់ស្ដែងដែលមានឈ្មោះនៅក្នុងបញ្ជីឃុំបឹងប្រាំ នោះ មានចំនួនជាង ១.៧០០គ្រួសារ។ ចំណែកឯប្រជាពលរដ្ឋដែលមានឈ្មោះ ត្រូវទទួលបានដីសម្បទានសង្គមកិច្ចមានចំនួនរហូតទៅ ១.២៩៩គ្រួសារ។
បញ្ហានេះ អង្គការសង្គមស៊ីវិលមានការព្រួយបារម្ភពីការប្រើប្រាស់ដីសម្បទានសង្គមកិច្ច ដែលទទួលបានពីរដ្ឋាភិបាលនោះមិនចំគោលដៅ។ កន្លងទៅនេះ មានបញ្ហាស្មុគស្មាញជាច្រើនកើតមានឡើង ទាក់ទងទៅនឹងផ្លូវច្បាប់។ ក្រុមអាជ្ញាធរបានអនុវត្តច្បាប់នៅលើដីនៅចំណុចខ្លះតាមបទបញ្ជា០១ និងតាមសារាចរ០៣ ជាដើម។ ការអនុវត្តនេះ ខាងសង្គមស៊ីវិលមើលឃើញថា មិនមានផលល្អប្រសើរសម្រាប់ប្រជាពលរដ្ឋនោះទេ ហើយបានផលប៉ះពាល់ដល់គោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រដ្ឋាភិបាល។ ជាលទ្ធផលជាក់ស្ដែង គឺអ្នកខ្លះមានដីរាប់រយហិកតារនៅឃុំបឹងប្រាំ ពួកគេទទួលបានប័ណ្ណកម្មសិទ្ធិស្របច្បាប់ ចំណែកឯប្រជាពលរដ្ឋមួយចំនួនទៀត ដែលមានដីត្រឹមតែ ២ ទៅ ៣ហិកតារ ហើយបានកាន់កាប់ជាក់ស្ដែងយូរឆ្នាំមកនោះ មិនទទួលបានប័ណ្ណកម្មសិទ្ធិស្របច្បាប់នោះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- សកម្មជនដីធ្លី យ៉ោម បុប្ផា គ្រោងប្ដឹងកាសែតក្នុងស្រុកពីបទបរិហារកេរ្តិ៍
- ពលរដ្ឋនៅខេត្តរតនគិរីព្រមានប្ដឹងក្រុមហ៊ុនវៀតណាមករណីរំលោភដីធ្លី
- ប្រធានសហគមន៍និងអាជ្ញាធរនៅពោធិ៍សាត់រងការចោទថាឃុបឃិតលក់ដីសហគមន៍
- ពលរដ្ឋនៅខេត្តក្រចេះនាំគ្នាតវ៉ានៅមុខសាលាឃុំជុំវិញរឿងដីធ្លី
- សង្គមស៊ីវិលទាមទារឲ្យដោះលែងអ្នកជាប់ឃុំ២៣នាក់
- ពលរដ្ឋមួយចំនួននៅខេត្តកោះកុងទាមទារឲ្យអាជ្ញាធរចេញលិខិតកាន់កាប់ដីធ្លី
- ពលរដ្ឋនៅបន្ទាយមានជ័យសុំអន្តរាគមន៍ករណីក្រុមហ៊ុនឈូសរំលោភលើដីកសិកម្ម
- ជម្លោះដីធ្លីរវាងពលរដ្ឋនិងក្រុមហ៊ុនវៀតណាមនៅខេត្តរតនគិរី
- អ្នកបុរីកីឡា៥គ្រួសារត្រូវបានបង្ខំឲ្យរើឥវ៉ាន់ចេញពីផ្ទះដែលគេទុកចោល