ភាពចម្រូងចម្រាសលើការចរចាកំណត់ប្រាក់ខែគោល មិនអាចឈានដល់ការរកដំណោះស្រាយបានឡើយ។ ទាំងភាគីកម្មករ និងតំណាងអ្នកបញ្ជាទិញទំនិញអន្តរជាតិ ចង់ឲ្យមានការជួបគ្នាជាថ្មីទៀត ដើម្បីស្វែងរកដំណោះស្រាយបញ្ចប់បញ្ហានេះ។ ប៉ុន្តែ តំណាងខាងថៅកែរោងចក្រវិញ បានអះអាងនៅថ្ងៃទី១៧ មករា ថា គ្មានការជួបចរចាគ្នាឡើងវិញឡើយ។
ដោយ អាន ស៊ីថាវ
2014-01-17
RFA

កម្មករបើកបដាទាមទារប្រាក់ខែគោល ១៦០ដុល្លារ នៅក្បែរទីស្ដីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី៣០ ធ្នូ ឆ្នាំ២០១៣។ RFA/Mom Sophon
តំណាងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ច្រានចោលការអំពាវនាវរបស់តំណាងខាងកម្មករ និងអ្នកបញ្ជាទិញទំនិញលក់រាយអន្តរជាតិ ដែលចង់ឲ្យអ្នកពាក់ព័ន្ធជួបចរចាគ្នាឡើងវិញ ដើម្បីរកដំណោះស្រាយបញ្ចប់ភាពតានតឹងលើការកំណត់ប្រាក់ខែគោល។
អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជា លោក ខេន លូ មានប្រសាសន៍នៅថ្ងៃទី១៧ មករា ថា គ្មានហេតុផលណាមួយដែលត្រូវចូលរួមក្នុងតុចរចាទៀតឡើយ។ ការចរចាបានបញ្ចប់ គឺបានសម្រេចផ្ដល់ប្រាក់ខែគោលចំនួន ១០០ដុល្លារអាមេរិក។
«សំឡេង»
សមាគមអ្នកទិញសម្លៀកបំពាក់ និងស្បែកជើងលក់រាយធំៗចំនួន៦ នៅសហរដ្ឋអាមេរិក និងកាណាដា ដែលរួមគ្នាចុះហត្ថលេខាលើលិខិតចំហ កាលពីថ្ងៃទី១៥ មករា ដោយអះអាងថា ពួកគេជាអ្នកទិញផលិតផលកាត់ដេរពីកម្ពុជា ប្រមាណ ៩០%។ លិខិតដដែលបានបញ្ជាក់ថា អ្នកបញ្ជាទិញទំនិញអន្តរជាតិ ចង់ឲ្យមានការជួបចរចា ដើម្បីដោះស្រាយប្រាក់ខែគោលរបស់កម្មករឡើងវិញ។ ការជួបចរចាគ្នានេះ នឹងជំរុញស្ថានភាពវិស័យកាត់ដេរមានស្ថិរភាព និងរក្សាចំណងមិត្តល្អរវាងវិស័យកាត់ដេរកម្ពុជា និងអ្នកបញ្ជាទិញទំនិញអន្តរជាតិ។
អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ហេង សួរ មានប្រសាសន៍ថា លោកមិនទាន់បានទទួលលិខិតរបស់សមាគមអ្នកលក់រាយរបស់សហរដ្ឋអាមេរិក និងកាណាដា នោះនៅឡើយទេ ហើយការជួបប្រជុំឡើងវិញ ក៏នៅមិនទាន់កំណត់ពេលដែរ។
ឆ្លើយតបទៅនឹងបញ្ហានេះ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា លោក អាត់ ធន់ មានប្រសាសន៍ថា ការជួបចរចាឡើងវិញ គឺត្រូវតែមាន ដើម្បីឲ្យកម្មករស្ញប់ចិត្ត។ ក្រៅពីភាគីថៅកែរោងចក្រ អ្នកដែលមានឥទ្ធិពលដែលនាំឲ្យមានការជួបគ្នាជាថ្មី គឺរដ្ឋាភិបាល និងក្រុមអ្នកបញ្ជាទិញទំនិញអន្តរជាតិពីប្រទេសកម្ពុជា។ លោកបញ្ជាក់ថា ការជួបចរចាគ្នានោះ គឺចង់ឲ្យមានការបង្ហាញភាពស្មោះត្រង់ចំពោះអាជីវកម្មម្ចាស់រោងចក្រកាត់ដេរ និងកម្មករ។
«សំឡេង»
លោក អាត់ ធន់ មានប្រសាសន៍បន្ថែមទៀតថា ប្រាក់ចំណេញរបស់និយោជក ឬថៅកែរោងចក្រ ត្រូវមានចន្លោះពី ២០% ទៅ ៥០%។ ដូច្នេះ ការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុ គឺជាការបង្ហាញភាពស្មោះត្រង់ចំពោះថៅកែរោងចក្រនៅកម្ពុជា។
ការរកឃើញដោយអ្នកសេដ្ឋកិច្ចកន្លងទៅ ថៅកែរោងចក្របានទទួលផលចំណេញប្រមាណ ៨០% មានន័យថា កម្មករម្នាក់អាចរកប្រាក់ចំណេញឲ្យថៅកែរោងចក្រចំនួន ២០០ដុល្លារអាមេរិក ប៉ុន្តែកម្មករវិញទទួលបានតែជាង ៥០ដុល្លារអាមេរិក ប៉ុណ្ណោះ។
ទោះជាយ៉ាងណាក៏ដោយ វិស័យកាត់ដេរកម្ពុជា បានរីកចម្រើន និងចាប់ផ្ដើមនាំចេញច្រើនទៅកាន់ទីផ្សារអន្តរជាតិ ដោយការលើកលែងពន្ធគយ ក្រោមក្របខ័ណ្ឌអង្គការពាណិជ្ជកម្មពិភពលោក ប៉ុន្តែការអនុគ្រោះនេះបានបញ្ចប់កាលពីឆ្នាំ២០០៤។
ភាពរស់រានវិស័យកាត់ដេរកម្ពុជា បច្ចុប្បន្ន ដោយសារតែប្រទេសធំជាច្រើន ក្នុងនោះមានសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ផ្ដល់នូវទីផ្សារតូចមួយសម្រាប់ផលិតផលកាត់ដេរកម្ពុជា ដែលហៅថា នីច ម៉ាខិត (Niche Market)។ ការទទួលបានទីផ្សារនេះ លុះតែអ្នកនាំចេញផលិតផលកាត់ដេរពីកម្ពុជា ត្រូវគោរពលក្ខខណ្ឌមួយចំនួន ដូចជា ការប្រើប្រាស់វត្ថុធាតុផលិតក្នុងស្រុកយ៉ាងហោចណាស់ ៤០% និងដំណើរការនៃសង្វាក់ផលិតកម្ម ត្រូវស្របច្បាប់ និងមានការគោរពសិទ្ធិមនុស្ស។
តំណាងសហជីពកម្មករចំនួន៧ ដាក់លិខិតទៅរដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈស្នើ អោយក្រសួងរៀបចំអោយមានការចរចាដោយភាពស្មោះត្រង់ និងឆាប់រហ័ស
តំណាងសហជីពកម្មករចំនួន៨ បានដាក់លិខិតមួយទៅរដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក អ៊ិត សំហេង កាលពីថ្ងៃទី១៦ ខែមករា ដោយស្នើអោយក្រសួងរៀបចំអោយមានការចរចាដោយភាពស្មោះត្រង់ និងឆាប់រហ័ស ដើម្បីដំឡើងប្រាក់ខែ និងអត្ថប្រយោជន៍ផ្សេងៗសម្រាប់កម្មករ។
ស្របគ្នានេះ ក៏បានស្នើអោយមានចំណាត់ការចំពោះការបង្ក្រាបដោយហិង្សាទៅលើកម្មករ កាលពីថ្ងៃទី២ និងទី៣ មករា គឺនៅពេលពួកគេទាមទារដំឡើងប្រាក់ខែគោលនៅក្បែរតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ និងនៅផ្លូវវ៉េងស្រេង។ ក្នុងនោះ ត្រូវដាក់ទោសចំពោះកម្លាំងប្រដាប់អាវុធ និងអ្នកបញ្ជាអោយបាញ់សម្លាប់កម្មករ និងសងការខូចខាត ប្រាក់ជំងឺចិត្តទៅដល់គ្រួសារ ទាំងអ្នកស្លាប់ និងរបួស ដោះលែងសកម្មជនការពារសិទ្ធិមនុស្ស និងកម្មករចំនួន ២៣នាក់ ដោយគ្មានលក្ខខណ្ឌ និងបញ្ឈប់ការគំរាមកំហែងលើមេដឹកនាំសហជីពតាមមូលដ្ឋាន។
លិខិតដដែលក៏បានស្នើអោយនិយោជកត្រូវដកពាក្យបណ្ដឹង និងបញ្ឈប់ការប្ដឹងផ្ដល់សហជីពកម្មករ និងទទួលយកតំណាងសហជីព និងកម្មករដែលក្រុមហ៊ុនបញ្ឈប់ នៅក្រោយពេលធ្វើបាតុកម្មអោយចូលធ្វើការវិញដោយពុំមានការរើសអើង។
សហជីពធំៗទាំង៨ នោះ គឺរួមមានសហជីព ដែលដឹកនាំដោយ លោក ជា មុនី អ្នកស្រី ម៉ម ញឹម លោក អាត់ ធន់ លោក រ៉ុង ឈុន លោក ប៉ាវ ស៊ីណា និងលោក ហ្វា សាលី ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- សហជីពសេរីកម្មករនៅតែមានគម្រោងហែក្បួនប្រារព្ធខួប១០ឆ្នាំរបស់លោក ជា វិជ្ជា
- សហគមន៍បឹងកក់ដាក់ញត្តិតាមស្ថានទូតសុំអន្តរាគមន៍ឲ្យដោះលែងមនុស្ស២៣នាក់
- សង្គមស៊ីវិលរិះគន់រដ្ឋាភិបាលចំពោះការឃុំមនុស្ស២៣នាក់នៅឆ្ងាយពីភ្នំពេញ
- សមាគមអ្នកបញ្ជាទិញជំរុញឲ្យបញ្ចប់ជម្លោះរឿងប្រាក់ខែកម្មករ
- ថៅកែរោងចក្រ១៦៤ប្ដឹងសហជីពនិងសមាគម៦ឲ្យសងការខូចខាត
- មេធាវីអង្គការធានាអ្នកជាប់ឃុំ២២នាក់នៅត្រពាំងផ្លុងឲ្យនៅក្រៅឃុំ
- ព្រះសង្ឃនិងពលរដ្ឋធ្វើបុណ្យជូនអ្នកស្លាប់៤នាក់នៅវ៉េងស្រេង
- សហជីពចំនួន៨ស្នើសុំចរចាដំឡើងប្រាក់ខែគោលកម្មករ១៦០ដុល្លារ
- មេដឹកនាំសហជីពអះអាងថាមានកម្មករនៅរោងចក្រចំនួន៥បន្តធ្វើកូដកម្ម