ដោយ៖ ឡាយ សាមាន
ថ្ងៃសុក្រ ទី17 ខែមករា ឆ្នាំ2014
http://vodhotnews.com
សកម្មជនដីធ្លីមកពីបឹងកក់ បានហែក្បួនតាមបណ្តោយវិថីសុធារស ឆ្ពោះទៅស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា ដើម្បីធ្វើការដាក់ញត្តិ (រូបភាពដោយ តាត ឧត្តម)
សកម្មជនដីធ្លីបឹងកក់ និងសមាជិកសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ប្រមាណ៥០នាក់ នៅព្រឹកថ្ងៃសុក្រនេះ បានចេញដាក់ញត្តិនៅស្ថានទូតបរទេសប្រចាំនៅកម្ពុជាមួយចំនួន ដើម្បីជួយអន្តរាគមន៍ដោះលែងមនុស្សទាំង ២៣នាក់ ដែលត្រូវបានចាប់ខ្លួននៅពេលតវ៉ាទាមទារប្រាក់ឈ្នួល១៦០ដុល្លារ។
អ្នកស្រី ទេព វន្នី ឲ្យដឹងថា ស្ថានទូតទាំង៥ដែលត្រូវដាក់ញត្តិនោះ រួមមានស្ថានទូតអាមេរិក ជប៉ុន អាឡឺម៉ង់ អង់គ្លេស និងអូស្ត្រាលី ជាដើម ដើម្បីជួយអន្តរាគមន៍ទៅរដ្ឋាភិបាលឲ្យដោះលែងសកម្មជនដីធ្លីរបស់ខ្លួន គឺលោក ចាន់ ពុទ្ធិស័ក្ក លោក ថេង សាវឿន និងលោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ព្រមទាំងសកម្មជននិងកម្មករ ២០នាក់ទៀត ដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី២និងទី៣ខែមករា។
មន្ត្រីស្ថានទូតអាមេរិក ជប៉ុន អូស្រា្តលី ស្ថានទូត អាឡឺម៉ង់ បានទទួលញត្តិនោះតែមិនទាន់បានឆ្លើយតបទេ។ សម្រាប់ស្ថានទូតអង់គ្លេស ធនាគារពិភពលោក នឹងដាក់ជូននៅរសៀលថ្ងៃនេះ។
ក្នុងអំឡុងពេលធ្វើប្រមូលផ្តុំដាក់ញាត្តិ ប្រជាពលរដ្ឋទាំងនោះបានស្រែកឲ្យដោះលែងជនជាប់ចោទទាំង២៣នាក់ ជាបន្ទាន់និងលើកបដា សរសេរថា «យើងត្រូវការយុត្តិធម៌»។
ការហែក្បួនដាក់ញត្តិទៅស្ថានទូតនានាប្រចាំនៅកម្ពុជា ឲ្យជួយអន្តរាគមន៍ដោះលែងសកម្មជនទាំង២៣នាក់នោះ បានប្រព្រឹត្តិទៅដោយមិនមានការរារាំងពីសំណាក់សមត្ថកិច្ចទៀតឡើយ បើទោះជាអាជ្ញាធរបានហាមការជួបជុំមនុស្សលើសពី១០នាក់។
សភាអឺរ៉ុប ក៏អំពាវនាវឲ្យប្រទេសកម្ពុជា គួរតែដោះលែងជាបន្ទាន់មនុស្សទាំង២៣នាក់ ដែលកំពុងត្រូវបានឃុំខ្លួននៅខេត្តកំពង់ចាម ដោយចាត់ទុកការចាប់ខ្លួននេះគឺ «អយុត្តិធម៌» ។សភាអឺរ៉ុប ក៏បានអំពាវនាវឲ្យបញ្ឈប់ការកោះហៅលោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ និងអនុប្រធាន លោក កឹម សុខា និងលោក រ៉ុង ឈុន មេដឹកនាំសហជីព។
អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា លោក សុរិយា ស៊ូប៊ែឌី ក៏ស្នើឲ្យតុលាការកម្ពុជាប្តូរកន្លែងឃុំខ្លួនជនជាប់ចោទ ទាំង២៣នាក់នោះ មកកាន់រាជធានីភ្នំពេញវិញ ដើម្បីឲ្យមេធាវី សាច់ញាតិ និងក្រុមគ្រួសារ ងាយស្រួលចូលជួបសួរសុខទុក្ខ៕
អត្ថបទទាក់ទង៖
– សភាអឺរ៉ុប អំពាវនាវឲ្យកម្ពុជា ដោះលែងមនុស្ស២៣នាក់ និងបញ្ឈប់ការកោះហៅមេដឹកនាំគណបក្សប្រឆាំង
សូមសរសេរមកកាន់លោក ឡាយ សាមាន តាមរយៈ samean@vodhotnews.com