ពលរដ្ឋ​នៅ​ខេត្ត​សៀមរាប​បារម្ភ​ពី​បញ្ហា​បរិស្ថាន​បណ្ដាល​មក​ពី​រោង​ម៉ាស៊ីន​អគ្គិសនី

ក្រុម​អ្នក​ជំនាញ​ផ្នែក​សុខភាព និង​បរិស្ថាន តែង​ពន្យល់​ថា បរិស្ថាន​នៅ​ជុំវិញ​ខ្លួន​ស្អាត នឹង​ធ្វើ​ឱ្យ​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​ក៏​មាន​សុខភាព​ល្អ។ ក៏ប៉ុន្តែ ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​នៅ​ស្រុក​អង្គរជុំ ចម្ងាយ​ជាង ៦០​គីឡូម៉ែត្រ ភាគ​ខាង​លិច​ពី​ទី​រួម​ខេត្ត​សៀមរាប កំពុង​ចោទ​ប្រកាន់​រោង​ម៉ាស៊ីន​ផ្ដល់​ថាមពល​អគ្គិសនី​មួយ​ថា កំពុង​បំពុល​បរិស្ថាន ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ​យ៉ាង​ខ្លាំង។ ក្រុម​អ្នក​ភូមិ​ចង់​ឱ្យ​អាជ្ញាធរ​ថ្នាក់​មូលដ្ឋាន ឬ​ក៏​ថ្នាក់​ខេត្ត ជួយ​ដោះស្រាយ​បញ្ហា​ទាំង​នោះ។

ដោយ ហង្ស សាវយុត
2014-01-18
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

ក្រុម​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​នៅ​ភូមិ​ដូនស្វា ឃុំ​ចារឈូក ស្រុក​អង្គរជុំ កំពុង​សម្ដែង​ការ​ព្រួយ​បារម្ភ​ចំពោះ​សុខភាព ដោយសារ​តែ​គេ​អះអាង​ថា ជា​រៀង​រាល់​ថ្ងៃ រោង​ម៉ាស៊ីន​អគ្គិសនី​មួយ​កន្លែង​ដែល​ដើរ​ដោយ​ថាមពល​ដុត​អង្កាម តែង​បង្ហុយ​ផេះ​ឱ្យ​អណ្ដែត​ពាសពេញ ព្រម​ទាំង​បញ្ចេញ​ចោល​ចំហាយ​ឧស្ម័ន ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អ្នក​រស់​នៅ​ជុំវិញ។

អ្នក​ភូមិ​ខ្លះ​បាន​ឱ្យ​ដឹង​ថា គេ​បាន​តវ៉ា​ប្រឆាំង​នឹង​បញ្ហា​នេះ​ជាច្រើន​លើក​មក​ហើយ ក៏ប៉ុន្តែ​វា​នៅ​តែ​មិន​មាន​ដំណោះស្រាយ​អ្វី​ឱ្យ​ប្រសើរ​ទេ។

បុរស​អ្នក​ភូមិ​ដូនស្វា នៃ​ឃុំ​ចារឈូក ម្នាក់​ក្នុង​ចំណោម​ជាច្រើន​ទៀត​ដែល​កំពុង​ទទួល​រង​ការ​ប៉ះពាល់​នោះ គឺ​លោក តឿ វឿត។ លោក​បាន​បញ្ជាក់​ថា ចាប់​តាំង​ពី​មាន​ផេះ និង​ឧស្ម័ន​ហុយ​ចេញ​ពី​រោង​ម៉ាស៊ីន​អគ្គិសនី​មក គឺ​អ្នក​ភូមិ​របស់​គាត់​ខ្លះ​មាន​សុខភាព​មិន​ល្អ​ទេ៖ «មាន​អារម្មណ៍​ប៉ះពាល់​ថា​សម្រាក​វា​មិន​បាន ទី​១ វា​ថ្លង់​ម៉ាស៊ីន។ ទី​២ ផេះ​វា​ហុយ​មក​លើ​ផ្ទះ​លើ​អី ប្រជាពលរដ្ឋ​នៅ​ជុំវិញ​នោះ ហើយ​ធុំ​ក្លិន​ចំហាយ​ជះ​ទាំង​យប់​ទាំង​ថ្ងៃ បើ​ខ្យល់​បក់​មក​អ៊ីចេះ មិន​ដែល​សម្រាក​បាន​ទេ។ រស់​នៅ​ក្បែរ​ជុំវិញ​នោះ វា​មាន​បញ្ហា អ្នក​ខ្លះ​វិល​មុខ អ្នក​ខ្លះ​ក៏​ឈឺ​គ្រុន​ទៅ។ អូ! បញ្ហា​នោះ​យូរ​គ្រាន់ ហើយ​ដល់​តវ៉ា​ទៅ​ចៅហ្វាយ​ស្រុក​គាត់​ថា ចាំ​សម្រប​សម្រួល​ដល់​ពេល​សម្របសម្រួល​ទៅ គេ​ថា​ចាំ​គេ​ធ្វើ​ឱ្យ​បាត់​ធុំ​ក្លិន បាន​ឮ​សំឡេង​ឮ​អ្វី​ទៅ ក៏​ប្រជាពលរដ្ឋ​រំខាន​សម្រាក​ពួន​មិន​បាន​អ៊ីចឹង​ទៅ»

កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មករា តំណាង​អ្នក​ភូមិ​ចំនួន ៣​នាក់ បាន​នាំ​គ្នា​មក​ទី​រួម​ខេត្ត​សៀមរាប ដើម្បី​សុំ​ឱ្យ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជួយ​ធ្វើ​ពាក្យ​បណ្ដឹង និង​ជួយ​បង្ហាញ​ពី​មធ្យោបាយ​ខ្លះៗ ក្នុង​ការ​ដោះស្រាយ​ទៅ​លើ​ការ​ប៉ះពាល់ ដែល​បណ្ដាល​មក​ពី​រោង​ម៉ាស៊ីន​អគ្គិសនី​នោះ។

តំណាង​អ្នក​ភូមិ​ដូនស្វា គឺ​លោក ធាង ថៃ បាន​មាន​ប្រសាសន៍​ថា កាល​ពី​ថ្ងៃ​ទី​៤ ខែ​មករា កន្លង​ទៅ លោក​ធ្លាប់​ដាក់​ពាក្យ​បណ្ដឹង​ទៅ​សាលា​ស្រុក​អង្គរជុំ ដើម្បី​ឱ្យ​ជួយ​ដោះស្រាយ​ការ​ប៉ះពាល់​នោះ​ម្ដង​មក​ហើយ ក៏ប៉ុន្តែ​សាលា​ស្រុក​មិន​មាន​ការ​ឆ្លើយ​តប​អ្វី​ទេ ទើប​លោក​សម្រេច​ចិត្ត​ឡើង​មក​សុំ​ជំនួយ​ផ្នែក​ច្បាប់ និង​ពិគ្រោះ​យោបល់​ជាមួយ​អង្គការ​ក្រៅ​រដ្ឋាភិបាល​វិញ៖ «ដែល​ខ្ញុំ​ឡើង​មក​នេះ គឺ​ដាក់​ពាក្យ​បណ្ដឹង​មក​ខាង​អង្គការ​ឱ្យ​អង្គការ​ជួយ​ដោះស្រាយ​ឱ្យ​ប្រជាជន។ ដោយ​ដោះស្រាយ​នៅ​ឯ​សាលា​ស្រុក​មិន​ចេញ ខ្ញុំ​ចេះ​តែ​ស្រាវជ្រាវ​រក​ថា ក្រែងលោ​ខាង​អង្គការ​ជួយ​ដោះស្រាយ​ឱ្យ​ប្រជាជន​បាន»

ទោះ​យ៉ាង​ណា វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នក​គ្រប់គ្រង​រោង​ម៉ាស៊ីន​អគ្គិសនី​នៅ​ស្រុក​អង្គរជុំ ដើម្បី​សុំ​ការ​ពន្យល់​ជុំវិញ​ការ​ចោទ​ប្រកាន់​របស់​ប្រជាពលរដ្ឋ​បាន​យ៉ាង​ណា​នៅ​ឡើយ​ទេ។

ចំណែក​អាជ្ញាធរ​មូលដ្ឋាន​ទាំង​ថ្នាក់​ឃុំ និង​ស្រុក បាន​ទទួល​ស្គាល់​ថា គេ​បាន​ដឹង​អំពី​ការ​ប៉ះពាល់​នេះ​កើត​មាន​រយៈពេល​ប្រហែល ២​ឆ្នាំ​មក​ហើយ ក៏ប៉ុន្តែ​គេ​មិន​ដឹង​ថា​នឹង​​ត្រូវ​ដោះស្រាយ​យ៉ាង​ណា?

ជំទប់​ទី​២ ឃុំ​ចារឈូក លោក ហ៊ាន សៀ បាន​មាន​ប្រសាសន៍​ថា មាន​ប្រជាពលរដ្ឋ​ប្រមាណ​ជាង ៤០​គ្រួសារ ដែល​រស់​នៅ​ជុំវិញ​រោង​ម៉ាស៊ីន​អគ្គិសនី​នោះ គឺ​ជា​អ្នក​ទទួល​រង​ការ​ប៉ះពាល់​ជា​ប្រចាំ​ថ្ងៃ។ ទោះ​យ៉ាង​ណា លោក​ជំទប់​ទី​២​បាន​បញ្ជាក់​ថា សាលា​ឃុំ​មិន​ទាន់​ដែល​បាន​ដោះស្រាយ​រឿង​នោះ​ទេ ដោយសារ​តែ​មិន​ដែល​បាន​ទទួល​ពាក្យ​បណ្ដឹង​ពី​ប្រជាពលរដ្ឋ៖ «វា​ធុំ​ក្លិន​មក​បង​ប្អូន​ប្រជាពលរដ្ឋ។ គិត​ទៅ​វា​ប៉ះពាល់​ច្រើន​ណាស់​ម៉ា​ចំរ៉ាក់​ដង​ថ្នល់។ អគ្គិសនី​នេះ កាល​ពី​ដើម​មិញ វា​ប្រើ​ម៉ាស៊ីន​ចាក់​ម៉ាស៊ូត​ចាក់​អី។ ដល់​ថ្ងៃ​នេះ ម៉ាស៊ីន​គេ​មក​ប្រើ​ដុត​អង្កាម​បាន​វា​ធុំ​ក្លិន។ បើ​និយាយ​ទៅ មិន​ដែល​បាន​ប្ដឹង​ដល់​ឃុំ​ទេ បាន​ជា​ឃុំ​មិន​ដឹង​ថា​ដោះស្រាយ​ថា យ៉ាង​ម៉េច។ បើ​តាម​ខ្ញុំ​ស្ដាប់​តាម​កាល​ពី​វេទិកា​សេរី​នៅ​ក្នុង​ស្រុក ឃើញ​បង​ប្អូន​គាត់​ឡើង​មាន​វេទិកា​សេរី​ទៅ​សាលា​ស្រុក ក៏​មិន​ដឹង​ដោះស្រាយ​យ៉ាង​ណា បាន​ជា​ខ្ញុំ​មិន​ដឹង​និយាយ​ដូចម្ដេច?»

អភិបាល​ស្រុក​អង្គរជុំ លោក រ័ត្ន ជុំ បាន​ទទួល​ស្គាល់​ថា ប្រជាពលរដ្ឋ​ធ្លាប់​បាន​ដាក់​ពាក្យ​ប្ដឹង​មក​សាលា​ស្រុក​ចំនួន ២-៣​លើក​មក​ហើយ ជុំវិញ​ការ​ប៉ះពាល់ ដោយសារ​រោង​ម៉ាស៊ីន​អគ្គិសនី​នេះ ហើយ​លោក​ក៏​បាន​រាយការណ៍​បន្ត​ទៅ​សាលា​ខេត្ត​សៀមរាប។ លោក រ័ត្ន ជុំ បញ្ជាក់​ថា មន្ត្រី​សាលា​ខេត្ត​សៀមរាប និង​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ ក៏​ធ្លាប់​ចុះ​មក​ពិនិត្យ​ម្ដង​មក​ហើយ។ ហេតុ​ដូច្នេះ ទើប​សាលា​ស្រុក​អង្គរជុំ នៅ​រង់ចាំ​ការ​សម្រេច​ពី​ថ្នាក់​ខេត្ត ថា​តើ​ត្រូវ​ដោះស្រាយ​យ៉ាង​ណា?

លោក រ័ត្ន ជុំ៖ «រហូត​ដល់​វេទិកា​ក្រុម​ប្រឹក្សា​ខេត្ត បាន​និយាយ​គ្នា​រួច​ទៅ​ហើយ។ ខាង​ខេត្ត ហើយ​និង​មន្ទីរ​ពាក់ព័ន្ធ គាត់​ចុះ​មក​ពិនិត្យ។ គេ​មក​មើល​ម្ដង​ហើយ ចំ​ពេល​ដែល​ម៉ាស៊ីន​ខូច​ទៅ​អត់​ដឹង​ថា​ក្លិន​យ៉ាង​ម៉េច​អី​យ៉ាង​ម៉េច ប៉ុន្តែ​គេ​នឹង​ពិនិត្យ​មើល​លើក​ទី​២​ទៀត។ ទាក់ទង​និយាយ​គ្នា​ទាំងអស់​គេ​ចុះ​មក​ពិនិត្យ​ទីតាំង​ហើយ បើ​គេ​មើល​ទៅ​ឃើញ​ថា​វា​មិន​អាច​បន្ត​ដំណើរ​ការ​ទៀត​បាន គឺ​បញ្ឈប់​បណ្ដោយ»

អង្គការ​ក្រៅ​រដ្ឋាភិបាល​កំពុង​ចាប់​អារម្មណ៍​ទៅ​នឹង​ក្រុម​អ្នក​ភូមិ ដែល​សម្ដែង​កង្វល់​អំពី​ការ​ប៉ះពាល់​សុខភាព ដោយសារ​តែ​រោង​ម៉ាស៊ីន​អគ្គិសនី​នោះ ហើយ​ថា​គេ​នឹង​ជួយ​ជ្រោមជ្រែង​ដល់​អ្នក​ភូមិ ដើម្បី​ស្វែង​រក​ដំណោះស្រាយ។

អ្នក​ស៊ើប​អង្កេត​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ខេត្ត​សៀមរាប លោក សួស ណារិន បាន​មាន​ប្រសាសន៍​ថា អង្គការ​របស់​លោក​កំពុង​ពិនិត្យ​មើល​ទៅ​លើ​ពាក្យ​បណ្ដឹង​របស់​ប្រជាពលរដ្ឋ ហើយ​កំពុង​រិះរក​គំនិត​សំខាន់ៗ​ជាច្រើន ដើម្បី​ធ្វើ​យ៉ាង​ណា​ឱ្យ​អាច​ជួយ​អ្នក​ភូមិ​បាន។

អ្នក​ភូមិ​ដូនស្វា បាន​ឱ្យ​ដឹង​ថា ជា​រៀង​រាល់​ថ្ងៃ​កម្ទេច​ផេះ​ដុត​អង្កាម និង​ឧស្ម័ន​ក្លិន​អាក្រក់ ដែល​ភាយ​ចេញ​ពី​រោង​ម៉ាស៊ីន​អគ្គិសនី​នោះ មិន​ត្រឹម​តែ​ធ្វើ​ឱ្យ​ប៉ះពាល់​សុខភាព និង​រំខាន​ដល់​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ជុំវិញ​ប៉ុណ្ណោះ​ទេ គឺ​វា​ថែម​ទាំង​ធ្វើ​ឱ្យ​ប៉ះពាល់​ទៅ​ដល់​មន្ទីរពេទ្យ និង​សាលា​រៀន​ដែល​នៅ​ជិត​គ្នា​នោះ​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles