សាលារាជធានីភ្នំពេញ ​កំណត់​តម្លៃ​ឡានក្រុង ​១៥០០​រៀល​ ពី​រង្វង់​មូល​ស្តា​ត​ចាស់ មហាវិថី​ព្រះមុន្នីវង្ស​ ដល់​ស្ពាន​ច្បារអំពៅ​​

ដោយ៖​ ជន ស្រីណុច​
ថ្ងៃសៅរ៍ ទី18 ខែមករា ឆ្នាំ2014
http://vodhotnews.com

រូបថតពី Google

រូបថតពី Google

​សាលា​រាជធានី​ភ្នំពេញ​កំណត់​យក​តម្លៃ សេ​វា​ដឹក​អ្នកដំណើរ ១៥០០​រៀល តាម​មធ្យោបាយ​រថយន្តក្រុង ចល័តក្នុង​រាជធានីភ្នំពេញ នៅលើ​មហាវិថីព្រះ​មុន្នី​វង្ស ដោយ​គិត​ប្រវែង ចាប់​ពី​រង្វង់​មូល​ស្តា​ត​ចាស់ ទៅដល់​ស្ពាន​ច្បារអំពៅ។​

​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌី​ម៉ង់ ប្រាប់​VOD នៅ​ព្រឹក​ថ្ងៃ​សៅរ ទី ១៨ ខែ​មករា​នេះ​ថា ក្រុមការងារ កាល​ពី​ម្សិលមិញ បាន​​ប្រជុំ​សម្រេច​​​គ្នា​ថា ដាក់ឲ្យ​ដំណើរការសាកល្បង រថយន្ត​ក្រុង​ក្នុង​រាជធានី​ភ្នំពេញ កំណត់​តម្លៃ​ត្រឹម​១៥០០​រៀល​ប៉ុណ្ណោះ ដោយ​ដាក់ឲ្យ​ដំណើរការ សាក​ល្បង រថយន្ត​ក្រុង​ចំនួន​១០​គ្រឿង តាម​បណ្តោយ មហាវិថីផ្លូវ​ព្រះមុន្នីវង្ស ចាប់​ពី​រង្វង់​មូល​ស្តា​ត​ចាស់ មក​ដល់​គល់​ស្ពានច្បារអំពៅ។​

​កាលពីដើម​ខែ​ធ្នូ​ឆ្នាំ​២០១៣ សាលា​រាជធានី​ភ្នំពេញ ​បានប្រកាសនឹង​សាកល្បង​សេវា​រថយន្តក្រុង​សាធារណៈ ចំនួន​១០​គ្រឿង នៅលើ​ផ្លូវ​ព្រះមុន្នីវង្ស នៅដើម​​ខែ​កុម្ភៈ ឆ្នាំ​២០១៤ ខាងមុខនេះ ដែល​ជា​គម្រោង​មួយ​ក្នុង​ការកាត់បន្ថយ​ការកកស្ទះ​ចរាច​រណ៍​ក្នុងទីក្រុង​។

​លោក ​ឡុង ឌី​ម៉ង់ អ្នកនាំពាក្យសាលារាជធានី ប​ន្តថា សេវាកម្មឡានក្រុងនេះ ចាប់ផ្តើមដំណើរការនេះ គឺអំឡុងចន្លោះថ្ងៃទី​៥ ខែ​កុម្ភៈ ​ដល់ ថ្ងៃទី​៤ ខែ​មីនា ឆ្នាំ​២០១៤ ខាង​មុខនេះ។

​កន្លងទៅ ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន បានប្រកាសថា ទីភ្នាក់ងារ​ នឹង​ដាក់​ឲ្យមាន​ប្រព័ន្ធ​រថយន្តក្រុង​សាធារណៈ​នៅរាជធានីភ្នំពេញ ក្នុង​ឆ្នាំ​២០១៤​នេះ។ កាលពី​ឆ្នាំ​២០០១ កម្ពុជា បាន​ដាក់ឲ្យ​ប្រើប្រាស់​សេវា​នេះ​ម្តង​រួចមកហើយ តែ​បរាជ័យ​ទៅវិញ ដោយសារ​ការ​មិន​ចាប់អារម្មណ៍ ពី​អ្នក​ធ្វើ​ដំណើរ និង​កង្វះខាត​ជំនួយ​។​

​ប្រធាន​កម្មវិធី​សុវត្ថិភាព​ចរាច​រណ៍ ផ្លូវគោក​ប្រចាំ​អង្គការ​ Handicap International លោក អ៊ា ចរិយា មានប្រសាសន៍ថា ការកកស្ទះ​ចរាច​រណ៍​នៅ​រាជ​ធានី​​ភ្នំពេញ កំពុង​ក្លាយជា​បញ្ហា​ព្រួយបារម្ភ​បំផុត ដែល​ត្រូវដោះស្រាយ​ជាបន្ទាន់​។ លោក​បន្តថា វា​ដល់​ពេល​សម្រាប់​រាជ​រដ្ឋាភិបាល ដាក់​ឲ្យមាន​សេវា​រថយន្តក្រុង​សាធារណៈនេះ  ដោយ​រក​មធ្យោបាយ​ណែនាំ​ឲ្យ​អ្នកធ្វើ​ដំណើរ​ចាប់អារម្ម​ណ៍ និង​ការ​យក​តម្លៃ​ថោក​សមរម្យ​៕

​សរសេរ​មកកាន់​កញ្ញា ជន ស្រី​ណុ​ច តាមរយៈ​ chornsreynoch@vodhotnews.com

What Next?

Recent Articles