ដោយ៖ ជន ស្រីណុច
ថ្ងៃសៅរ៍ ទី18 ខែមករា ឆ្នាំ2014
http://vodhotnews.com
សាលារាជធានីភ្នំពេញ ហាមមិនឲ្យសាធារណៈជន ដុតផាវ ឬដុតកាំជ្រួចនានា នៅថ្ងៃបុណ្យចូលឆ្នាំចិន និងវៀតណាម ដែលនឹងត្រូវប្រព្រឹត្តិឡើងនៅថ្ងៃទី៣០ ខែមករា ខាងមុខនេះ ហើយការលោតម៉ុងសាយក៏ត្រូវបានហាមឃាត់ដែរ ប្រសិនបើមិនមានការអនុញ្ញាតត្រឹមត្រូវ។
សេចក្តីណែនាំរបស់សាលារាជធានីភ្នំពេញ ចុះថ្ងៃទី១៧ខែមករានេះ ឲ្យដឹងថា ដើម្បីរក្សានូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងឱកាសចូលឆ្នាំចិន និងវៀតណាម សាលារាជធានីជូនដំណឹងដល់សាធារណៈជន មិនឲ្យមានការដុតកាំជ្រួច ឬផាវ មិនឲ្យលេងល្បែងស៊ីសងគ្រប់ប្រភេទ គួបផ្សំនឹងការហែក្បួនផ្សេងៗទាំងបែបសាសនា ឬប្រពៃណីដែលគ្មានការអនុញ្ញាតត្រឹមត្រូវ។
សេចក្តីណែនាំ ឲ្យដឹងទៀតថា នៅគ្រប់កន្លែងកំសាន្តសប្បាយ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ជាពិសេសកងកម្លាំង សមត្ថកិច្ច ឬនាយកដ្ឋានផ្សេងៗ ត្រូវចាត់វិធានការការពារសណ្តាប់ធ្នាប់ឲ្យបានម៉ឺងម៉ាត់ ជៀសវាងបណ្តាលឲ្យបញ្ហាកើតឡើងជាយថាហេតុ។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ មានប្រសាសន៍ថា សម្រាប់ប្រជាជនចិន ឬវៀតណាម ប្រសិនបើចង់លោតម៉ុងសាយ ត្រូវសុំអនុញ្ញាតពីសាលារាជធានីភ្នំពេញ ឲ្យបានត្រឹមត្រូវ ។ លោកបន្តថា ចំពោះការដុតក្រដាស ឬសកម្មភាពអ្វីៗ ត្រូវធ្វើឡើងដោយមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីការពារកុំឲ្យមានបញ្ហាគ្រោះអគ្គីភ័យ ឬបញ្ហាផ្សេងៗកើតឡើង ជាពិសេស គឺមិនត្រូវដុតក្រដាស ភ្លើងទាន ឬធូប ពាសវាលពាសកាលនោះទេ។
ថ្ងៃចូលឆ្នាំប្រពៃណីជនជាតិចិន និងវៀតណាម នឹងត្រូវប្រព្រឹត្តិឡើងនៅថ្ងៃទី ៣០ ខែមករា ខាងមុខនេះ៕
សរសេរមកកាន់កញ្ញា ជន ស្រីណុច តាមរយៈ chornsreynoch@vodhotnews.com