ក្រុមអាជ្ញាធរខេត្តបាត់ដំបង ពុំបានបង្ហាញឆន្ទៈច្បាស់លាស់នោះឡើយ ក្នុងការដោះស្រាយ ឬទូទាត់សំណងសមរម្យណាមួយទៅឲ្យប្រជាពលរដ្ឋជាម្ចាស់ដីជាច្រើនគ្រួសារ នៅឃុំផ្លូវមាស ស្រុករតនៈមណ្ឌល នោះឡើយ។
ដោយ សួន សុផលមុន្នី
2014-01-24
RFA
ដីលំនៅឋាន និងដីស្រែចម្ការជាច្រើនហិកតាររបស់ប្រជាពលរដ្ឋជិត ១០០គ្រួសារ កំពុងប្រឈមទៅនឹងការបាត់បង់ ដោយសារតែប៉ះពាល់ជាមួយគម្រោងអភិវឌ្ឍន៍ទំនប់រណបមួយផ្សេងទៀត ដើម្បីយកទឹកទៅផ្គត់ផ្គង់ប្រឡាយកង្ហត ឋិតនៅស្រុកបាណន់ ខេត្តបាត់ដំបង។
ការទាមទារសំណងរបស់អ្នកភូមិជាម្ចាស់ដី ជាមួយនឹងក្រុមអាជ្ញាធរខេត្តបាត់ដំបង ដែលជាភាគីតំណាងឲ្យរដ្ឋ នៅពុំទាន់ឃើញសញ្ញាវិជ្ជមានណាមួយលេចចេញនោះឡើយ បើទោះបីជម្លោះក្នុងគម្រោងអភិវឌ្ឍន៍ទំនប់រណបមួយនេះ បានអូសបន្លាយអស់រយៈពេលច្រើនខែមកហើយក៏ដោយ។ ចំណែកឯក្រុមហ៊ុនចិន ដោយមានកិច្ចសហការពីអាជ្ញាធរមូលដ្ឋាន នៅតែបន្តសកម្មភាពរបស់ខ្លួនបំពានលើដីរបស់អ្នកភូមិ។
ជាក់ស្ដែង នៅពីព្រឹកថ្ងៃសុក្រ ទី២៤ ខែមករា គ្រឿងចក្រជាច្រើនគ្រឿង ត្រូវគេដាក់ឈូសរៀបចំដីបើកផ្លូវ ដើម្បីកសាងទំនប់រណបនោះ ប៉ះពាល់ចំលើដីរបស់អ្នកភូមិ។ បញ្ហានេះ បានធ្វើអោយក្រុមអ្នកភូមិដែលបានកាន់កាប់ដីអស់រយៈពេលច្រើនឆ្នាំមកហើយនោះ មានប្រតិកម្ម។
លោក កង កាន តំណាងអ្នកភូមិទឹកសាប ឃុំផ្លូវមាស ស្រុករតនៈមណ្ឌល ថ្លែងថា អ្នកភូមិសុំឲ្យភាគីក្រុមហ៊ុនចិន ផ្អាកសកម្មភាពរង់ចាំការជជែកដោះស្រាយសំណងឲ្យត្រូវគ្នាសិន ប៉ុន្តែពួកគេពុំបានបញ្ឈប់សកម្មភាពនោះឡើយ៖ «ប្រជាជនមិនព្រមឲ្យចូលធ្វើទេ ប៉ុន្តែដល់គេធ្វើអ៊ីចឹងមិនដឹងថាម៉េច ឥឡូវសូម្បីតែមេឃុំ មេភូមិ ប៉ូលិសឃុំ ចុះទៅអនុញ្ញាតឲ្យធ្វើតាមផ្លូវរទេះ គេថា បើមានប៉ះពាល់ប្រជាពលរដ្ឋ ឲ្យប្ដឹងចុះ ហើយអ៊ីចឹងទៅមិនដឹងធ្វើម៉េចដោះស្រាយអីយ៉ាងណាទេ»។
កន្លងទៅនេះ ក្រុមហ៊ុនចិន បានចុះទៅវាស់វែងលើដីអ្នកភូមិយកកសាងទំនប់រណបស្តុកទឹក។ ទីតាំងនោះ គឺឋិតចំលើដីលំនៅឋាន ដីស្រែចម្ការអ្នកភូមិចំនួន ៧០គ្រួសារ លើផ្ទៃដីប្រហែល ៣ពាន់ហិកតារ ក្នុងភូមិចំនួន៤ ក្នុងឃុំផ្លូវមាស ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង។ ក្រុមអាជ្ញាធរធ្លាប់បានកំណត់តម្លៃដីជាថ្នូរនឹងការដោះស្រាយសំណង។ ក្នុងនោះ ដីលំនៅឋាន ១ម៉ែត្រការ៉េ ឲ្យតម្លៃ ១ដុល្លារ ៥កាក់ និងដីចម្ការក្នុង ១ហិកតារ ៣ពាន់ដុល្លារ។ ប៉ុន្តែ តម្លៃនេះត្រូវបានអ្នកភូមិបដិសេធមិនអាចទទួលយក ហើយទាមទារដីលំនៅឋានក្នុង ១ម៉ែត្រការ៉េ ថ្លៃ ១០ដុល្លារ រីឯដីចម្ការ យ៉ាងតិចណាស់បានថ្លៃ ១ដុល្លារក្នុង១ម៉ែត្រការ៉េ ទើបពួកគាត់អាចទទួលយកបាន៖ «ចុះមកម្ដងតម្លៃប៉ុណ្ណេះ ម្ដងប៉ុណ្ណោះ ចេះតែឡើងបន្តិច អ៊ីចឹងរដ្ឋាភិបាល ខ្ញុំជឿថា មិនក្រដាសតម្លៃជាសាធារណៈឲ្យប្រជាពលរដ្ឋមើល ហើយនេះមិនមែនសោះ អ៊ីចឹងសុំរដ្ឋាភិបាលដោះស្រាយជូនប្រជាពលរដ្ឋឲ្យបានសមរម្យផង»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអាជ្ញាធរស្រុករតនៈមណ្ឌល និងភាគីក្រុមហ៊ុនចិន ដើម្បីបញ្ជាក់ជុំវិញបញ្ហានេះបានទេ។
ប៉ុន្តែ លោក ប្រាជ្ញ ចន្ទ ជាអភិបាលខេត្តបាត់ដំបង បញ្ជាក់យ៉ាងខ្លីថា រដ្ឋាភិបាលនឹងមានសំណង។ រយៈពេលកន្លងទៅ លោកធ្លាប់ជំរុញឲ្យអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ សិក្សារួមគ្នាដើម្បីដោះស្រាយទំនាស់ ដោយផ្ដោតលើផលប្រយោជន៍ជារួមទាំងអស់គ្នា៖ «យើងឃើញថា ធ្វើដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋទាំងអស់គ្នានោះទេ បើគាត់ទាមទារហួសហេតុពេក ក៏មិនទំនងនោះដែរ។ យើងក៏បានត្រៀមដោះស្រាយផលប៉ះពាល់ឲ្យគាត់ដែរហើយ»។
អ្នកសម្របសម្រួលសមាគមអាដហុក (Adhoc) ប្រចាំខេត្តបាត់ដំបង លោក យិន ម៉េងលី ថ្លែងថា បើសិនអាជ្ញាធរដោះស្រាយសំណងមិនបានសមរម្យនោះ ទំនាស់នៅតែកើតមាន និងប៉ះពាល់ដល់គម្រោងអភិវឌ្ឍន៍។ លោកបានជំរុញឲ្យអាជ្ញាធរដោះស្រាយសំណងជូនប្រជាពលរដ្ឋប្រកបដោយតម្លាភាព ដើម្បីបង្កើនការជឿជាក់ដល់ការអភិវឌ្ឍ៖ «អ៊ីចឹង ខ្ញុំគិតថា អាជ្ញាធរមិនមែនត្រឹមតែភូមិឃុំស្រុកនោះទេ ទាំងខេត្តហ្នឹង ត្រូវមានការជួបប្រជុំទ្រង់ទ្រាយធំណាមួយ ធ្វើការពន្យល់ឲ្យបានច្បាស់ ពីព្រោះអ្វីដែលជាបញ្ហា គឺបញ្ហារឿងតម្លៃនេះឯង ហើយប្រជាពលរដ្ឋគាត់នៅកង្វល់ពីបញ្ហាឈូសឆាយនេះ គាត់ភ័យខ្លាចគេយកដីគាត់មិនមានសំណង»។
កន្លងទៅ មានការរិះគន់ថា គណៈកម្មាធិការដែលបង្កើតឡើងដោយអាជ្ញាធរមូលដ្ឋាន ពុំបានដោះស្រាយត្រឹមត្រូវតាមច្បាប់អស្សាមិករណ៍នោះទេ។ ច្បាប់អស្សាមិករណ៍ បានតម្រូវឲ្យពួកគេចុះសិក្សាវាយតម្លៃធ្វើរបាយការណ៍យ៉ាងល្អិតល្អន់ គ្រប់ជ្រុងជ្រោយទាំងអស់ ទាំងចំណុចវិជ្ជមាន និងអវិជ្ជមាន ដាក់ជូនរាជរដ្ឋាភិបាលសម្រេច។
កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៤ គណៈកម្មាធិការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង និងអង្កេតនៃព្រឹទ្ធសភា បានធ្វើលិខិតអន្តរាគមន៍មួយទៅខេត្តបាត់ដំបង ដើម្បីជំរុញឲ្យមានការផ្ដល់សំណងសមរម្យជូនប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ នៅភូមិសេកសក ភូមិផ្លូវមាស ភូមិទឹកសាប និងភូមិអូរត្រែង ឃុំផ្លូវមាស ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- អតីតអ្នកសហគមន៍ដីក្រហមធ្វើខួប៥ឆ្នាំនៃការបណ្ដេញចេញ
- ពលរដ្ឋនៅពោធិ៍សាត់ប្រតិកម្មទៅនឹងការឈូសឆាយដីរបស់ក្រុមហ៊ុនរតនវិសាល
- អ្នកមានបញ្ហាដីធ្លីនៅភ្នំពេញដាក់ញត្តិអរគុណសភាអាមេរិក
- ធនាគារANZកំពុងជាប់ពាក់ព័ន្ធនឹងការផ្ដល់ប្រាក់កម្ចីឲ្យលោក លីយ៉ុងផាត់ រកស៊ីមិនគប្បី
- ពលរដ្ឋជាង១០០គ្រួសារនៅកោះកុងតវ៉ាប្រឆាំងនឹងក្រុមហ៊ុនធ្វើរបងព័ទ្ធដីស្រែចម្ការ
- ក្រសួងដែនដីថាបានចេញប័ណ្ណកម្មសិទ្ធិដល់ពលរដ្ឋជាង៧១ម៉ឺនក្បាលដី
- ពលរដ្ឋនៅព្រះវិហារចោទក្រុមហ៊ុនទ្រីភាពថាឈូសបំផ្លាញព្រៃសហគមន៍
- លោក រ៉ុង ឈុន អ្នកស្រី ទេព វន្នី និងមនុស្ស៩នាក់ទៀតត្រូវបានដោះលែង
- ពលរដ្ឋជិត២០០នាក់នៅបន្ទាយមានជ័យបណ្ដេញគ្រឿងចក្រក្រុមហ៊ុនចេញពីដី