ជិះទូក​ក្នុង​ទឹក​បារាយណ៍​គយគន់​ធម្មជាតិ

Friday, 24 January 2014
Miranda Glasser
ភ្នំពេញ ប៉ុស្តិ៍

140124_22a

ភ្ញៀវទេសចរ​ត្រូវ​បាន​មគ្គុទ្ទេសក៍ណែនាំ​​ពី​ធម្មជាតិ និង​ប្រវត្តិសាស្ត្រ​​​នានា​ក្នុង​ដំណើរ​ជិះទូក​លេង​កម្សាន្ត​។ រូបថត សហ​ការី

សៀមរាបៈ ក្រៅពី​ការ​ទស្សនា​ប្រាសាទ​បុរាណ​ខ្មែរ​នានា​នៅ​ទឹកដី​ខេត្ត​សៀមរាប ក៏​នៅ​មាន​តំបន់​ផ្សេង​ទៀត​ដែល​កំពុង​ទាក់ទាញ​អារម្មណ៍​ភ្ញៀវទេសចរ នា​ពេល​បច្ចុប្បន្ន​គឺ​តំបន់​សហគមន៍​បារាយណ៍ ​(Baray Reach Dak)។ នេះ​ជា​តំបន់​ថ្មី​មួយ​ដែល​អ្នក​ភូមិភាគ​បារាយណ៍​ខាង​ជើង​បង្កើត​វា​ឡើង នៅ​តំបន់​ឧទ្យាន​បុរាណ​អង្គរ។

ទី​នេះ​ត្រូវ​បាន​បើក​ដំណើរ​បម្រើ​ភ្ញៀវ ចូល​ទស្សនា​កាលពី​ឆ្នាំ​មុន​ដែល​មាន​ការ​គាំទ្រ​ដោយ​អាជ្ញាធរ​ជាតិ អប្សរា​អង្គការ​យូណេស្កូ និង​គម្រោង​អភិវឌ្ឍន៍​របស់​រដ្ឋាភិបាល អូស្រ្តាលី​បន្ទាប់ពី​បារាយណ៍​នោះ​បាន​រីងស្ងួត​ទឹក​អស់​ពេល​ជាង​៥​សតវត្សរ៍​មក​ហើយ ខណៈ​ក្រុម​អាជ្ញាធរ​អប្សរា​បាន​បូម​ទឹក​បញ្ចូល​វិញ​នៅ​ឆ្នាំ​២០០៧។

កញ្ញា ច័រជីណា ឡយ មន្ត្រី​គ្រប់គ្រង​គម្រោង​អភិវឌ្ឍន៍​បេតិកភណ្ឌ​តំបន់​អង្គរ​របស់​អង្គការ​យូណេស្កូ​បាន​ពន្យល់​ថា​នេះ​គឺជា​គម្រោង​ដ៏​ធំ​មួយ​ដោយ​យើង​បាន​យក កត្តា​សំខាន់​ផ្អែក​លើ​ជីវភាព​ប្រជាជន​ក្នុង​សហគមន៍​ដែល​អាច​ឲ្យ​ពួកគាត់ រក​ប្រាក់​ចំណូល​ពី​សេវាកម្ម​ទេសចរណ៍​នេះ។


ការ​បូមទឹក​បញ្ចូល​ទៅ​ក្នុង​បារាយណ៍​ខាង​ជើង​នោះ​មិន​ត្រឹម​តែ​ជា​វិធីសាស្រ្ត​ទប់ទល់​នឹង​ចរន្ត​ទឹកជំនន់​នៃ​ក្រុង​សៀមរាប​ប៉ុណ្ណោះ​ទេ​ថែម​ទាំង​ផ្តល់​នូវ​ធនធាន​ទឹក​សម្រាប់​ដំណាំ​ស្រូវ​របស់​ប្រជាជន​សហគមន៍​នេះ​ទៀត​ផង។

ប៉ុន្តែ កញ្ញា ច័រជីណា ឡយ បាន​និយាយ​ថា អំឡុង​ពេល​ដែល​អ្នក​ភូមិ​បាន​បាត់បង់​ដី​ស្រែ​របស់​ពួកគាត់​អស់​ទៅ​ហើយ នោះ​ទើប​សហគមន៍​ទេសចរណ៍​មាន​ពន្លក​ចេញ​ឡើង​ដើម្បី​ជា​ការ​ប៉ះប៉ូវ​ដល់ ពួកគាត់​សម្រាប់​ជា​វិធីសាស្រ្ត​ជួយ​រក​ប្រាក់​ចំណូល​ប្រចាំ​ថ្ងៃ​ឲ្យ​ពួកគាត់​ចិញ្ចឹម​ជីវិត​បាន។

កញ្ញា​បន្ថែម​ថា៖ «យើង​បាន​ជួយ​ដល់​សហគមន៍​អ្នក​ភូមិ​ទាំង​ពីរ​នេះ​តាមរយៈ​ការ​បង្កើត​នូវ តំបន់​ទេសចរណ៍​ជុំវិញ​បារាយណ៍​បុរាណ​តែ​ម្តង​ដោយ​ក្នុង​នោះ​មាន​ទេសភាព ព្រៃឈើ​ធម្មជាតិ និង​ទឹក។ យើង​ក៏​មាន​ក្រុម​យុវជន​ដ៏​អស្ចារ្យ​មាន​សមត្ថភាព​ចូលរួម​ធ្វើការងារ​ជាមួយ​នឹង​ពួកយើង​ផង​ដែរ។ ពួកគេ​ភាគច្រើន​មាន​វ័យ​ចន្លោះ​ពី​១៨​ឆ្នាំ​ដល់​៣០​ឆ្នាំ»។

គេ​សង្កេត ឃើញ​មាន​ដំណើរ​ទេសចរណ៍​កម្សាន្ត​ចំនួន​បី​សម្រាប់​តំបន់​នោះ។ ទី​មួយ​ការ​ដើរ​កម្សាន្ត​តំបន់​ព្រៃ​ធម្មជាតិ​ជាមួយ​មគ្គុទេ្ទសក៍​ទេសចរណ៍ ក្នុង​ស្រុក និង​ជិះ​ទូក​ឈើ​កម្សាន្ត​លើ​ផ្ទៃ​ទឹក​បារាយណ៍។ ទី​ពីរ​ដំណើរ​កម្សាន្ត​ទៅ​កាន់​ប្រាសាទ​នាគព័ន្ធ​ដែល​គេ​ហៅថា​ប្រាសាទ កោះ និង​ទី​បី​ការ​កម្សាន្ត​ជិះ​ទូក​រយៈពេល​ខ្លី​គយគន់​ទេសភាព​រស្មី​ព្រះអាទិត្យ​ហៀប​អស្ដង្គត​នៅឯ​ប្រាសាទ​ព្រះខ័ន។

កញ្ញា ជា​មន្ត្រី​គ្រប់គ្រង​គម្រោង​របស់​អង្គការ​យូណេស្កូ​រូប​នេះ​បាន​និយាយ ថា បច្ចុប្បន្ន​តំបន់​ទេសចរណ៍​ខាង​លើ​ទទួល​បាន​ជោគជ័យ​ហើយ​សម្រាប់​សហគមន៍ អ្នក​ភូមិ​នៅ​តំបន់​បារាយណ៍​ខាង​ជើង។ នា​ពេល​អនាគត គេ​ក៏​នឹង​មាន​គម្រោង​បង្កើត​សេវាកម្ម​ទេសចរណ៍​ផ្នែក​ទោចក្រ​យានយន្ត និង​លក់​ផលិតផល​អនុស្សាវរីយ៍​របស់​អ្នក​ភូមិ​ទៀត​ផង៕ PR


What Next?

Recent Articles