បណ្តា​សហគមន៍​ចំនួន​៥ អំពាវនាវ​ឲ្យមាន​ការដោះស្រាយ​លើ​ការបណ្តេញចេញ

ដោយ៖​ កាន់ វិច្ឆិកា​
ថ្ងៃសុក្រ ទី24 ខែមករា ឆ្នាំ2014
http://vodhotnews.com

​ប្រជា​សហគមន៍​រងគ្រោះ​ដោយសារ​ការបណ្តេញចេញ ​ប្រមាណ​២០០​នាក់ មក​ពី​សហគមន៍​ចំនួន​៥ នៅ​ថ្ងៃ​សុក្រ​នេះ អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​រាល់​ស​កម្ម​ភាព​បណ្តេញចេញ​ពី​លំនៅឋាន​ទូទាំងប្រទេស និង​ដោះស្រាយ​ឡើងវិញ ជូន​ប្រជាពលរដ្ឋ​ដែល​កំពុង​រងគ្រោះ ខណៈ​ដែល​ពួកគេ​ប្រារព្ធ​ខួប​៥​ឆ្នាំ​នៃ​ការបណ្តេញ​ចេញ ​នៅ​សហគមន៍​ដីក្រហម ក្នុង​ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ​។​

​សហគមន៍​ដីធ្លី​ចំនួន​៥ រួមមាន សហគមន៍​ដីក្រហម​ភ្នំ​បាត បុរី​សន្តិភាព​២ បឹងកក់ បុរី​កីឡា និង​បុរី​កីឡា​ភ្នំ​បាត។​

​ប្រជា​សហគមន៍​ ដែល​រងគ្រោះ​ដោយសារ​ការបណ្តេញចេញ​ទាំងនោះ ត្អូញត្អែរថា ពួកគាត់​កំពុង​ប្រឈម​នូវ​បញ្ហាលំបាក​យ៉ាងខ្លាំង ចំពោះ​ការរស់នៅ​តំបន់​ដែល​សាលា​រាជធានី​ភ្នំពេញ និង​ក្រុមហ៊ុន​ផ្តល់ឲ្យ ដោយ​ឋិត​នៅ​ឆ្ងាយ​ពី​ទីប្រជុំជន​។ ពួក​គាត់​បន្ត​ថា ក្រៅ​ពី​ការលំបាក​ផ្លូវកាយ ពួកគាត់​ក៏​រងគ្រោះ​ផ្នែក​ផ្លូវចិត្ត​ផងដែរ ព្រោះតែ​ឈឺចាប់​ជាមួយនឹង​ភាពអយុត្តិធម៌ ដោយសារតែ​ការបណ្តេញចេញ​ដោយ​បង្ខំ​នេះ​។ ប្រជា​សហគមន៍​ទាំងនោះ បាន​អំពាវនាវ​ឲ្យ​រាជរដ្ឋាភិបាល អនុវត្ត​នូវ​សន្យា​របស់ខ្លួន ដែល​ថា​នឹង​រក​ដំណោះស្រាយ​សមស្រប ដើម្បី​ឲ្យ​ពួកគាត់​បាន​រស់នៅ​សមរម្យ​។​

​ជាមួយគ្នានេះដែរ តំណាង​សហគមន៍​ដី​ក្រហម លោក ចាន់ វិចិត្រ មានប្រសាសន៍ថា កាលពី​ថ្ងៃ​ទី​២៣​ខែ​មករា ម្សិលមិញ​នេះ លោក​បាន​ដាក់​ពាក្យបណ្តឹង​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ប្តឹង​ក្រុមហ៊ុន 7NG ពីបទ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​ពលរដ្ឋ នៅ​ពេល​ក្រុមហ៊ុន​បាន​ប្រើប្រាស់​គ្រឿងចក្រ​បណ្តេញចេញ​ដោយ​បង្ខំ​នោះ​។​

ទាក់ទង​នឹង​ករណី​នេះ លោក ឡុង ឌី​ម៉ង់ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​បដិសេធ​អត្ថាធិប្បាយ ដោយ​ប្រាប់ថា កំពុង​ជាប់​ប្រជុំ​។​

នាយក​លេខាធិការដ្ឋាន​ នៃ​ក្រុមការងារ​ពិសេស​សិទ្ធិ​លំនៅឋាន លោក សៀ ភារម្យ មានប្រសាសន៍ថា រដ្ឋាភិបាល​មាន​ទំនួល​ខុស​ត្រូវ ក្នុង​ការដោះស្រាយ​បញ្ហា​ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ ដែល​រងគ្រោះ​ដោយសារ​ការបណ្តេញចេញ និង​គួរផ្តល់​សំណង​សមរម្យ​ដល់​ពួកគេ មុន​នឹង​ជម្លៀស​ទៅកាន់​កន្លែង​ណា​។​

សហគមន៍​ដីក្រហម ត្រូវបាន​អាជ្ញាធរ​រាជធានី​ភ្នំពេញ ប្រគល់​ឲ្យ​ក្រុមហ៊ុន 7NG ធ្វើ​ការអភិវឌ្ឍ កាលពី​ថ្ងៃ​ទី​២៤ ខែ​មករា ឆ្នាំ​២០០៩ ដែល​មក​ដល់ពេលនេះ មាន​រយៈ​៥​ឆ្នាំ​មកហើយ​។ សហគមន៍​ដីក្រហម សព្វថ្ងៃ ត្រូវបាន​ក្រុមហ៊ុន 7NG ហ៊ុមព័ទ្ធ​របង​ធ្វើជា​កន្លែង​ហាត់ប្រាណ និង​ភោជនីយដ្ឋាន ដោយ​ពុំ​មាន​ការសាងសង់​អាគា​រ​ទំនើប ដូច​គម្រោង ដែល​បាន​លើក​ឡើង​ជាមួយ​រដ្ឋាភិបាល មុន​នឹង​ការបណ្តេញ​ប្រជាជន​ដោយ​បង្ខំ​ឡើយ​។ អ្នកឃ្លាំមើល​បញ្ហា​សិទ្ធិមនុស្ស បាន​លើកឡើង​ថា ភាគច្រើន​នៃ​ការបណ្តេញចេញ​ដោយ​បង្ខំ គឺ​មិន​មាន​សំណង ឬ​ការដោះស្រាយ​បាន​សមស្រប​នោះទេ ដោយសារតែ​ម្ចាស់​ក្រុមហ៊ុន​ទាំងនោះ ជា​អ្នក​ដែល​មាន​ឥទ្ធិពល​នៅក្នុង​ប្រទេស​កម្ពុជា តួយ៉ាង ដូចជា ក្រុមហ៊ុន​ផាន​អ៊ី​មិច ក្រុមហ៊ុន​7NG ក្រុមហ៊ុន​ស៊ូ​កាកូអ៊ីន ជាដើម​៕

សូមសរសេរមកកញ្ញា កាន់ វិច្ឆិកា​ តាមរយៈ vicheika@vodhotnews.com

What Next?

Recent Articles