ចំនួន​មនុស្ស​ស្លាប់​ដោយ​ហេតុការណ៍​គប់​គ្រាប់បែក​ចូល​រោងការ​នៅ​ខេត្ត​កំពង់ធំ កើន​ដល់​១១​នាក់​​

ដោយ៖​ ឡាយ សាមាន​
ថ្ងៃអាទិត្យ ទី26 ខែមករា ឆ្នាំ2014
http://vodhotnews.com

​ចំនួន​មនុស្ស​ស្លាប់​ក្នុង​ហេតុការណ៍​គប់​គ្រាប់បែក​ចូលក្នុង​រោងការ នៅ​ឃុំ​តាំង​ក្រសៃ ស្រុក​ប្រាសាទ​សំបូរ ខេត្ត​កំពង់ធំ កាលពី​យប់​ថ្ងៃ​ទី​២៥​ខែ​មករា បាន​កើនឡើង​ដល់ ១១​នាក់ និង​ជាង​៣០​នាក់​ទៀត​រងរបួស​។​

លោក យ៉េង សា​រ៉េ​ន អធិការនគរបាល​ស្រុក​ប្រាសាទ​សំបូរ ប្រាប់ VOD នៅ​រសៀល​ថ្ងៃ​ទី​២៦​ខែ​មករា​នេះ​ថា ចំនួន​មនុស្ស​ស្លាប់​ក្នុង​ឧបទ្ទវហេតុ​ផ្ទុះ​គ្រាប់​បែក​​ក្នុង​រោងការ បាន​កើន ៣​នាក់ បន្ទាប់​ពី​បាន​បញ្ជូន​ទៅ​ដល់​មន្ទីរ​ពេទ្យ ខណៈ ៨​នាក់​ទៀត ស្លាប់​នៅ​នឹង​កន្លែងកើតហេតុ​។ លោក ឲ្យដឹង​ទៀត ក្នុង​ចំណោម​​អ្នកស្លាប​ទាំង​១១​នាក់ មាន ប្រុស ៨​នាក់ និង​ស្រី​៣​នាក់ ហើយ​ត្រូវបាន​គ្រួសារ​សព​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ ចំណែក​អ្នករងរបួស ពេល​នេះ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​កំពង់ធំ​។​

​បើ​តាម​លោក យ៉េង សា​រ៉េ​ន កាលពី​យប់​ថ្ងៃ​ទី​២៥ ខែ​មករា នៅ​ម៉ោង​ប្រមាណ ១០:៣០​នាទី ខណៈពេល​ដែល​ភ្ញៀវ និង​អ្នកភូមិ​ជាច្រើន​នាក់ កំពុង​រាំ​កំសាន្ត​ក្នុង​មង្គលការ​មួយ​ក្នុង​ភូមិ​ជាំ ឃុំ​តាំង​ក្រ​សៃ ស្រុក​ប្រាសាទ​សំបូរ ខេត្ត​កំពង់ធំ មាន​ជន​មិន​ស្គាល់​មុខ​គប់​គ្រាប់បែក​ចូល​រោងការ​។

យ៉ាងណាក៏ដោយ លោក​នៅ​មិនទាន់​អាច​បញ្ជាក់​ពី​មូលហេតុ​ច្បាស់លាស់​ក្នុង​ហេតុការណ៍​ផ្ទុះ គ្រាប់បែក​នោះ​នៅឡើយ​ទេ ប៉ុន្តែ​តាម​ការសង្ស័យ​ជំហាន​​ដំបូង គឺជា​រឿង​គំនុំ​។

​អធិការនគរបាល​ស្រុក​ប្រាសាទ​សំបូរ ឲ្យដឹងទៀតថា ក្រោយ​ហេតុការណ៍​កើតឡើង កម្លាំង​សមត្ថកិច្ច​ចម្រុះ​ខេត្តកំពង់ធំ បាន​ចុះ​ទៅ​ស្រាវជ្រាវ និង​ស៊ើប​អង្កេត​យ៉ាង​យកចិត្តទុកដាក់ ដើម្បី​ចាប់​ជនល្មើស​ម​ផ្តន្ទាទោស​តាមច្បាប់​៕

សរសេរមកកាន់​លោក ឡាយ សាមាន តាមរយៈ samean@vodhotnews.com

What Next?

Recent Articles