មនុស្ស ១១នាក់បានស្លាប់ និង ២៧នាក់រងរបួសធ្ងន់និងស្រាល បន្ទាប់ពីបុរសម្នាក់បានគប់គ្រាប់បែកមួយគ្រាប់ចូលក្នុងរោងការ ស្ថិតនៅភូមិជាំ ឃុំតាំងក្រសៅ ក្នុងស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ កាលពីវេលាម៉ោង ១០ និង៣០នាទីយប់ថ្ងៃទី២៥ ខែមករា។
ដោយ ទេព សុរ៉ាវី
2014-01-26
RFA
អាជ្ញាធរខេត្តកំពង់ធំ បានឃាត់ខ្លួនបុរសម្នាក់ដែលមានមុខរបរជាយោធានៅតាមព្រំដែន បន្ទាប់ពីសង្ស័យថា បានគប់គ្រាប់បែកចូលក្នុងហ្វូងមនុស្សដែលកំពុងរាំរែកក្នុងពិធីមង្គលការមួយ កាលពីយប់ថ្ងៃសៅរ៍ នៅភូមិជាំ ក្នុងស្រុកប្រាសាទសំបូរ បណ្ដាលឲ្យមនុស្ស ១១នាក់ស្លាប់ និងរបួស ២៧នាក់។
អធិការស្រុកប្រាសាទសំបូរ លោក យ៉េង សារ៉េន មានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរី នៅព្រឹកថ្ងៃទី២៦ ខែមករា ថា ការបោះគ្រាប់បែកចូលក្នុងរោងការនោះ មានមនុស្ស ៩នាក់ស្លាប់ ហើយរបួស ២៩នាក់។ តែគិតត្រឹមរសៀលថ្ងៃទី២៦ ខែមករា អ្នករបួស ២នាក់ដែលមានអាកាៈធ្ងន់ធ្ងរ បានស្លាប់ក្នុងមន្ទីរពេទ្យបន្ថែមទៀត ដែលធ្វើឲ្យចំនួនអ្នកស្លាប់ក្នុងហេតុការណ៍គប់គ្រាប់បែកនោះឡើងដល់ ១១នាក់ ហើយអ្នករបួសបានធ្លាក់មកនៅចំនួន ២៧នាក់វិញ។ លោកបន្តថា អាជ្ញាធរមូលដ្ឋានបានឃាត់ខ្លួនបុរសម្នាក់ដែលសង្ស័យថា ជាជនដៃដល់បោះគ្រាប់បែកនោះ។
ស្នងការនគរបាលខេត្តកំពង់ធំ លោក ផាន់ សុផេន បន្តថា ទាំងកូនកំលោះនិងកូនក្រមុំបានរងរបួសក្នុងការគប់គ្រាប់បែកនោះដែរ ហើយកូនក្រមុំរងរបួសធ្ងន់ធ្ងរជាងកូនកំលោះ។ លោកបន្តថា អាជ្ញាធរនៅមិនទាន់អាចបញ្ជាក់ពីមូលហេតុពិតនៃការគប់គ្រាប់បែកនោះនៅឡើយទេ។ តែជំហានដំបូងសមត្ថកិច្ចសន្និដ្ឋានថា ករណីនេះអាចជារឿងគំនុំច្រើនជាងរឿងស្នេហាត្រីកោណ ព្រោះកន្លងមកជនសង្ស័យធ្លាប់មានជម្លោះជាមួយកូនកំលោះ។
តាមគេហទំព័ររបស់អគ្គស្នងការនគរបាលជាតិឲ្យដឹងថា ជនដែលឃាត់ខ្លួនក្នុងការគប់គ្រាប់បែកនោះ មានមុខរបរជាយោធានៅព្រំដែន និងបានសម្រាកមកលេងផ្ទះបងប្អូននៅក្នុងភូមិជាំ មុនថ្ងៃកើតហេតុប៉ុន្មានថ្ងៃ។ ជនសង្ស័យនោះធ្លាប់បានផឹកស៊ីនៅផ្ទះកូនកំលោះរហូតមានទំនាស់គ្នា ដោយសារតែជនសង្ស័យបានឡកឡឺយលែបខាយដាក់កូនក្រមុំ ប៉ុន្តែជម្លោះនោះត្រូវបានដោះស្រាយបញ្ចប់រឿងដោយឲ្យខាងកូនកំលោះសងប្រាក់ទៅជនសង្ស័យ ២០ម៉ឺនរៀល។ សមត្ថកិច្ចសង្ស័យថា ជនសង្ស័យទំនងជាមិនស្ងប់ចិត្ត ទើបបោកបំផ្ទុះគ្រាប់បែកសងសឹក និងមានចេតនារំខានដល់កម្មវិធីមង្គលការរបស់គូជម្លោះតែម្ដង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ប៉ូលិសចាប់បានក្រុមចោរប្រដាប់អាវុធ៣នាក់ប្លន់ឈ្មួញទិញដំឡូងមីនៅខេត្តរតនគិរី
- មេបក្សប្រឆាំងនឹងបន្តជំរុញឲ្យរដ្ឋាភិបាលស្វែងរកឃាតកសម្លាប់លោក ជា វិជ្ជា
- មន្ត្រីប៉េអឹមខេត្តស្ទឹងត្រែងរងការចោទថាចាប់ពលរដ្ឋ៥នាក់ធ្វើទារុណកម្ម
- ប៉ូលិសឡោមព័ទ្ធផ្ទះយោធាម្នាក់នៅបាត់ដំបងរឹបអូសលុយដុល្លារក្លែងក្លាយជាច្រើនម៉ឺនដុល្លារ
- លោក ជា មុនី គ្រោងធ្វើពិធីរំលឹកខួប១០ឆ្នាំនៃការបាញ់សម្លាប់លោក ជា វិជ្ជា
- អតីតតារាចម្រៀងដែលរងទារុណកម្មដោយការជះទឹកអាស៊ីតកាលពី១៥ឆ្នាំមុនទារយុត្តិធម៌
- មន្ត្រីក្រុមប្រឹក្សាខេត្តបក្សសង្គ្រោះជាតិរងការគំរាមសម្លាប់
- ទស្សនៈអាជ្ញាធរមួយចំនួននៅខេត្តស្វាយរៀងចំពោះការតាមចាប់លោក ឈូក បណ្ឌិត
- លោក ស ខេង អំពាវនាវឲ្យសង្គមស៊ីវិលជួយស្ថាប័នប្រឆាំងការធ្វើទារុណកម្ម