Thursday, 30 January
2014 ស៊ូ វុទ្ធី
ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញៈ ទន្ទឹមនឹងវត្តមានតួឯកស្រីនាង នី មុនីនាថ ត្រូវដើរចេញទៅសម្តែងនៅទឹកដីអាមេរិកនោះ ខ្សែភាពយន្តភាគខ្នាតធំរឿង សន្យាស្នេហ៍ ដែលកំពុងចាក់បញ្ចាំងនៅក្នុងកញ្ចក់ទូរទស្សន៍ My TV នោះ ក៏ត្រូវផ្អាកការចាក់បញ្ចាំងមួយរយៈផងដែរ។ ប៉ុន្តែខាងក្រុមហ៊ុនផលិតរឿង អះអាងថា ការផ្អាកចាក់បញ្ចាំងនេះ មិនមែនមកពីផលិតកម្មខ្វះតួសម្តែង ឬរង់ចាំ នី មុនីនាថ វិលមកវិញនោះទេ។
លោក ជុំ ច័ន្ទដន អ្នកដឹកនាំរឿងរបស់ផលិតកម្មខ្មែរមេគង្គ និងជាអ្នកដឹកនាំរឿងសន្យាស្នេហ៍នេះ បានប្រាប់ថា៖«ខ្សែភាពយន្តភាគរឿង សន្យាស្នេហ៍ ដែលចាក់បញ្ចាំងក្នុងកញ្ចក់ទូរទស្សន៍ My TV បើនិយាយទៅរឿងនេះវាមានច្រើនភាគ ដល់ទៅជិត២០០ភាគឯណោះ។ ពេលនេះផលិតកម្មដំណើរការផលិតបានជាង១៧០ភាគហើយ ហើយចំណែកឯការចាក់បញ្ចាំងវិញបានចំនួន៩៩ភាគហើយដែរ»។ លោកបន្តថា៖«រឿងនេះយើងផលិតបណ្តើរចាក់បញ្ចាំងបណ្តើរ ហើយពេលនេះដ្បិតថា នី មុន្នីនាថ ដែលជាតួឯកស្រីធំក្នុងរឿងនេះ គាត់ត្រូវទៅសម្តែងនៅសហរដ្ឋអាមេរិកក៏ដោយ តែវាមិនមានផលប៉ះពាល់ដល់ផលិតកម្មដែរ ព្រោះកាលពីយើងហៅគាត់ដំបូង គាត់ក៏បានប្រាប់មកផលិតកម្មដែរថា នាងនឹងមានដំណើរចេញទៅសម្តែងនៅសហរដ្ឋអាមេរិក ដូចនេះផលិតកម្មក៏បានដឹងមុន ហើយពេលនេះផលិតកម្មក៏បានរកតួមកសម្តែងជំនួស កញ្ញា នី មុន្នីនាថ បានហើយដែរ»។
លោក ជុំ ច័ន្ទឌន បានបញ្ជាក់ថា៖«វត្តមានតួឯកស្រីក្នុងរឿង សន្យាស្នេហ៍ ដែលមកជំនួស កញ្ញា នី មុន្នីនាថ នោះ គឺកញ្ញា ព្រះកាយ ច័ន្ទ ។ នាងក៏មានទេពកោសល្យសម្តែងមិនចាញ់ អានាថ ដែរ ហើយពេលនេះនាងក៏បានមកថតបានច្រើនភាគហើយដែរ»។
យ៉ាងណាក៏ដោយ លោក ជុំ ច័ន្ទដន អះអាងថា ការផ្លាស់ប្តូរតួនៅកណ្តាលទីនោះវាមិនមែនជាការភ្ញាក់ផ្អើលឡើយ សម្រាប់ពេលនេះ ព្រោះឈុតសម្តែងរបស់តួស្រីកាលពីវគ្គមុននេះ ក៏មិនទានចាក់បញ្ចាំងអស់ ហើយតួថ្មី ព្រះកាយ ច័ន្ទ ក៏មិនទាន់ចេញដែរ។ លោកលើកឡើងយ៉ាងដូច្នេះថា៖«វាមិនមានអ្វីប្លែកទេ ក្នុងការផ្លាស់ប្តូរតួគ្រាដែលរឿងកំពុងតែផលិតនោះ បើសូម្បីតែកុនបរទេសមួយចំនួនក៏មានដែរ។ ព័ត៌មានមិនគួរណាពញ្ញាក់អារម្មណ៍អ្នកទស្សនាពេលនេះទេ រឿងនេះផ្លាស់ប្តូរនេះខ្ញុំគិតថា អ្នកទស្សនាមិនទាន់ដឹងទេ ព្រោះរឿងនេះទម្រាំដល់វគ្គតួអង្គ ព្រះកាយ ច័ន្ទ ចេញប្រហែលជា២ឆ្នាំទៀតឯណោះ»។ ប៉ុន្តែលោក ជុំ ច័ន្ទដន ក៏បញ្ជាក់ដែរថា៖«រឿង សន្យាស្នេហ៍ ត្រូវផ្អាកការចាក់បញ្ចាំងប្រហែលជា៣ទៅ៤ខែនេះ គឺបណ្តាលមកពីខាងផលិតកម្ម កាត់តបញ្ជូនទៅទូរទស្សន៍មិនទាន់ មិនមែនមកពីរឿងផ្លាស់ប្តូរតួឯកស្រីទេ»។
ជារឿងភ្ញាក់ផ្អើលមួយ ដែលខ្សែរឿង «សន្យាស្នេហ៍» ដែលអ្នកទស្សនាកំពុងជាប់ចិត្តដិតអារម្មណ៍ និងតាមដាននោះ បែរជាត្រូវផ្អាកការចាក់បញ្ជាំងទៅវិញនេះ ដោយរង់ចាំការទស្សនាបន្តដល់ទៅជិតកន្លះឆ្នាំទៀតនោះ ។ ប៉ុន្តែយ៉ាងណា អ្នកដឹកនាំរឿងនេះអះអាងថា៖«ជាលើកទី១ហើយ ដែលខ្សែរឿងភាគរបស់ផលិតកម្មខ្មែរមេគង្គ កំពុងដាក់បញ្ចាំងឲ្យទស្សនាជាប្រចាំ ស្រាប់តែត្រូវប្ដូរតួឯកស្រីចោល និងត្រូវផ្អាកការចាក់បញ្ចាំងទៀតនោះ។ តែរក្សាសាច់រឿង និងឆ្អឹងរឿងឲ្យនៅដដែល»។
ពាក់ព័ន្ធនឹងបញ្ហានេះ ព្រះកាយ ច័ន្ទ ឲ្យដឹងថា៖«ដ្បិតតែខ្ញុំមិនទាន់ដឹងសាច់រឿងក្បោះក្បាយ ដែលត្រូវសម្ដែងបន្ត ប៉ុន្តែខាងផលិតករបានប្រាប់ច្បាស់ថា ខ្ញុំគឺសម្ដែងតាមលំនាំតួនី មុន្នីនាថ សុទ្ធសាធ ដោយសូម្បីតែអត្តចរិកក្នុងរឿង ក៏ត្រូវសម្ដែងឲ្យដូចគ្នាបេះបិទនោះដែរ»។ ជាមួយការចូលខ្លួនមកជំនួសកាយវិការតារាល្បីនោះ កញ្ញាព្រះ កាយ ច័ន្ទ បានចាត់ទុកថាជារឿងដ៏ល្អណាស់សម្រាប់នាង៕