ទំនាស់ដីធ្លីនៅកម្ពុជា ជាបញ្ហារ៉ាំរ៉ៃមួយដោះស្រាយមិនចេះចប់ ហើយក្នុងពេលករណីទំនាស់ខ្លះមិនទាន់បានដោះស្រាយចប់ផង ក៏កើតមានទំនាស់ថ្មីៗមកទៀតជាបន្តបន្ទាប់។ ទំនាស់ដីធ្លីភាគច្រើន កើតឡើងដោយអ្នកមានអំណាច ឬក្រុមហ៊ុនដែលទទួលសិទ្ធិសម្បទានដីពីរដ្ឋាភិបាល ហើយបានទៅឈូស និងធ្វើរបងកាន់កាប់ដីសម្បទាននោះ ប៉ះពាល់ជាមួយដីប្រជាពលរដ្ឋកាន់កាប់នៅទីតាំងចាស់នោះជាយូរមកហើយ។
ដោយ កែវ និមល
2014-01-30
RFA

១-វិច្ឆិកា-២០១៣៖ ពលរដ្ឋរស់នៅឃុំយាអង្គ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ជាតំបន់ជនបទដាច់ស្រយាលពីទីរួមខេត្ត ហើយប្រជាពលរដ្ឋនៅទីនោះកំពុងមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន ស៊ីធីម៉ាត (City Mart)។ RFA/Sek Bandith
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) នៅថ្ងៃទី៣០ មករា បានចេញផ្សាយរបាយការណ៍ទិន្នន័យទំនាស់ដីធ្លី និងដីសម្បទាននៅកម្ពុជា គិតពីឆ្នាំ២០១១ ដល់ឆ្នាំ២០១៣ កើតមាន ២៦៤ករណី។ របាយការណ៍នេះបានបង្ហាញថា ក្នុងឆ្នាំ២០១៣ កន្លងទៅ រដ្ឋាភិបាលបានផ្តល់សម្បទានដីសង្គមកិច្ចចំនួន ៤២០ទីតាំង និងធ្វើអនុប្បយោគដីសម្បទានចំនួន ៤ទីតាំង គឺច្រើនជាងឆ្នាំ២០១២ ចំនួន ៥ដង។
លោក វណ្ណ សូផាត មន្ត្រីសម្របសម្រួលគម្រោងកែទម្រង់ដីធ្លីរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា មានប្រសាសន៍នៅថ្ងៃទី៣០ មករា ថា របាយការណ៍នោះមិនសរុបគ្រប់ទំនាស់ដីនោះទេ ហើយយន្តការដោះស្រាយទំនាស់ដីរបស់រដ្ឋាភិបាលបច្ចុប្បន្នគ្មានប្រសិទ្ធភាពទេ។ លោក សូផាត បន្ថែមថា បើចង់ឲ្យការដោះស្រាយទំនាស់ដីមានប្រសិទ្ធភាព ទាល់តែរដ្ឋាភិបាលកាត់បន្ថយការផ្តល់ដីសម្បទានទាំងសេដ្ឋកិច្ច និងសង្គមកិច្ច រដ្ឋាភិបាលត្រូវតែដោះស្រាយទំនាស់ដីធ្លីចាស់ៗឲ្យអស់ និងការផ្តល់ដីសម្បទាននានា ត្រូវតែមានការសិក្សាឲ្យបានច្បាស់លាស់៖ «មូលហេតុទំនាស់ជាចម្បង គឺការផ្តល់ដីសម្បទាន។ ការផ្តល់ដីសម្បទាននោះ គឺមិនសំដៅតែការផ្តល់ដីសម្បទានសេដ្ឋកិច្ច ឬសង្គមកិច្ចទេ គឺឲ្យតែការផ្តល់ដីសម្បទាននោះ គឺមានប៉ះពាល់ដល់ដីដែលប្រជាពលរដ្ឋកំពុងរស់នៅ»។
លោក វណ្ណ សូផាត បានទទួលស្គាល់ថា កន្លងមកក្រុមយុវជនស្ម័គ្រចិត្តរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះវាស់ដីនោះបានរួមចំណែកកាត់បន្ថយទំនាស់ដីបានមួយចំនួនដែរ តែបើធៀបជាមួយទំនាស់ដីធ្លីដែលកើតមាននោះ គឺនៅមានទំនាស់ដីជាច្រើនករណីទៀតមិនទាន់ដោះស្រាយបាន។
ទាក់ទងបញ្ហារបាយការណ៍ និងការដោះស្រាយទំនាស់ដីធ្លីនេះ លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និងមន្ត្រីនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី មានប្រសាសន៍ថា បច្ចុប្បន្ន រដ្ឋាភិបាលបានខិតខំដោះស្រាយទំនាស់ដីនេះយ៉ាងសកម្ម៖ «រឿងដីនេះមាន ៣ប្រភេទ ដែលយើងកំពុងតែដោះស្រាយ។ ប្រភេទទី១ គឺប្រជាពលរដ្ឋមានទំនាស់ជាមួយក្រុមហ៊ុន អានេះយើងកំពុងដោះស្រាយ។ ប្រភេទទី២ គឺជម្លោះដីរវាងឯកជនជាមួយឯកជន គឺត្រូវដោះស្រាយតាមផ្លូវតុលាការ ហើយប្រភេទទី៣ ទាក់ទងរឿងដីសម្បទាន អានេះកំពុងតែដោះស្រាយបណ្ដើរៗ»។
ជុំវិញបញ្ហាទំនាស់ដីធ្លីនេះដែរ លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) អ្នករាយការណ៍ពិសេសនៃឧត្ដមស្នងការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា បានស្វាគមន៍កម្មវិធីផ្តល់កម្មសិទ្ធិដីធ្លីដល់ប្រជាពលរដ្ឋដែលរដ្ឋាភិបាលកំពុងធ្វើ ប៉ុន្តែលោកបានសម្ដែងការព្រួយបារម្ភទាក់ទងកម្មវិធីនោះ ចំពោះតម្លាភាពក្នុងការអនុវត្ត ការទទួលខុសត្រូវ និងការខ្វះប្រសិទ្ធភាពរបស់យន្តការដោះស្រាយទំនាស់ដីធ្លីនោះ។ លោកបានអំពាវនាវឲ្យអាជ្ញាធរដោះស្រាយទំនាស់ដីរ៉ាំរ៉ៃមួយចំនួន ដូចជា ទំនាស់ដីនៅតំបន់បឹងកក់ នៅបុរីកីឡា និងសហគមន៍ផ្សេងៗទៀត ហើយការផ្តល់ដីសម្បទានថ្មីៗទៀត ត្រូវគោរពសិទ្ធិប្រជាពលរដ្ឋដែលរស់នៅតំបន់ផ្តល់ដី អាចមានផលប៉ះពាល់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ពលរដ្ឋដែលមានជម្លោះដីជាមួយក្រុមហ៊ុននៅកំពង់ឆ្នាំងប្រឈមនឹងដាច់បាយ
- ពលរដ្ឋមានបញ្ហាដីនៅឧត្ដរមានជ័យរកអន្តរាគមន៍ពីសហគមន៍អឺរ៉ុប
- តំណាងពលរដ្ឋនៅព្រះវិហារដាក់ញត្តិសុំអន្តរាគមន៍ដោះស្រាយបញ្ហាដីធ្លី
- ពលរដ្ឋនៅសង្កាត់ព្រែកប្រាចោទក្រុមហ៊ុនសូគីម៉ិចបូមខ្សាច់ពន្លិចយកដី
- អ្នករងផលប៉ះពាល់ដោយគម្រោងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២បារម្ភពីសំណង
- តំណាងសហគមន៍អឺរ៉ុបគ្រោងចុះមើលអ្នកគេបណ្ដេញចេញនៅឧត្តរមានជ័យ
- ពលរដ្ឋនៅព្រះវិហារចោទក្រុមហ៊ុនគ្រោងឈូសឆាយរំលោភចូលដីចម្ការ
- ជម្លោះដីធ្លីរវាងពលរដ្ឋនិងក្រុមហ៊ុនចិននៅបាត់ដំបង
- អតីតអ្នកសហគមន៍ដីក្រហមធ្វើខួប៥ឆ្នាំនៃការបណ្ដេញចេញ