CCHR ព្រួយបារម្ភ​ពី​ការកើនឡើង​នៃ​ការផ្តល់​សម្បទាន​ដី​សង្គមកិច្ច​របស់​រដ្ឋាភិបាល ខណៈ​ជម្លោះ​កើនឡើង​​

ដោយ៖​ ជន ស្រី​ណុ​ច
ថ្ងៃព្រហស្បតិ៍ ទី30 ខែមករា ឆ្នាំ2014
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា CCHR រកឃើញថា ការផ្តល់​ដី​សម្បទាន​សង្គមកិច្ច របស់​រដ្ឋាភិបាល​នៅ​ឆ្នាំ​២០១៣ មានការ​កើនឡើង​ដល់​ទៅ​៥ដង នៃ​ការផ្តល់​ដី​សម្បទាន​សង្គមកិច្ច​កា​លពី​ឆ្នាំ​២០១២  ប៉ុន្តែ​បញ្ហា​ដីធ្លី ឬ​ការបណ្តេញ​ពលរដ្ឋ​ចេញ កើតមាន​ស្ទើរ​គ្រប់​កន្លែង​ក៏​កាន់តែ​កើនឡើង​គួរឲ្យ​កត់សម្គាល់​ដែរ។​

​សេចក្តីថ្លែងការណ៍​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ចុះ​ថ្ងៃទី​៣០ ខែ​មករា​នេះ​ឲ្យដឹងថា នៅ​ឆ្នាំ​២០១៣ រដ្ឋាភិបាល​បាន​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច​ចំនួន​៤២០​ទីតាំង ដោយ​មាន​ផ្ទៃដី​សរុប​ចំនួន​ជាង​៥០​ម៉ឺន​ហិកតា (៥០២.៤០៤,៤៩ ហិកតា​) និង​ការធ្វើ​អនុប្ប​យោគដី​សម្បទាន ៤​ទីតាំង មាន​ផ្ទៃដី​សរុប​ចំនួន​ជាង​១៦​ហិកតា (១៦,៣៥ ហិកតា​) ច្រើន​ជាង​ការផ្តល់​ដី​សម្បទាន​សង្គមកិច្ច​នៅ​ឆ្នាំ​២០១២​ដល់​ទៅ​៥​ដង ដែល​មាន​ត្រឹមតែ​៨៣​ទីតាំង​ប៉ុណ្ណោះ​។

មន្ត្រី​សម្របសម្រួល​គម្រោង​កំណែទម្រង់​ដីធ្លី​របស់ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោក វណ្ណ សុផាត បញ្ជាក់ថា ការផ្តល់​ដី​សម្បទាន​សង្គមកិច្ច​មា​ន​ការកើនឡើង ប៉ុន្តែ​ជម្លោះ​ក្នុង​ការបែងចែក​ក៏​កើន​ឡើង​ដែរ ដោយសារ​ការ​បែងចែក​មិន​មាន​តម្លារ​ភាព​។ លោក​បន្តថា គប្បី​សង្គម​ស៊ីវិល ម្ចាស់ជំនួយ និង​ប្រជាពលរដ្ឋ​កម្ពុជា ត្រូវមាន​ការប្រុងប្រយ័ត្ន ខណៈ​ដែល​ករណី​នេះ​បញ្ហា​ញ​ឲ្យ​ច្បាស់​ថា បទបញ្ជា​ផ្អាក​ការផ្តល់​សម្បទាន​ដី​របស់​រដ្ឋាភិបាល មិនមែន​ជា​មធ្យោបាយ​បញ្ចប់​ជម្លោះ​ដីធ្លី​នៅ​កម្ពុជា​ទេ​នោះ នេះ​ដោយសារ​ការគ្រប់គ្រង​ដីធ្លី​មិន​មាន​លក្ខណៈ​ច្បាស់លាស់ «​ភាគ​ច្រើន​ខ្ញុំ​មើលទៅ ដោយសារ​ការគ្រប់គ្រង​ខ្សោយ ជាពិសេស​ជួនកាល​ឆន្ទៈ​ខាង​ថ្នាក់ដឹកនាំ គាត់​ចង់​បញ្ចប់​បញ្ហា ប៉ុន្តែ​ដោយសារ​ការគ្រប់គ្រង ការសិក្សា​ស្វែង​យល់​របស់គាត់ ហើយ​គាត់​ជឿ​តាម​សំដី​ថ្នាក់ក្រោម អ្នកបច្ចេកទេស​ដោយ​មិន​បាន​សិក្សា​ស្វែង​យល់​ឲ្យបាន​ច្បាស់លាស់ អញ្ចឹង​គូរផែនទី​ពី​កុំព្យូទ័រ ពី​លើ​ទៅ​ម៉េច ដាក់ជូន​ទៅ​គាត់​សម្រេច​ម៉េច គាត់​ឃើញ​ថា​អញ្ចឹង សួរ​ថា​ច្បាស់​ហើយៗ ឲ្យទៅ​អស់ហើយ ប៉ុន្តែ​នៅតែ​ប៉ះ​ដី​ប្រជាពលរដ្ឋ​ដដែល​»​។​ 

​អ្នកនាំពាក្យ​ទីស្តីការគណរដ្ឋមន្ត្រី លោក ផៃ ស៊ីផា​ន ទទួលស្គាល់ថា ការផ្តល់​ដី​សម្បទាន​សង្គមកិច្ច​ពិតជា​មាន​ការកើនឡើង​មែន ព្រោះ​តែ​គោលនយោបាយ​នេះ អាច​ផ្តល់​ផលប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ច្រើន។ តែ​លោក​បដិសេធ​ដែលថា ការបណ្តេញចេញ​ប្រជាពលរដ្ឋ​ពី​ដីធ្លី ឬ​លំនៅដ្ឋាន មាន​ការកើនឡើង​មិន​ទាក់ទង​គ្នា​នឹង​ការផ្តល់​ដី​សម្បទាន​សង្គមកិច្ច​នេះ​ទេ​ «​ខ្ញុំ​មិន​ជឿថា ការដេញ​មនុស្ស​ចេញ​នោះ គឺ​ដេញ​នៅក្នុង​ករណី​ថ្មី​ទេ គឺ​ប្រហែល​ជា​ករណី​របស់​មនុស្ស​រំលោភ​លើ​ដី​សាធារណៈ ឬ​រំលោភ​ទៅលើ​ដី​ឯកជន ដែល​គេ​មាន​រួចស្រេច​»​។​​

​ទោះជា​យ៉ាងណា​ក៏ដោយ អ្នកតាមដាន​ព្រឹត្តិការណ៍​សង្គម​យល់ថា គណបក្ស​ប្រជាជន​កម្ពុជា ដែល​ធ្លាក់​ប្រជាប្រិយភាព​បាត់​អាសនៈ​២២ ក្រោយ​ការបោះឆ្នោត អាណត្តិ​ទី​៥ ក៏​ជា​មូលហេតុ​ចេញពី​ជម្លោះ​ដីធ្លី​ ដែល​មិន​អាច​ដោះស្រាយបាន​នេះដែរ​។​

មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា បញ្ជាក់ថា ការសិក្សា​លើ​ទំនាស់​ដីធ្លី ត្រូវបាន​ធ្វើឡើង​នៅ​ចន្លោះ​ពី​ឆ្នាំ​២០១១ ដល់​ឆ្នាំ​២០១៣ ហើយ​បាន​ចងក្រង​ចេញ​ជា​ទិន្នន័យ​នៅ​លើ​ផែនទី ពី​ករណី​ជម្លោះ​ដីធ្លី​នៅ​កម្ពុជា៕

សូមសរសេរមកកាន់កញ្ញា ជន ស្រី​ណុ​ច​ តាមរយៈ chornsreynoch@vodhotnews.com

What Next?

Recent Articles