Friday, 31 January 2014
ម៉ៃ ទិត្យថារ៉ា
ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញៈ សហព័ន្ធខ្មែរកម្ពុជាក្រោមនឹងធ្វើមហាបាតុកម្មនៅមុខស្នាក់ការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនាទីក្រុង ហ្សឺណែ ប្រទេស ស្វ៊ីស នៅថ្ងៃ ទី៥ ខែ កម្ភៈ ប្រឆាំងនឹងការកាត់ទោសពីសំណាក់អាជ្ញាធរប្រទេស វៀតណាម ទៅលើព្រះសង្ឃ ២ ព្រះអង្គ និងពុទ្ធបរិស័ទ ៦ នាក់ដោយឲ្យជាប់ពន្ធនាគារពី ១០ ខែដល់ ៦ឆ្នាំ ដោយសារតែទទូចសង់សាលារៀនក្នុងវត្តដើម្បីឲ្យកូនខ្មែរបានរៀនអក្សសាស្ត្រខ្មែរ។
លោក សឺន យឿង នាយកប្រតិបត្តិសមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្សនិង អភិវឌ្ឍន៍ (KKKHRDA) បានឲ្យដឹងថាខាងលោកបានបញ្ជូនបុគ្គលិកម្នាក់ឲ្យទៅចូលរួមមហាបាតុកម្មនោះដោយសារតែខាងលោកបានស្វែងរកការអន្តរាគមន៍ជាច្រើនលើកនៅក្នុងប្រទេសកម្ពុជាដូចជាទៅស្ថានទូត វៀតណាម ទៅក្រសួង ការបរទេស ប៉ុន្តែពុំបានទទួលលទ្ធិផលអ្វីទេ។ លោកថា៖ «យើងស្វែងរកការអន្តរាគមន៍ពីក្រសួង ការបរទេស តែបែរជាគេឆ្លើយតបមកវិញថាគាត់គ្មានសិទ្ធិទេដោយសារតែវាជាផ្ទៃក្នុងរបស់ប្រទេសនីមួយៗ គេឆ្លើយបែបនេះមើលតែយើងគ្មានជាប់សាច់ឈាមអីនឹងគ្នាជាខ្មែរសោះ»។
លោកឲ្យដឹងថា មូលហេតុដែលសហព័ន្ធខ្មែរកម្ពុជាក្រោម ធ្វើការតវ៉ានៅខាងមុខអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅក្រុង ហ្សឺណែវ ប្រទេស ស្វ៊ីស គឺដោយសារតែគេបានប្រជុំនៅទីនោះហើយក៏មាន វៀតណាម ចូលរួមដែរ។ ម្យ៉ាងទៀតការទាមទារនៅខាងក្រៅនោះគឺគេមានសិទ្ធិសេរីភាពជាង។ លោកថា៖ «យើងអស់សង្ឃឹមនៅក្នុងស្រុក ទើបយើងស្វែងរកការអន្តរាគមន៍ពីខាងក្រៅ»។
សេចក្តីប្រកាសព័ត៌មាន របស់សហព័ន្ធខ្មែរកម្ពុជាក្រោម នៅព្រឹកថ្ងៃម្សិលមិញបានឲ្យដឹងថា ដោយហេតុខ្មែរកម្ពុជាក្រោមមានទុក្ខជាទម្ងន់ដោយសារតែតុលាការ នៃរដ្ឋអំណាច វៀតណាម បានកាត់ទោសឲ្យព្រះសង្ឃ ២ ព្រះអង្គនិងពុទ្ធបរិស័ទ្ធ ៦ នាក់ ជាប់គុកពី ១០ខែ ដល់ ៦ឆ្នាំ ដែលពលរដ្ឋខ្មែរក្រោមយល់ថានេះ គឺជាទង្វើដែលអយុត្តិធម៌បំផុត។ សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា៖ «កំហុសរបស់ព្រះសង្ឃដែលត្រូវជាប់គុករហូតដល់ ៦ឆ្នាំ នោះគឺព្រះអង្គបានទទូចឲ្យសាងសង់សាលារៀនក្នុងវត្តដើម្បីបណ្តុះបណ្តាលកូនខ្មែរឲ្យចេះអក្សរខ្មែរ។ ករណីនេះគឺជារឿងអយុត្តិធម៌»។
ក្នុងសេចក្តីថ្លែងការណ៍បានឲ្យដឹងថា រដ្ឋអំណាច វៀតណាម បានអនុវត្តផ្ទុយនឹងអនុសញ្ញាស្តីពីសិទ្ធិកុមារ ហើយ វៀតណាម បានចុះហត្ថលេខាជាមួយអង្គការសហប្រជាជាតិ តាំងតែពីថ្ងៃ ទី២៦ ខែ មករា ឆ្នាំ ១៩៩០ ដោយសន្យាថាត្រូវផ្គត់ផ្គង់អប់រំកុមារជនជាតិដើមឲ្យស្របទៅតាមវប្បធម៌អក្សរសាស្ត្រ និងភាសាកំណើតរបស់ខ្លួន។
កាលពីថ្ងៃសុក្រសប្តាហ៍មុន ក្រសួង ការបរទេសកម្ពុជា បានចេញលិខិតមួយច្បាប់ដើម្បីឆ្លើយតបទៅនឹងការស្នើសុំអន្តរាគមន៍ពីសមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្សនិងអភិវឌ្ឍន៍។ លិខិតដែលចុះហត្ថលេខាដោយលោក អ៊ុច បូររិទ្ធ រដ្ឋលេខាធិការក្រសួង ការបរទេស បានបញ្ជាក់ថា៖ «ពលរដ្ឋខ្មែរកម្ពុជាក្រោមរស់នៅប្រទេស វៀតណាម ជាពលរដ្ឋវៀតណាមស្ថិតក្នុងការគ្រប់គ្រងរបស់ច្បាប់ វៀតណាម»។
លិខិតនេះបានសរសេរថា ប្រទេស កម្ពុជា និង វៀតណាម ជាប្រទេសមានអធិបតេយ្យរៀងៗខ្លួន ហើយរដ្ឋាភិបាលកម្ពុជាអនុវត្តយ៉ាងម៉ឺងម៉ាត់ នូវគោលនយោបាយមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងប្រទេសដទៃ។ លិខិតដដែលនេះបានបញ្ជាក់ទៀតថា៖ «ក្រសួង ការបរទេស មានការសោកស្តាយដែលមិនអាចធ្វើអន្តរាគមន៍ទៅលើអ្វីដែលជាកិច្ចការផ្ទៃក្នុងរបស់ វៀតណាម»។
សូមរំឭកថា ទឹកដីខ្មែរកម្ពុជាក្រោមត្រូវបានអាណានិគមបារាំងកាត់ទៅឲ្យ វៀតណាម គ្រប់គ្រងនៅឆ្នាំ ១៩៤៩ ជាតំបន់មួយនៅដែនដីព្រះរាជាណាចក្រកម្ពុជាដែលសម្បូរទៅដោយវត្ត អារាម និងទំនៀមទម្លាប់ប្រពៃណីដែលបុព្វបុរាណខ្មែរ ប៉ុន្តែបន្ទាប់ពីទឹកដីនេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាល វៀតណាម មានព័ត៌មានជាច្រើនបានផ្សព្វផ្សាយថា ពលរដ្ឋខ្មែរកម្ពុជាក្រោម រួមទាំងព្រះសង្ឃត្រូវបានបិទសិទ្ធិសេរីភាពគ្រប់បែបយ៉ាង៕