ដោយ៖ តាំង វីដា
ថ្ងៃសុក្រ ទី31 ខែមករា ឆ្នាំ2014
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
លោក Patrice Tirolien សមាជិកសភាអឺរ៉ុប ដាក់សម្ពាធរដ្ឋាភិបាលកម្ពុជា ស៊ើបរឿងក្រុមហ៊ុនលី យ៉ុងផាត់ រំលោភដីពលរដ្ឋ (រូបភាពពី s1.dmcdn.net)
សមាជិកសភាអឺរ៉ុប១រូប នឹងជំរុញទៅថ្នាក់ដឹកនាំសហភាពអឺរ៉ុប(EU)ទាំងមូល ឲ្យដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជា ទទួលយកការស៊ើបអង្កេតករណីជម្លោះដីធ្លីរវាងប្រជាពលរដ្ឋក្នុងខេត្តចំនួន៣ និងក្រុមហ៊ុនស្ករអំពៅ របស់ឧកញ្ញា លី យ៉ុងផាត់។
ការជំរុញនេះ ធ្វើឡើងបន្ទាប់ពីលោក Patrice Tirolien តំណាងរាស្ត្រសភាសហភាពអឺរ៉ុប និងជាសមាជិកគណបក្សសង្គមនិយម និងលទ្ធិប្រជាធិបតេយ្យ បានធ្វើទស្សនកិច្ចនៅខេត្តឧត្តរមានជ័យ និងកំពង់ស្ពឺ ហើយរកឃើញថា ក្រុមហ៊ុនស្ករអំពៅ ឧកញ្ញា លី យ៉ុងផាត់ ដែលទទួលបានដីសម្បទានពីរដ្ឋាភិបាល បានរំលោភយកដីរបស់ប្រជាពលរដ្ឋ ផ្តល់ព័ត៌មានក្លែងក្លាយ និងរំលោភពលកម្មកុមារ ហើយថែមទាំងទម្លាក់ការទទួលខុសត្រូវទាំងស្រុងទៅលើរដ្ឋាភិបាល។
ក្នុងសន្និសីទសារព័ត៌មាន ស្តីពី យុទ្ធនាការលុបបំបាត់ស្ករប្រឡាក់ឈាម នៅថ្ងៃសុក្រនេះ លោក Patrice Tirolien មានប្រសាសន៍ថា លោកនឹងធ្វើរបាយការណ៍ពាក់ព័ន្ធនឹងករណីនេះ ទៅសភាអឺរ៉ុប និងជំរុញឲ្យសភាមួយនេះ បង្កើតក្រុមស៊ើបអង្កេតមួយ បញ្ជូនមកកាន់កម្ពុជា ហើយសហការជាមួយរដ្ឋាភិបាលកម្ពុជា ដើម្បីស្វែងរកការពិត។ លោកជឿជាក់ថា សហគមន៍អឺរ៉ុប អាចមានលទ្ធភាពបញ្ចុះបញ្ចូលឲ្យរដ្ឋាភិបាលកម្ពុជា ឲ្យទទួលយកក្រុមការងារស៊ើបអង្កេតនេះ ដោយសារសហគមន៍អឺរ៉ុប គឺជាទីផ្សារដ៏ធំរបស់ក្រុមហ៊ុនសម្បទានទាំងនោះ «ខ្ញុំសូមបញ្ជាក់ម្តងទៀត ការបញ្ជូនក្រុមស៊ើបអង្កេតមកកម្ពុជា គឺនឹងអាចធ្វើទៅបានលុះណាតែមានការយល់ព្រម សហការប្រតិបត្តិការរបស់រដ្ឋាភិបាលកម្ពុជា តាមរយៈក្រុមហ៊ុនសម្បទាន បាននាំចូលនូវផលិតផលជាច្រើនក្នុងសហគមន៍អឺរ៉ុប អញ្ចឹងហើយ សហគមន៍អឺរ៉ុប អាចនឹងមានអំណាច (បង្ខំ) ឲ្យរដ្ឋាភិបាលកម្ពុជា ទទួលយកការស៊ើបអង្កេតរបស់សហគមន៍អឺរ៉ុប»។
ទន្ទឹមនឹងនេះ លោកនឹងជួបអធិការសហគមន៍អឺរ៉ុបទទួលបន្ទុកផ្នែកជំនួយ និងសមាជិកសភាអឺរ៉ុបទទួលបន្ទុកសិទ្ធិមនុស្ស ដើម្បីដាក់សម្ពាធឲ្យរដ្ឋាភិបាលកម្ពុជា ចាត់វិធានការលើបញ្ហាសម្បទានដីសេដ្ឋកិច្ច ដែលប៉ះពាល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋតាមមូលដ្ឋាន។
ក្នុងសន្និសីទនេះ តំណាងប្រជាសហគមន៍មកពីខេត្តឧត្តរមានជ័យ ខេត្តកំពង់ស្ពឺ និងខេត្តកោះកុង ឲ្យដឹងថា ពួកគេរងនូវផលប៉ះពាល់ និងទុក្ខលំបាកជាច្រើនដោយសារទំនាស់ដីធ្លី និងការបណ្តេញចេញ បន្ទាប់ពីក្រុមហ៊ុនកសិឧស្សាហកម្មស្ករអំពៅ លី យ៉ុងផាត់ ដែលទទួលបានដីសម្បទានពីរដ្ឋាភិបាល រំលោភយកដីធ្លីរបស់ពួកគេ បែរជាទទួលបានផលប្រយោជន៍ពីគោលនយោបាយពាណិជ្ជកម្មរបស់សហគមន៍អឺរ៉ុបលើកលែងពន្ធ ហើយផលចំណេញមិនបានដល់ពលរដ្ឋទៅវិញ។
វីអូឌី មិនអាចសុំការអត្ថាធិប្បាយជុំវិញករណីនេះ ពីលោកឧកញ្ញា លី យ៉ុងផាត់ ប្រធានក្រុមហ៊ុនកសិឧស្សាហកម្មស្ករអំពៅ បានទេ នៅរសៀលថ្ងៃសុក្រនេះ។
ចំណែកអ្នកនាំពាក្យអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រី លោក ទិត សុធា មានប្រសាសន៍ថា ជម្លោះដីធ្លីរវាងពលរដ្ឋ និងក្រុមហ៊ុន លី យ៉ុងផាត់ គឺបានដំណើរក្នុងប្រព័ន្ធតុលាការ និងដោះស្រាយរួចខ្លះទៅហើយ ករណីនេះ លោកយល់ថា រដ្ឋាភិបាល មិនគួរលូកដៃនោះទេ «ជុំវិញទំនាស់ដីធ្លី ដែលបានកើតឡើងកន្លងមក ជាពិសេសរឿង ឧកញ្ញា លី យ៉ុងផាត់នេះ គឺមានការស្រាវជ្រាវ ប្រមូលភស្តុតាងជាច្រើននៃពាក្យបណ្តឹង និងមានការដោះស្រាយហើយដែរ ខ្ញុំយល់ថា នីតិវិធីបន្តទៀត យើងទុកឲ្យប្រព័ន្ធច្បាប់ (ប្រព័ន្ធតុលាការ) ទៅ បើសិនជាគេយល់ថា មានកំហុសមែននោះ គឺដោះស្រាយតាមប្រព័ន្ធច្បាប់នោះ»។
ក្នុងដំណើរទស្សនកិច្ចនេះ សមាជិកសភាសហភាពអ៊ឺរ៉ុបរូបនេះ បានជួបពិភាក្សាជាមួយតំណាងក្រុមហ៊ុនលីយ៉ុងផាត់ តំណាងអង្គការសង្គមស៊ីវិល បេសកជនសហគមន៍អឺរ៉ុបប្រចាំកម្ពុជា និងសមាជិកគណបក្សសង្គ្រោះជាតិ តែលោកមិនបានជួបពិភាក្សាដោយផ្ទាល់ជាមួយមន្ត្រីរដ្ឋាភិបាលនោះទេ ដោយសារ ការស្នើសុំមិនមានការឆ្លើយតប។
កាលពីចុងឆ្នាំ២០១២ សភាសហភាពអឺរ៉ុបបានអនុម័តសេចក្ដីសម្រេចមួយ អំពាវនាវឲ្យគណៈកម្មាធិការសហភាពអឺរ៉ុប ធ្វើការស៊ើបអង្កេតករណីរំលោភសិទ្ធិមនុស្សនៅកម្ពុជា ដែលកាន់តែរីកធំឡើងៗ ដោយការបណ្ដេញប្រជាពលរដ្ឋចេញពីលំនៅដ្ឋាន ពីសំណាក់ក្រុមហ៊ុនអភិវឌ្ឍន៍កសិឧស្សាហកម្ម ដែលនាំទំនិញកសិកម្មទៅសហភាពអឺរ៉ុប៕
សូមសរសេរមកកាន់ លោក តាំង វីដា តាមរយៈ vida@vodhotnews.com