​តុលាការ​ខេត្ដ​ព្រះវិហារ កោះ​សកម្មជន​ដីធ្លី​ជាង​១០​នាក់​ទៅ​បំភ្លឺ តាម​បណ្ដឹង​ក្រុមហ៊ុន​ម៉ាឡេស៊ី​

ដោយ៖​ បូ សាវី​
ថ្ងៃសុក្រ ទី31 ខែមករា ឆ្នាំ2014
http://vodhotnews.com

ក្រុម​សកម្មជន​ដីធ្លី​នៃ​សហគមន៍​ខ្លា​បក់​ចំនួន​១២​រូប នៅ​ស្រុក​គូ​លេន ខេត្ដ​ព្រះវិហារ ត្រូវបានតុលាការ​ខេត្ដ​នេះ ចេញ​ដីកាកោះឲ្យចូល​បំភ្លឺ នៅ​ថ្ងៃ​ទី​៣​ ខែ​កុម្ភៈ​ខាង​មុខ ពីបទធ្វើឲ្យ​ខូចខាត​ដោយ​ចេតនា ដោយ​ស្ថាន​ទម្ងន់ទោស តាម​បណ្ដឹង​ក្រុមហ៊ុន មួយ​ឈ្មោះ ភី អេស ម៉ាឡេស៊ី នៅ​ឃុំ​ស្រ​យ៉ង់​។​

​អនុប្រធាន​សហគមន៍​ដីធ្លី​ខ្លា​បក់ នៅ​ឃុំ​ស្រ​យ៉ង់ ស្រុក​គូ​លេន លោក សែម ឡំ ប្រាប់​VOD​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ថា តំណាង​អយ្យការ អម​សាលាដំបូង ខេត្ដ​ព្រះវិហារ លោក សោ សាវុធ បាន​ចេញ​ដីកា​កោះហៅ​សកម្មជន​ដីធ្លី​ចំនួន​១២​រូប ឲ្យទៅ​បំភ្លឺ​នៅ​ថ្ងៃទី​៣​ខែ​កុម្ភៈ តាម​បណ្ដឹង​ក្រុមហ៊ុន​អេស​ភី​ម៉ាឡេស៊ី ពី​បទ​ធ្វើឲ្យ​ខូចខាត​ដោយ​ចេតនា ករណី​ពលរដ្ឋ​បំផ្លាញរ​បាំងបិទ​ផ្លូវ​មិន​ឲ្យ​ពួកគាត់​ឆ្លងកាត់​។ លោក​បន្ដថា ការចេញ​ដីកា​កោះហៅ​នេះ​ មិន​មាន​ភាព​យុត្ដិធម៌​ឡើយ ព្រោះ​ក្រុមហ៊ុន​ទៅវិញ​ទេ ជា​អ្នករំលោភ​យក​ដី និង​បិទផ្លូវ​ពលរដ្ឋ​មិន​ឲ្យ​ឆ្លងកាត់​ទៅ​ស្រែ​ចំការ​ពួកគេ។

​សកម្មជន​ដីធ្លី​ដែល​តុលាការ​កោះ លោក សុ​ត សៀត ឲ្យដឹងថា លោក​នឹង​ទៅ​បំភ្លឺ​តាម​ការ​កោះ​របស់​តុលាការ ដោយ​មិន​មាន​ការព្រួយបារម្ភ​អ្វី​ឡើយ​។ លោក​បន្ដថា អាជ្ញាធរ ធ្លាប់​បាន​សម្រួល​ឲ្យ​បើក​ផ្លូវដើរ​ធម្មតា​វិញ ប៉ុន្ដែ​ក្រុមហ៊ុន​នៅ​តែ​ដាក់​បារាស់​រាំងផ្លូវ​ ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​ដដែល​។

VOD​ មិនអាច​ទាក់ទង ចៅក្រម​ស៊ើបសួរ តុលាការ​ខេត្ដ​ព្រះវិហារ លោក សោ សាវុធ បានទេ ដោយ​ទូរស័ព្ទ​ចូល​ច្រើនដង ប៉ុន្តែ​មិន​មាន​អ្នកទទួល​។​

​អ្នកសម្របសម្រួល សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ប្រចាំ​ខេត្ដ​ព្រះវិហារ លោក ឡោ ចាន់ ​មានប្រសាសន៍​កត់សម្គាល់​ថា  សកម្មជន​ដីធ្លី​ជាច្រើន​សហគមន៍​នៅ​ខេត្ដ​ព្រះវិហារ ត្រូវ​តុលាការ​កោះហៅ​ជា​បន្ដបន្ទាប់ ដែល​លោក​យល់ថា ករណីនេះ​ជា​ការគំរាមកំហែង​ដល់​ប្រជាពលរដ្ឋ ដែល​ហ៊ាន​ចេញមុខ​ប្រឆាំង​ការរំលោភ​យក​ដី ពី​សំណាក់​ក្រុមហ៊ុន​នានា​នៅ​ខេត្ដ​នេះ​។ លោក​បន្ដថា អាដហុក កំពុង​រៀបចំ​មេធាវី ដើម្បី​ជួយ​សកម្មជន​សហគម​ន៍​ដីធ្លី​ទាំងនោះ​រួចរាល់​ហើយ​។

កាលពី​ចុងឆ្នាំ​២០១៣ សកម្មជន​ដីធ្លី​ប្រមាណ​ជាង​១៦​នាក់​នៅ​សហគមន៍​ខ្លា​បក់ ឃុំ​ស្រ​យ៉ង់ បាន​ដុត​បំផ្លាញ​កុងត្រូល​របស់​ក្រុមហ៊ុន​អេស​ភី​ម៉ាឡេស៊ី​ចោល ដោយសារ​ក្រុមហ៊ុន​នោះ ធ្វើ​ផ្លូវ​ថ្មី​លើ​ផ្លូវ​ចាស់​ដែល​ធ្លាប់​មាន​តាំងពី​បុរាណ​កមក មិន​ឲ្យ​ពួកគាត់​ឆ្លងកាត់៕

សូមសរសេរមកលោក  បូ សាវី តាមរយៈ savy@vodhotnews.com

What Next?

Recent Articles