>ដោយ៖ ជន ស្រីណុច
ថ្ងៃសុក្រ ទី31 ខែមករា ឆ្នាំ2014
http://vodhotnews.com
អង្គការសង្គមស៊ីវិល និងបក្សប្រឆាំង លើកឡើងថា ការបង្កើតគណៈកម្មាការកែទម្រង់ការបោះឆ្នោត ដែលរៀបចំឡើងដោយបក្សកាន់អំណាច នឹងមិនមានប្រសិទ្ធភាព ប្រសិនបើការបង្កើតក្រុមការងារនេះធ្វើឡើងដោយឯកបក្សនោះ។
សេចក្តីសម្រេចរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះផ្សាយនៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៣ បានតែងតាំងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ជាប្រធានគណៈកម្មការសិក្សាស្រាវជ្រាវការកែទម្រង់ការបោះឆ្នោត។
នាយកប្រតិបត្តិគណៈកម្មការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្វ្រែល លោក គល់ បញ្ញា មានប្រសាសន៍ថា ការបង្កើតក្រុមការងារសិក្សាពីការបោះឆ្នោត របស់គណបក្សប្រជាជនកម្ពុជា មិនមែនជាយន្តការរួមមួយសម្រាប់ដោះស្រាយទេ ដោយបក្សនេះ គ្រាន់តែអញ្ជើញសង្គមស៊ីវិល ឬបក្សប្រឆាំងឲ្យចូលរួមក្នុងសិក្ខាសិលា និងដាក់យោបល់តែប៉ុណ្ណោះ គឺមិនអាចចូលរួមសម្រេចបានទេ។ លោកបន្តថា ការដែលគណបក្សប្រជាជនកម្ពុជាធ្វើបែបនេះ គឺគ្រាន់តែឲ្យល្អមើលប៉ុណ្ណោះ តែមិនអាចមានប្រសិទ្ធភាពឡើយ។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ មានប្រសាសន៍ថា ការបង្កើតគណៈកម្មការនេះមិនមានអ្វីចម្លែកនោះទេ គឺគ្រាន់តែធ្វើបំភាន់ភ្នែកប្រជាពលរដ្ឋ ឬអន្តរជាតិតែប៉ុណ្ណោះ។ លោកបន្តថា ការបង្កើតនេះគឺមិនមានប្រយោជន៍ទេ ព្រោះគណបក្សប្រជាជនកម្ពុជា បានធ្វើកិច្ចការនេះតាំងតែពីដើម ធ្វើដោយមិនត្រូវការមតិយោបល់ពីសាធារណៈជន ឬបក្សប្រឆាំង បើទោះបីជាការដំណើរការមានវិបត្តិក៏បក្សនេះនៅតែធ្វើដែរ។
VOD មិនអាចទាក់ទង លោក ស ខេង ដែលត្រូវបានតែងតាំង ប្រធានគណៈកម្មការសិក្សាស្រាវជ្រាវការកែទម្រង់ការបោះឆ្នោតបានទេ។ សមាសភាពនៃគណៈកម្មការនេះ មាន១០រូប ក្នុងនោះ៧រូបមកពីក្រសួងមហាផ្ទៃ ដែលដឹកនាំដោយលោក ស ខេង ជាប្រធាន មួយរូបមកពីក្រសួងពាណិជ្ជកម្ម មួយរូបមកពីក្រសួងយុត្តិធម៌ និងមួយរូបទៀតជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស ដែលជាអនុប្រធានគណៈកម្មការ៕
សូមសរសេរមកកាន់កញ្ញា ជន ស្រីណុច តាមរយៈ chornsreynoch@vodhotnews.com