សមាជិក​សភា​អឺរ៉ុប​បញ្ចប់​ការ​ស៊ើប​អង្កេត​លើ​បញ្ហា​ឧស្សាហកម្ម​ស្ករ​អំពៅ​នៅ​កម្ពុជា

សមាជិក​សភា​សហភាព​អឺរ៉ុប មួយ​រូប បាន​បញ្ចប់​ការ​ស៊ើប​អង្កេត​លើ​ជម្លោះ​ដី​ធ្លី និង​ការ​រំលោភ​សិទ្ធិ​មនុស្ស រវាង​ក្រុមហ៊ុន​អភិវឌ្ឍន៍​ដី​សម្បទាន​សេដ្ឋកិច្ច​ដាំ​អំពៅ នៅ​ថ្ងៃ​ទី​៣១ មករា។ សមាជិក​សភា​រូប​នោះ​នឹង​រៀប​ចំ​របាយការណ៍​ដាក់​ជូន​ទៅ​ឧត្ដមស្នងការ​ខាង​ពាណិជ្ជកម្ម របស់​សហភាព​អឺរ៉ុប ដើម្បី​ត្រួត​ពិនិត្យ​ឡើង​វិញ​ចំពោះ​ការ​បញ្ជា​ទិញ​ស្ករស ក្រោម​គោល​នយោបាយ​អនុគ្រោះ​ពន្ធ​គយ សម្រាប់​ករណី​ប្រទេស​កម្ពុជា។

ដោយ អាន ស៊ីថាវ
2014-02-01
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

ផែតទ្រីស ទីរ៉ូលែន (Patrice Tirolien) ៦១០
សមាជិក​សភា​សហភាព​អឺរ៉ុប និង​សមាជិក​គណៈកម្មការ​ផ្នែក​អភិវឌ្ឍន៍ លោក ផែតទ្រីស ទីរ៉ូលែន (Patrice Tirolien) ថ្លែង​ប្រាប់​អ្នក​កាសែត កាល​ពី​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០១៤។ RFA/An Sithav

សមាជិក​សភា​សហភាព​អឺរ៉ុប និង​សមាជិក​គណៈកម្មការ​ផ្នែក​អភិវឌ្ឍន៍ លោក ផែតទ្រីស ទីរ៉ូលែន (Patrice Tirolien) មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៣១ មករា ថា លោក​បាន​ចំណាយ​ពេល​មួយ​សប្ដាហ៍​ចុះ​ជួប​ជា​មួយ​ប្រជាពលរដ្ឋ​រងគ្រោះ ដែល​រង​ផល​ប៉ះពាល់​ពី​ក្រុមហ៊ុន​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ដាំ​ដំណាំ​អំពៅ នៅ​ក្នុង​ខេត្ត​ចំនួន​បី គឺ​ខេត្ត​ឧត្ដរមានជ័យ កំពង់ស្ពឺ និង​ខេត្ត​កោះកុង។

លទ្ធផល​ស៊ើប​អង្កេត​លើ​ដំណើរ​ការ​ផលិត​ស្ករស​របស់​ក្រុមហ៊ុន​ឯកជន​ទាំង​នោះ បាន​បង្ហាញ​ថា មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស និង​ការ​ប្រើប្រាស់​កម្លាំង​ពលកម្ម​កុមារ​លើ​កសិឧស្សាហកម្ម​ស្ករ​អំពៅ នៅ​ក្នុង​ខេត្ត​ទាំង​បី​នោះ។ ក្រុមហ៊ុន​ដែល​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ច្រើន​ជាង​គេ​លើ​ការ​អភិវឌ្ឍ​ដំណាំ​ស្ករ​អំពៅ គឺ​គ្រប់គ្រង​ដោយ​លោក​ឧកញ៉ា លី យ៉ុងផាត់។

លោក ផែតទ្រីស ទីរ៉ូលែន បញ្ជាក់​ថា ក្រុមហ៊ុន​ឯកជន​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​នោះ គឺ​មាន​បរិមាណ​ច្រើន​ហួស​ពី​ច្បាប់​កំណត់ ហើយ​ការ​អភិវឌ្ឍ​ក៏​បាន​ប៉ះពាល់​ដល់​ដី​របស់​សហគមន៍ និង​ដី​ស្រែ​បង្ក​បង្កើន​ផល​របស់​ប្រជាពលរដ្ឋ​មូលដ្ឋាន។ លោក​បន្ថែម​ទៀត​ថា ទស្សនកិច្ច​នេះ​មិន​មែន​ជ្រៀតជ្រែក​លើ​បញ្ហា​នយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា នោះ​ទេ គឺ​មក​ដោះស្រាយ​បញ្ហា​ទាំង​ឡាយ ទាក់ទង​នឹង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​បញ្ហា​សិទ្ធិ​មនុស្ស៖ «បេសកកម្ម​របស់​យើង គឺ​មក​ដើម្បី​ប្រមូល​នូវ​ភស្តុតាង និង​ព័ត៌មាន​ទាំងអស់ យក​មក​ដោះស្រាយ​រវាង​ប្រជាពលរដ្ឋ និង​ក្រុមហ៊ុន​ផលិត​ស្ករ​អំពៅ ដែល​កំពុង​កើន​ឡើង​នៅ​ប្រទេស​កម្ពុជា»

លោក ផែតទ្រីស ទីឡូលែន មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា លោក​នឹង​រៀប​ចំ​របាយការណ៍​ស៊ើប​អង្កេត​ទៅ​ឧត្ដមស្នងការ​ពាណិជ្ជកម្ម​របស់​សហភាព​អឺរ៉ុប ឲ្យ​ពិនិត្យ​ឡើង​វិញ​លើ​ការ​អនុគ្រោះ​ពន្ធ​គយ រួម​ទាំង​ដាក់​សម្ពាធ​ឲ្យ​ក្រុមហ៊ុន​ផលិត​ស្ករស​នៅ​កម្ពុជា មាន​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​ផល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ និង​ផ្ដល់​សំណង​សមរម្យ​ដល់​អ្នក​រងគ្រោះ។

ដី​អភិវឌ្ឍន៍​ដាំ​អំពៅ​នៅ​ក្នុង​ខេត្ត​ទាំង​បី​នេះ បាន​ប៉ះពាល់​ដី​ប្រជាពលរដ្ឋ​រាប់​រយ​ហិកតារ។

ប្រជាពលរដ្ឋ​រង​គ្រោះ​ម្នាក់​មក​ពី​ខេត្ត​កោះកុង លោក យិន ជាវ បាន​ឲ្យ​ដឹង​ថា ទស្សនកិច្ច​របស់​សមាជិក​សភា​របស់​សហភាព​អឺរ៉ុប នេះ ពិត​ជា​អាច​ជួយ​រក​ដំណោះស្រាយ​ជម្លោះ​ដី​ធ្លី​របស់​គាត់​បាន។ លោក​ចង់​ឲ្យ​សហភាព​អឺរ៉ុប រឹត​បន្តឹង​ការ​ទិញ​ស្ករស​ពី​ក្រុមហ៊ុន​ណា​ដែល​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស ឬ​ការ​អភិវឌ្ឍ​នោះ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដី​ស្រែ​ចម្ការ​របស់​ប្រជាពលរដ្ឋ៖ «គឺ​ខ្ញុំ​យល់​ថា ការ​អភិវឌ្ឍ គឺ​ល្អ​មែន ប៉ុន្តែ​រដ្ឋាភិបាល ឬ​ក៏​ក្រុមហ៊ុន​ហ្នឹង អភិវឌ្ឍ​តែ​ដី​សម្បទាន កុំ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដី​ប្រជាពលរដ្ឋ គឺ​ថា អភិវឌ្ឍ​រីក​ចម្រើន មិន​ថា​តំបន់​ណា​នោះ​ទេ កុំ​ឲ្យ​ប៉ះពាល់​ដល់​ដី​ប្រជាពលរដ្ឋ។ អភិវឌ្ឍ​មាន​ការ​ប៉ះពាល់​ដល់​ដី​ប្រជាពលរដ្ឋ គឺ​មាន​ការ​រីក​ចម្រើន​នោះ​ទេ»

ចំណែក​អ្នក​រងគ្រោះ​ម្នាក់​ទៀត​មក​ពី​ខេត្ត​ឧត្ដរមានជ័យ អ្នកស្រី ហួយ ម៉ៃ បាន​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា គាត់​បាន​បាត់​បង់​ដី​ស្រែ​ប្រមាណ ២០​ហិកតារ​ពី​គម្រោង​អភិវឌ្ឍន៍​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​រាជ​រដ្ឋាភិបាល ដែល​ផ្ដល់​ឲ្យ​ក្រុមហ៊ុន​ឯកជន​ដាំ​អំពៅ​របស់​លោក​ឧកញ៉ា លី យ៉ុងផាត់។ អ្នកស្រី​បាន​ដាក់​ញត្តិ និង​ស្នើ​អ្នក​ពាក់ព័ន្ធ​ទាំងអស់​នៅ​ប្រទេស​កម្ពុជា ប៉ុន្តែ​នៅ​មិន​ទាន់​រក​ដំណោះស្រាយ​បាន​នៅ​ឡើយ។ ហើយ​អ្វី​ដែល​អ្នកស្រី​ទទួល​បាន​ពី​ការ​ទាមទារ​រក​ដំណោះស្រាយ​កន្លង​មក គឺ​ការ​គំរាម​កំហែង និង​ការ​ចាប់​ចង​ដាក់​ក្នុង​ពន្ធនាគារ។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​ក្រុមហ៊ុន​ស្ករ​អំពៅ​របស់​លោក​ឧកញ៉ា លី យ៉ុងផាត់ បាន​ទេ នៅ​ថ្ងៃ​ទី​៣១ មករា។ ទោះ​ជា​យ៉ាង​ណា សមាជិក​សភា​របស់​សហភាព​អឺរ៉ុប លោក ផែតទ្រីស ទីរ៉ូលែន ដែល​បាន​ជួប និង​សួរ​តំណាង​ក្រុមហ៊ុន​ស្ករ​អំពៅ អំពី​ដំណោះស្រាយ និង​ការ​ផ្ដល់​សំណង ប៉ុន្តែ​ក្រុមហ៊ុន​បាន​ឆ្លើយ​ថា មិន​ទទួល​ខុស​ត្រូវ​អ្វី​ទាំងអស់​ក្រៅ​ពី​ការ​បង្កើត​ការងារ​សម្រាប់​ប្រជាពលរដ្ឋ។

សមាជិក​សភា​សហភាព​អឺរ៉ុប លោក ផែតទ្រីស ទីរ៉ូលែន បាន​អញ្ជើញ​មក​កម្ពុជា ចាប់​តាំង​ពី​ថ្ងៃ​ទី​២៨ ដល់​ថ្ងៃ​ទី​៣១ មករា។ ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ ក៏​មាន​អ្នក​សារព័ត៌មាន​របស់​សហភាព​អឺរ៉ុប ចូល​រួម​ដែរ ដើម្បី​មក​ស៊ើប​អង្កេត និង​រាយការណ៍​អំពី​ផល​ប៉ះពាល់​លើ​ដំណើរ​ការ​អភិវឌ្ឍ​ស្ករ​អំពៅ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

4 Responses to "សមាជិក​សភា​អឺរ៉ុប​បញ្ចប់​ការ​ស៊ើប​អង្កេត​លើ​បញ្ហា​ឧស្សាហកម្ម​ស្ករ​អំពៅ​នៅ​កម្ពុជា"

  1. ង្វៀង ធីទ័រ says:

    សូមអោយសភាអឺរ៉ុប ផ្អាកការទិញស្ករសពីកម្ពុជា លុះណាតែអោយរដ្ឋាភិបាលសើុបអង្កេតុរកឃាតករបាញ់សំលាប់កម្មករអោយឃើញសិន!

  2. Banh Bev says:

    ខ្មាស់គេណាស់លោកអើយ មិនដកពួករលួយដល់ឆ្អឹងចាោលទេ ទុក្សធ្វើអ្វីនាំខូចបក្ស!!! បក្សមានមនុស្សល្អច្រើន តែមិនយកមកប្រើ ព្រោះគេគ្មានលុយសូក!!!

  3. ប្រវត្តិសាស្ត្រ says:

    > . ខ្មែរ ធ្វើបាបខ្មែរ , ខ្មែរ កេងប្រវ័ញខ្មែរ , ខ្មែរ សម្លាប់ខ្មែរ ដើម្បី បំរើ យួន !

    >. មានតែ សហគមន៍អន្តរជាតិ ដែលជួយ ប្រជាពលរដ្ឋខ្មែរ !

    >. ប្រទេសខ្មែរ យើង បើគ្មាន សហគមន៍អន្តរជាតិ . អង្គការសហប្រជាជាតិ . អង្គការសិទ្ធិមនុស្ស

    អន្តរជាតិ ជួយ ការពារ ទប់ស្កាត់ , ប្រហែលពួក​ អាក្បត់ ហ៊ុន សែន សម្លាប់ប្រជាពលរដ្ឋខ្មែរ

    យ៉ាងរង្គាល ដូចរបប ខ្មោច ប៉ុល ពត បាត់ទៅហើយ !

  4. 18 Mars says:

    Banh Bev
    February 2, 2014 at 8:12 am
    —————————————————————————-
    ឯកភាពនឹងគំនិតត្រឹមត្រូវ…..នៅក្នុងគណៈបក្សប្រជាជនមិនខ្វះអ្នកស្រឡាញ់ជាតិទេតែមិនអាចទៅរួច.. មិនខ្វះអ្នកមានមានសមត្ថភាពនិងមនសិការជាតិទេ…តែគ្នាទៅមិនរួចនឹងតម្លៃនៃតំណែងនិមួយៗ….ឯអាអ្នកទៅរួច៩៩ភាគរយគឺគេមានលុយនិងជាខ្សែរបស់គេ………….អីចឹងទេគឺថាវាអីចឹងទៅ…រហូតដល់ ឥឡូវប្រជាពលរដ្ឋដកសេចក្តីទុកចិត្តជាងពាក់កណ្តាលប្រទេសទៅហើយរួមទាំងកូនចៅចាស់ជាមន្រ្តី រាជការផង……នេះជាកំហុសអ្នកណាឬអាណា?