ដោយ៖ ណាត សុភាព
ថ្ងៃសៅរ៍ ទី1 ខែកុម្ភៈ ឆ្នាំ2014
http://vodhotnews.com
រដ្ឋាភិបាលកម្ពុជា ជំរុញឲ្យស្ថាប័នពាក់ព័ន្ធរួមគ្នាថែរក្សា ការពារសម្បត្តិវប្បធម៌ជាតិ ដែលកើតចេញពីស្នាដៃរបស់បុព្វបុរសខ្មែរ សម្រាប់កូនចៅជំនាន់ក្រោយ ឲ្យបានឋិតថេរគង់វង្ស ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ប្រកបដោយសុខដុមភាព និងគ្មានការរើសអើង។
សារាចរណែនាំរបស់រដ្ឋាភិបាលចុះផ្សាយ កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៤ ស្តីពី ការរៀបចំទិវាវប្បធម៌ជាតិ ៣ មីនា លើកទី១៦ ឆ្នាំ២០១៤ ក្រោមប្រធានបទ “អ្វីៗទាំងអស់ដើម្បីសុខដុមភាពវប្បធម៌ជាតិ” គឺធ្វើឡើងដើម្បីរក្សាដួងព្រលឹង ជាអត្តសញ្ញាណប្រកប ដោយកិត្យានុភាពជាតិ ជាមរតកប្រកបដោយសក្តានុពលដ៏ធំធេងបំផុត ក្នុងការរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម និងធានាបាននូវសុខដុមភាព នៃពហុវប្បធម៌។
សារាចរណែនាំ ឲ្យដឹងទៀតថា គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី សហគ្រាសរដ្ឋ និងឯកជន ព្រមទាំងគ្រប់លំនៅឋាន ត្រូវលើកទង់ជាតិ ទង់ជ្វាលា បដាពាក្យស្លោក បិទផ្សាយតាមដងផ្លូវសាធារណៈ ទីលានសាធារណៈ អង្គភាព និងលំនៅឋានរបស់ខ្លួនឲ្យបានគ្រប់ៗគ្នា ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៤។
សារាចរណែនាំបន្តថា ដើម្បីឲ្យសម្បត្តិវប្បធម៌ជាតិគង់វង្ស និងសេដ្ឋកិច្ច-សង្គមរីកចំរើន ស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងព័ត៌មាន ត្រូវធ្វើការផ្សព្វផ្សាយតាមវិទ្យុ ទូរទស្សន៍ជាតិ និងឯកជន កាសែត ទស្សនាវដ្តី ដើម្បីបំផុសឲ្យសាធារណជនចូលរួមកាន់តែសកម្មថែមទៀត ក្នុងការថែរក្សា ការពារសម្បត្តិវប្បធម៌ លើកស្ទួយវប្បធម៌សង្គម ចេះរស់នៅជាមួយគ្នា ដោយមិនប្រកាន់និន្នាការវប្បធម៌ ស្របតាមប្រធានបទ “អ្វីៗទាំងអស់ ដើម្បីសុខដុមភាពវប្បធម៌ជាតិ” ផងដែរ៕
សរសេរមកកាន់លោក ណាត សុភាព sopheap@vodhotnews.com