សហព័ន្ធ​សហជីព​ចំនួន​៨ អំពាវនាវ​ឲ្យមាន​ការអន្តរាគមន៍ និង​ដោះស្រាយ​បញ្ហា​លើ​ការរំលោភ​សិទ្ធិមនុស្ស​​

ដោយ៖​ កាន់​​ វិច្ឆិកា​
ថ្ងៃចន្ទ ទី10 ខែកុម្ភៈ ឆ្នាំ2014
http://vodhotnews.com

​សហព័ន្ធ​សហជីព​ចំនួន​៨ រួម​គ្នា​អំពាវនាវ​ដល់​រាជរដ្ឋាភិបាល ស្ថាប័ន​ជាតិ អន្តរជាតិ និង​ស្ថានទូត​នានា  ជួយ​អន្តរាគមន៍ និង​ដោះស្រាយ​បញ្ហា​ដែល​កំពុង​កើតមាន​នៅ​កម្ពុជា ទាក់ទង​នឹង​ការរំលោភ​សិទ្ធិមនុស្ស​។​

យោង​តាម​ញត្តិ​ទាមទារ​ដែល​ធ្វើ​នៅ​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ ដោយ​សហព័ន្ធ​សហជីព​ចំនួន​៨ ដែល​តំណាង​ឲ្យ​សហព័ន្ធសហ​ជី​ព និង​កម្មករ​និយោជិត រួមមាន សហព័ន្ធ​សហជីព​ជាតិ​នៃ​ឧស្សហ​កម្ម​វាយ​ន​ភណ្ឌ​កាត់ដេរ​កម្ពុជា (NIFTUC) សម្ព័ន្ធ​សហជីព​ចលនា​កម្មករ (CUMW) សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា (C.CAWDU)  សហព័ន្ធ​សហជីព​មិត្តភាព​កម្មករ (WFUF) សហព័ន្ធ​សហជីព​យុវជន​ឯករាជ្យ (IDYTU) សម្ព័ន្ធ​សហជីព​ជាតិ (NTUC) សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា (FTUWKC) និង​សម្ព័ន្ធ​សហ​ជី​កម្ពុជា (CATU)​។

​នៅក្នុង​ញត្តិ​ទាមទារ​នោះ សហជីព​ទាំង​៨ បាន​អំពាវ​ដល់​រដ្ឋាភិបាល ស្ថាប័ន​ជាតិ អន្តរជាតិ និង​ស្ថានទូត​នានា ជួយ​អន្តរាគមន៍ និង​ដោះស្រាយ​បញ្ហា​មួយចំនួន​ដូចជា ទី​១.​សុំឲ្យ​ដោះលែង​ជនជាប់ចោ​ទទាំង​២៣​នាក់ និង​ទម្លាក់ចោល​រាល់​ការចោទប្រកាន់​ទាំងអស់ ទី​២.​សុំឲ្យ​មាន​ការចរចា​ឡើងវិញ​លើ​ប្រាក់​ឈ្នួល​គោល​១៦០​ដុល្លារ​ក្នុង​មួយខែ ទី​៣.​ត្រូវ​ដាក់ទោស​ដល់​ជនល្មើស​ដែល​បាន​ប្រើ​ហិង្សា​នៅ​មុខ​រោងចក្រ​យ៉ាក​ជី​ង និង​នៅ​ផ្លូវវេង​ស្រេង ព្រម​ទាំង​​ផ្តល់​សំណង​ជំងឺ​ចិត្ត​ដល់​ជនរងគ្រោះ ដែល​បាន​បាត់បង់​ជីវិត ជនរងគ្រោះ​ដែល​បាន​រងរបួស និង​ជនរងគ្រោះ​ដែល​កំពុង​ជាប់​ឃុំឃាំង ទី​៤.​រដ្ឋាភិបាល​​ត្រូវ​ដក​បម្រាម​នៃ​ការជួបជុំ​ជា​សាធារណៈ​របស់​ប្រជាពលរដ្ឋ​ចេញ​វិញ ទី​៥.​តំណាង​ក្រុមហ៊ុន​ទាំងអស់​ត្រូវ​ដក​បណ្តឹង​ដែល​ប្រឆាំង​សហជីព និង​​កម្មករ​និយោជិត ទី​៦.​សុំ​ទទួលយក​កម្មករ​ដែល​ត្រូវ​បញ្ឈប់​ពី​ការងារ​ឲ្យចូល​ធ្វើការ​វិញ ព្រមទាំង​ផ្តល់​ប្រាក់​រម្លឹក និង​អត្ថប្រយោជន៍​ផ្សេងៗ និង​ទី​៧.​ត្រូវ​ទូទាត់​ប្រាក់​ឈ្នួល និង​ប្រាក់រង្វាន់​ទៀងទាត់​ជូន​ដល់​កម្មករ ដែល​និយោជក​បាន​កាត់ ក្នុង​អំឡុងពេល​ធ្វើ​កូដកម្ម​។​

កន្លងមក មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ប្រមាណ​៥០​នាក់ តំណាង​ឲ្យ​ស្ថាប័ន​ចំនួន​១៩៧ បានដាក់​ញត្តិ​ទៅ​ស្ថានទូត​ចំនួន​៧ រួម​មាន​ស្ថានទូត សិង្ហ​បុរី មី​យ៉ាន់​ម៉ា ប្រ៊ុយណេ ឥណ្ឌូនេស៊ី វៀតណាម ហ្វីលីពីន ចិន និង​អង្គការ​សហប្រជាជាតិ ស្នើ​ឲ្យមាន​ការដោះលែង​អ្នក​ទាំង​២៣​នាក់ ដែល​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង ខេត្ត​កំពង់ចាម​។ ប៉ុន្តែ​រហូត​មកដល់ពេលនេះ មិនទាន់​មាន​ការអន្តរាគមន៍​ណាមួយ ដែល​អាច​ជំរុញ​ឲ្យមាន​ការដោះលែ​ង​អ្នក​ទាំង​២៣​នាក់ ដែល​អាជ្ញាធរ​បាន​ចាប់ខ្លួន ក្នុង​ហេតុការណ៍​ប៉ះទង្គិច កាលពី​ថ្ងៃ​ទី​០២​និង​ទី​០៣​ខែ​មករា នៅពេល​ដែល​កម្មករ​ត​វ៉ា​ទាមទារ​ដំឡើង​ប្រាក់ខែ​១៦០​ដុល្លារ​នៅ​រាជធានី​ភ្នំពេញ​នៅឡើយ​ទេ​៕

សរសេរមកកញ្ញា កាន់ វិច្ឆិកា​ តាមរយៈ vicheika@vodhotnews.com

What Next?

Recent Articles