រដ្ឋាភិបាល​កម្ពុជា នឹង​ផ្តល់​សំណង​ជូន​ដល់​ក្រុមគ្រួសារ ដែល​រងគ្រោះ​ដោយសារ​ដី​សម្បទាន​សម្រាប់​ស្ករអំពៅ​​

ដោយ៖​ ស៊ុន ណារិន​
ថ្ងៃអង្គារ ទី11 ខែកុម្ភៈ ឆ្នាំ2014
http://vodhotnews.com

​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា និង​ភាគី​ពាក់ព័ន្ធ កាលពី​ថ្ងៃ​ចន្ទ បាន​ជួបពិភាក្សា​ជាមួយ​តំណាង​សហភាព​អឺរ៉ុប ទៅលើ​បញ្ហា​ដី​សម្បទាន ដែល​ទាក់ទង​នឹង​ការដាំដុះ និង​ការ​ចម្រាញ់​ស្ករអំពៅ ដោយ​ឯកភាព​គ្នា​ក្នុង​ការសិក្សា ដើម្បី​ផ្តល់​សំណង​ដល់​ក្រុមគ្រួសារ ដែល​រងគ្រោះ​ដោយសារ​ដី​សម្បទាន​។​

​កិច្ចប្រជុំ​គណៈកម្មការ​ធិ​ការពិ​សេស​លើ​ក​ទី​ពីរ​នេះ ធ្វើឡើង​នៅ​ថ្ងៃទី​១០​ខែ​កុម្ភៈ ដោយ​មាន​ការចូលរួម​ពី លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​​ពាណិជ្ជកម្ម លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខ​ប្រមាញ់ និង​នេសាទ លោក សាយ សំ​អាល់  រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ឯក​អគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា និង​តំណាង​មកពី​ក្រសួងការបរទេស ក្រសួង​ដែនដី នគ​រូប​នី​កម្ម និង​សំណង់ អភិបាល និង​អភិ​បាល​រង ខេត្ត​កោះកុង កំពង់ស្ពឺ កំពង់ធំ ព្រះវិហារ ឧត្តរមានជ័យ ក្រចេះ និង​ក្រុមហ៊ុន​ចម្រាញ់​ស្ករអំពៅ​។​

​ក្រសួង​ពាណិជ្ជកម្ម​ឲ្យដឹងថា ការពិភាក្សា​នេះ បាន​លើក​ពី​បញ្ហា​នៃ​ក្រុម​គ្រួសារ ដែល​រង​ផលប៉ះពាល់​ដោយ​ដី​សម្បទាន ទាក់ទង​នឹង​ការ​ដាំដុះ និង​ការ​ចម្រាញ់​អំពៅ នៅតាម​បណ្តា​ខេត្ត​មួយចំនួន ដោយ​ភាគី​ប្តេជ្ញាចិត្ត​បន្ត​ធ្វើ​ការដោះស្រាយ​បញ្ហា​ទាំងនេះ ដោយ​មាន​ការ​យក​ចិត្ត​​ទុកដាក់​ខ្ពស់ ដើម្បី​តម្រូវ​ចិត្ត​ភាគី ដែល​ពាក់ព័ន្ធ​ទាំងអស់​។​

​គណៈកម្មាធិការ ក៏​បាន​យល់ព្រម​ជួប​ពិភាក្សា​គ្នា​ម្តង​ទៀត នៅ​ថ្ងៃ​ទី​០៥ ខែ​មិនា ឆ្នាំ​២០១៤ ដើម្បី​ពិនិត្យ​ឡើងវិញ​នូវ​ភាពលម្អៀង អំពី​ចំនួន​គ្រួសារ​​ដែល​រង​ផលប៉ះពាល់ ដែល​បាន​កំណត់​ដោយ​អាជ្ញាធរ​មូលដ្ឋាន​ជាមួយ​ក្រុម​គ្រួសារ ដែល​នឹង​ត្រូវបាន​ផ្តល់ជូន ដោយ​ឯក​អគ្គ​រដ្ឋ​ទូត​​សហភាព​អឺរ៉ុប​។ កិច្ចប្រជុំ​នេះ ក៏​បាន​យល់ស្រប​ផងដែរ​ថា ភាគី​ទី​បី អាច​នឹង​ត្រូវការ​ជា​ចាំបាច់ ដើម្បី​ជួយ​ក្នុង​ការវាយតម្លៃ នីតិវិធី ដែល​​បាន​ប្រើប្រាស់​កន្លងមក ដើម្បី​ទូទាត់​ជា​សំណង​ដល់​ក្រុមគ្រួសារ ដែល​រង​ផលប៉ះពាល់​។

​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា លោក Jean-Francois Cautain បាន​សម្តែង​ការកោតសរសើរ​ចំពោះ​ការផ្តួចផ្តើម និង​ឆន្ទៈ​នយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការដោះស្រាយ​បញ្ហា​របស់​ក្រុម​គ្រួសារ ដែល​រង​ផលប៉ះពាល់ ដោយ​ដី​សម្បទាន​ទាំងនេះ​។
​អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម លោក កែ​ន រដ្ឋា មានប្រសាសន៍ថា រដ្ឋាភិបាល មាន​ឆន្ទៈ​ក្នុង​ការដោះស្រាយ​ជូន​ប្រជាពលរដ្ឋ តាមរយៈ​ការសិក្សា​បន្ត​នៃ​ផល​ប៉ះពាល់ ដោយសារ​កន្លងមក របាយការណ៍​នៃ​ផល ប៉ះពាល់ មាន​ភាពខុសគ្នា​។​លោក​បន្តថា រដ្ឋាភិបាល នឹង​បង្កើត​ភាគី​ទី​បី ដើម្បី​ចូល​ទៅ​សិក្សា​ពី​ផល​ប៉ះ ពា​ល់​។

​នាយក​ប្រតិបត្តិ​អង្គការ​សមធម៌​កម្ពុជា លោក អៀង វុទ្ធី មានប្រសាសន៍ថា អ្នក​មាន​ជម្លោះ​ដីធ្លី​នៅ​ខេត្ត​កោះកុង មាន​ប្រមាណ​២០០​គ្រួសារ ឧត្តរ​មានជ័យ ៦០០​គ្រួសារ កំពង់ស្ពឺ ២០០​គ្រួសារ និង​ថ្មីៗ​នេះ សហគមន៍​មួយចំនួនទៀត ក៏​បាន​ស្នើសុំ​អន្តរាគមន៍​។​លោក​បន្តថា រដ្ឋា​ភិបាល គួរតែ​ផ្តល់​ដី​សមរម្យ​ជូន​ប្រជាពលរដ្ឋ ដែល​រង​ផលប៉ះពាល់​។

​កាល​ពី​ចុង​ខែ​មករា ឆ្នាំ​២០១៤ សមាជិក​សភា​អឺរ៉ុប​១​រូប បាន​ជំរុញ​ទៅ​ថ្នាក់ដឹកនាំ​សហភាព​អឺរ៉ុប​(EU)​ទាំងមូល ឲ្យ​ដាក់​សម្ពាធ​លើ​រដ្ឋា​ភិបាល​កម្ពុជា ទទួលយក​ការស៊ើបអង្កេត​ករណី​ជម្លោះ​ដីធ្លី​រវាង​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត ចំនួន​៣ និង​ក្រុមហ៊ុន​ស្ករ​អំពៅ របស់​ឧកញ្ញា លី យ៉ុង​ផាត់​។​

VOD មិនអាច​សុំ​ការ​អត្ថាធិប្បាយ​ជុំវិញ​ករណី​នេះ ពី​លោក​ឧកញ្ញា លី យ៉ុង​ផាត់ ប្រធាន​ក្រុមហ៊ុន​កសិឧស្សាហកម្ម​ស្ករ​អំពៅ បាន​នៅឡើយ​ទេ​នៅ​ថ្ងៃ​អង្គារ​នេះ​។​

​លោក អៀង វុទ្ធី ឲ្យដឹងថា ជម្លោះ​ដីធ្លី​នៅ​ខេត្ត​កោះកុង បាន​ចាប់ផ្តើម​តាំងពី​ឆ្នាំ​២០០៦ នៅលើ​ដី​ជាង​១​ពាន់​ហិកតា និង​ជម្លោះ​នៅ​ខេត្ត​កំពង់ស្ពឺ និង​ឧត្តរមានជ័យ កើតឡើង​ចាប់ពី​ឆ្នាំ​២០១០ លើ​ដី​ជាង​១​ពាន់​ហិកតា​៕

សរសេរ​មកកាន់ លោក ស៊ុន ណារិន តាមរយៈ​sun_narin@vodhotnews.com និង​កញ្ញា​ជន ស្រី​ណុ​ច តាមរយៈ chornsreynoch@vodhotnews.com

What Next?

Recent Articles

5 Responses to "រដ្ឋាភិបាល​កម្ពុជា នឹង​ផ្តល់​សំណង​ជូន​ដល់​ក្រុមគ្រួសារ ដែល​រងគ្រោះ​ដោយសារ​ដី​សម្បទាន​សម្រាប់​ស្ករអំពៅ​​"

  1. អបអរសារទរ! នេះជាជោគជ័យរបស់ប្រទេសកម្ពុជា ជោគជ័យទាំងរាជរដ្ឋាភិបាល និងជោគជ័យទាំងពលរដ្ឋ សង្ឃឹមថា គ្មានការរឹបអូសយកដីដោយបង្ខំទៀតទេ

  2. អបអរសារទរ! នេះជាជោគជ័យរបស់ប្រទេសកម្ពុជា ជោគជ័យទាំងរាជរដ្ឋាភិបាល និងជោគជ័យទាំងពលរដ្ឋ សង្ឃឹមថា គ្មានការរឹបអូសយកដីដោយបង្ខំទៀតទេ ហើយក៏សង្ឃឹមថា ពួកបក្សប្រឆាំង និងពួកប្រតិកិរិយា គ្មានអ្វីស្រែក គ្មានការងារធ្វើ

  3. កម្មករ កសិករ says:

    ខ្មែរ ក្បត់ ខ្មែរ , ខ្មែរ ធ្វើបាប ខ្មែរ , បើ កុំ តែមានសហគមន៍អន្តរជាតិ ជួយមិនដឹងជា ពួក

    ខ្មែរក្រហម ហ៊ុន សែន កូនចៅ ប៉ុល ពត វា ធ្វើបាប បាញ់សម្លាប់យ៉ាងរង្គាលទៀតហើយ !

  4. Chourn says:

    ទីបំផុតរដ្ឋាភិបាលខ្មែរអាម៉ាស់មុខក៍អាម៉ាស់សងសំណងដល់ប្រជាជនដែលរងផលប៉ះពាល់ក៍សង។ ក្រោយពេលសហភាពអឺរ៉ុបបានប្រកាសនិងលុបចោលការទិញស្ករឈាមពីក្រុមហ៊ុនស្ករអំពៅពី កម្ពុជាធ្វើឲ្យរដ្ឋាភិបាលខ្មែរនិងក្រុមហ៊ុនបានស្ទុះស្ទារបើកការចរចារផ្តល់សំណង ព្រោះបើសហភាព អឺរ៉ុបគេលែងទិញស្ករពីក្រុមហ៊ុនមួយនេះមិនដឹងថាផលិតស្ករយកទៅលក់នៅឯណានោះទេព្រោះ ជាស្ករឈាមផលិតចេញពីការរំលោភសិទ្ធមនុស្សដ៍ធ្ងន់ធ្ងរ។ យុត្តិធម៌ត្រូវតែមាននិងផ្តល់ដល់ជន រងគ្រោះ។

  5. Anonymous says:

    That is very good for HS governemt the most famous on the bad side.